អតីតអគ្គនាយកក្រុមហ៊ុនទូរស័ព្ទកាំមីនថែល(Camintel) គឺលោក ឡាយ ម៉ារីវ៉ូ ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការសម្រាប់អាណត្តិទី៤ ជំនួសលោក កិម វិក្រា ដែលឡើងកាន់តំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា(T.C) សម្រាប់អាណត្តិទី៣ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៤/១៩៩ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ពោលគឺលោក ឡាយ ម៉ារីវ៉ូ ត្រូវទទួលបានងារ និងឋានៈជាឯកឧត្តម ។
លោក ឡាយ ម៉ារីវ៉ូ អតីអគ្គនាយករងរដ្ឋបាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំនាន់ឯកឧត្តម សូរ ឃុន ធ្វើជារដ្ឋមន្ត្រី ធ្លាប់ត្រូវបានតែងតាំងជាអគ្គនាយកក្រុមហ៊ុនទូរស័ព្ទ Camintel ដោយអនុក្រឹត្យលេខ៣៥៨អនក្រ.តត ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៦ ជំនួសលោក ញ៉ឹក កោសល្យវិទ្យា ដែលមកកាន់តំណែងជាអគ្គនាយកក្រុមហ៊ុនទូរស័ព្ទរដ្ឋទូរគមនាគមន៍កម្ពុជា (T.C) មុនពេលមកដល់វេនលោក ឡៅ សារឿន និងលោក កិម វិក្រា បានកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន T.C ។
ក្រុមហ៊ុនទូរស័ព្ទរដ្ឋឈ្មោះ ទូរគមនាគមន៍កម្ពុជា(T.C) ដែលជាសហគ្រាសសាធារណៈ ឋិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ០១អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៥ ធ្លាប់មានអគ្គនាយកគ្រប់គ្រងការងារចំនួន៤នាក់រួចមកហើយ គឺ ៖ ១-លោក ទូច ហេង (ជំនាន់រៀបចំបង្កើតឡើងដំបូង) ២-លោក ញ៉ឹក កោសល្យវិទ្យា (តែងតាំងដោយអនុក្រឹត្យលេខ២៩៨អនក្រ.តត ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦) ៣-លោក ឡៅ សារឿន អតីតអគ្គនាយករងទូរគមនាគមន៍កម្ពុជា (តែងតាំងដោយអនុក្រឹត្យលេខ៣៦៧អនក្រ.តត ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៨ និងព្រះរាជក្រឹត្យលេខនស/រកត/០១០៩/១៤០ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៩) និង៤-លោក កិម វិក្រា អតីតអគ្គនាយករងទូរគមនាគមន៍កម្ពុជា (តែងតាំងដោយអនុក្រឹត្យលេខ២១៩អនក្រ.តត ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣) ។
ឥឡូវឈានចូលមកដល់សម័យឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់អាណត្តិទី៥នៃរដ្ឋសភា គឺលោក ឡាយ ម៉ារីវ៉ូ ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ សម្រាប់អាណត្តិទី៤ បន្តវេនពីលោក កិម វិក្រា ក្រោយហេតុការណ៍ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាធ្លាប់លេចកើតមានរឿងអាស្រូវពុករលួយកាលជំនាន់គ្រប់គ្រងដោយលោក ញ៉ឹក កោសល្យវិទ្យា និងលោក ឡៅ សារឿន អតីតជាអគ្គនាយក ។
មន្ត្រី និងបុគ្គលិក និយោជិតទូរគមនាគមន៍កម្ពុជា កំពុងទន្ទឹងរង់ចាំមើលរូបភាព និងលទ្ធផលនៃការកែទម្រង់ទូរគមនាគមន៍កម្ពុជា ដែលជាក្រុមហ៊ុនទូរស័ព្ទរដ្ឋឲ្យមានភាពល្អប្រសើរឡើង ដើម្បីស្វែងរកចំណូលចូលថវិកាជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តម ឡាយ ម៉ារីវ៉ូ ជាអគ្គនាយក និងក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បច្ចុប្បន្ន ៕