ប្រធានសហព័ន្ធសហជីពខ្មែរដែលគេស្គាល់ថាមានឈ្មោះ ជួន មុំថុល និងជាសហជីពដង្ហែគាំំទ្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយកដ្ឋមន្ត្រី ត្រូវបានតែងតាំងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤០៤ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ និងតែងតាំងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ដាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប) នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើអគ្គនាយក ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៤/១៩៦ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ទទួលបានងារ និងឋានៈជាឯកឧត្តមទល់បច្ចុប្បន្ន ។
ក្រៅពីមានតួនាទីជាប្រធានសហព័ន្ធសហជីពខ្មែរ និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី ព្រមទាំងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃ គ.ក.ប នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឯកឧត្តម វង សូត ជារដ្ឋមន្ត្រីនោះ ឯកឧត្តម ជួន មុំថុល ក៏មានមុខងារជាអនុប្រធានគណៈកម្មការប្រឹក្សាការងារ(LAC)ភាគីតំណាងកម្មករ និយោជិតផងដែរ ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ជួន មុំថុល ត្រូវបានតែងតាំងជាសមាជិក គ.ក.ប មានឯកឧត្តម អ៊ិត សំហេង ជាប្រធានថែមទៀត ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៥ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ដូច្នេះ ឯកឧត្តម ជួន មុំថុល មានតួនាទី និងមុខតំណែងយ៉ាងច្របូកច្របល់ក្នុងវិស័យការងារដូចតទៅ ៖ ១-ប្រធានសហព័ន្ធសហជីពខ្មែរ, ២-អនុប្រធានគណៈកម្មការប្រឹក្សាការងារ(LAC)ភាគីតំណាងកម្មករ និយោជិត, ៣-ទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ, ៤-អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃ គ.ក.ប នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើអគ្គនាយក និង៥-សមាជិក គ.ក.ប ដែលមជ្ឈដ្ឋានអ្នករិះគន់ហៅថា ជាគណៈកម្មការបង្ក្រាបកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និងគ្រប់ពេលវេលា ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកតាមដានវិស័យការងារនៅកម្ពុជា បានលើកឡើងថា លោក ជួន មុំថុល ជាមេសហជីពមួយតំណាងឲ្យផលប្រយោជន៍របស់កម្មករ និយោជិត ប៉ុន្តែមេសហជីពរូបនេះបែរជាទទួលតំណែងធ្វើជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាស្ថាប័នរាជរដ្ឋាភិបាល ធ្វើជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃ គ.ក.ប នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងធ្វើជាសមាជិក គ.ក.ប ដែលជារឿយៗគណៈកម្មការ គ.ក.ប តែងតែបង្ក្រាបទៅលើកម្មករ និយោជិតដែលធ្វើកូដកម្ម បាតុកម្ម ទាមទារលក្ខខណ្ឌការងារល្អប្រសើរទៅវិញ ។ មានន័យថា លោក ជួន មុំថុល ចាំបាច់តម្រូវឲ្យកម្មករ និយោជិត ជាសមាជិកសហជីពរបស់ខ្លួន ត្រូវតែគាំទ្ររាល់ការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងត្រូវតែគាំទ្ររាល់សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចមកលើកម្មករ និយោជិត ជាសមាជិកសហជីពរបស់ខ្លួន ក្នុងករណីមានការធ្វើកូដកម្ម បាតុកម្មផ្សេងៗ ។
ក្រុមអ្នកច្បាប់បានលើកឡើងទៀតថា ទាំងមន្ត្រីរាជការក្នុងសម័យគ្រប់គ្រងអំណាចដោយបុរសខ្លាំង ជានាយករដ្ឋមន្ត្រី តែងមានមុខងារ និងតំណែងត្រួតសំពីងសំពោង ទាំងមេសហជីពដែលដង្ហែគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល តួយ៉ាងដូចជាលោក ជួន មុំថុល ក៏មានតួនាទី និងមុខងារច្របូកច្របល់ក្នុងវិស័យការងារដែរ ៕