សមាគមអ្នកផលិត និងនាំចេញអាហារសមុទ្រប្រទេសវៀតណាម បានឲ្យដឹងថា ជប៉ុនព្រមាននឹងបញ្ឈប់ការនាំចូលបង្គាពីប្រទេសវៀតណាម ហើយគ្រោងនឹងនាំចូលបង្គាពីប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ីវិញ ដោយសារតែបង្គាវៀតណាមមានសារធាតុ Oxytetracycline ខ្ពស់លើសកម្រិតនៅក្នុងបង្គាវៀតណាម ដែលត្រូវបាននាំចេញ ខណៈដែលការនាំចេញបង្គារបស់វៀតណាមចំនួន១១លើកទៅកាន់សហភាពអឺរ៉ុប និងប្រទេសជប៉ុនត្រូវបានបញ្ជូនត្រឡប់មកវិញក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ព្រោះបង្គាមានសារធាតុថ្នាំសម្លាប់មេរោគ Oxytetracycline ខ្ពស់លើសកម្រិតកំណត់ ។
សមាគមអ្នកផលិតនិងនាំចេញអាហារសមុទ្រប្រទេសវៀតណាម បានឲ្យដឹងដែរថា អ្នកនាំចូលរបស់ជប៉ុនកំពុងធ្វើការណែនាំដល់រោងចក្រធ្វើបង្គាក្នុងប្រទេសឥណ្ឌា ធ្វើបង្គាឲ្យបានល្អតាមស្តង់ដារកំណត់ ដោយជប៉ុនអាចនឹងផ្លាស់ប្តូរការបញ្ជាទិញបង្គាពីប្រទេសវៀតណាម ។ ដោយឡែក សហភាពអឺរ៉ុបនឹងពិចារណាចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀតទៅលើបង្គាវៀតណាម ប្រសិនបើវៀតណាមមិនដោះស្រាយបញ្ហានេះទេ ។
កាលពីដើមឆ្នាំ២០១៤នេះ សមាគមអ្នកផលិត និងនាំចេញអាហារសមុទ្រវៀតណាម បានព្យាករណ៍ទុកថា ការនាំចេញបង្គាអាចឈានដល់មានទំហំទឹកប្រាក់៣.០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៤ ក្នុងករណីបញ្ហាបង្កាត់ពូជនិងវត្តមានសារធាតុគីមីត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ៕