កាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ ក្នុងវត្តតាគឹម ភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តមួយបានកើតឡើង គឺព្រះសង្ឃមួយអង្គបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានសម្រេចនៅក្នុងវត្តតែម្តង ហើយក៏បានប្រើល្បិចសុំឲ្យមានការផ្សឹកលាចាកសិក្ខាបទពីសង្ឃទាំងយប់ ក្នុងចេតនាដោះកុនយករួចខ្លួន ។
មន្ត្រីនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំបានសម្រេចនៅក្នុងវត្ត ពេលឋិតនៅជាសង្ឃនៅឡើយនោះ មានឈ្មោះ ហេង សុភារិន អាយុ១៨ឆ្នាំ បួសជាសង្ឃនៅវត្តតាគឹម និងមានទីលំនៅក្នុងភូមិ ឃុំកើតហេតុ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងដែរថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះឈ្មោះ ព.ច.ណ អាយុ៨ឆ្នាំ និងក្មេងស្រីម្នាក់ទៀតដែលត្រូវជាក្មួយរបស់ជនសង្ស័យ បាននាំគ្នាទៅបេះផ្លែមៀនក្បែរសាលាឆាន់ក្នុងវត្តតាគឹម ។ ដោយសារឈ្វេងយល់ឃើញថាជាពេលវេលាស្ងាត់ល្អ ជនសង្ស័យឈ្មោះ ហេង សុភារិន ដែលនៅជាសង្ឃនៅឡើយនោះ បានហៅក្មេងស្រីរងគ្រោះឡើងទៅលើសាលាឆាន់ និងល្បួងលួងលោមឲ្យចូលក្នុងបន្ទប់មួយ ហើយបានប្រើល្បិចឲ្យក្មេងស្រីម្នាក់ទៀតដែលមកជាមួយក្មេងស្រីរងគ្រោះឲ្យទៅទិញទឹកកក ។ ពេលក្មេងស្រីម្នាក់នោះចេញទៅបាត់ សង្ឃទំនើងឋិតក្នុងព្រះជន្មកំពុងពេញកម្លាំង ក៏បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះតែម្តងរហូតបានសម្រេច និងក្រោយពេលេធ្វើសកម្មភាពចាប់រំលោភរួចហើយ សង្ឃទំនើងរូបនេះក៏បានផ្តល់លុយឲ្យទៅក្មេងស្រីរងគ្រោះជាថ្នូរកុំឲ្យក្មេងស្រីនិយាយប្រាប់គេឯងឲ្យដឹង ។ ផ្ទុយពីការគិតរបស់សង្ឃទំនើង គឺបន្ទាប់ពីត្រឡប់មកដល់ផ្ទះភ្លាម ក្មេងស្រីរងគ្រោះក៏បាននិយាយប្រាប់ម្តាយ និងមីងរបស់ខ្លួនថា លោកសង្ឃចាប់រំលោភនាង ។ ក្រោយពីស្តាប់ការនិយាយប្រាប់របស់ក្មេងស្រីរងគ្រោះរួចហើយ ក្រុមគ្រួសារក្មេងស្រីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចភ្លាមៗ ។
បន្ទាប់ពីបានដឹងជាមុនថា បែកការណ៍រួចហើយ សង្ឃទំនើងរូបនោះក៏បានស្វែងរកគ្រូសូត្រស្តាំនៅក្នុងវត្តឲ្យធ្វើពិធីផ្សឹកខ្លួនចាកចេញសិក្ខាបទជាសង្ឃ ។ នៅវេលាម៉ោង២៣យប់ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ដដែល ពិធីផ្សឹកសង្ឃ ហេង សុភារិន ក៏បានចប់សព្វគ្រប់ ហើយអន្ទិតទើបសឹករូបនេះក៏បានធ្វើដំណើរទៅលំនៅឋានរបស់ខ្លួន ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ហេង សុភារិន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះក្នុងវត្តប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលយុត្តិធម៌បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕