ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

អភិបាលខេត្ត​ដ៏​មាន​ឥទ្ធិពល​ចំនួន​២​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​មុខ​តំណែង​សាធារណៈ​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ដ៏​មាន​ឥទ្ធិពល​ចំនួន​២​នាក់​  គឺ​ឯកឧត្តម​ ស្បោង​ សា​រ៉ាត​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ បាន​ឈាន​ដល់​ពេលវេលា​ដែល​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​នៃ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ហើយ​ បន្ទាប់​ពី​បាន​ឡើង​កាន់កាប់​មុខ​តំណែង​ជា​អភិបាលខេត្ត​ប្រកបដោយ​អំណាច​ និង​ប្រកបដោយ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ឆ្នាំ​រួច​មក​ ។​

​ឯកឧត្តម​ ស្បោង​ សា​រ៉ាត​ កើត​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​១៩៥៤​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ដែល​ល្បីល្បាញ​ខាង​មានរឿង​អាស្រូវ​ក្នុង​ការ​ចុះហត្ថលេខា​លើ​បញ្ហា​ដីធ្លី​មាន​ភាព​មិន​ប្រក្រតី​នោះ​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/២១១​ ចុះ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

​ដោយឡែក​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ កើត​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​១៩៥៤​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ ដែល​ល្បីល្បាញ​ខាង​ជាប់​ឈ្មោះ​ជា​គ្រួសារ​មហាអំណាច​ស្តេចត្រាញ់​ប្រចាំ​ខេត្ត​ប៉ៃលិន​ ដ្បិត​មាន​ភរិយា​ឈ្មោះ​ បាន​ ស្រី​មុំ​ ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៤​ខាង​មុខ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/២១១​ ចុះ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​រួច​ហើយ​ក៏​ដោយ​ ជា​ពិសេស​មន្ត្រី​អតីត​ជា​អភិបាលខេត្ត​ដ៏​មាន​ឥទ្ធិពល​ គឺ​បន្ទាប់​ពី​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ ក៏​នៅ​បន្ត​មាន​ងារ​ និង​ឋានៈ​ជា​ឯកឧត្តម​តទៅ​ទៀត​ដែរ​ ដោយ​អាច​ត្រូវ​តែងតាំង​ឲ្យ​មានមុខ​តំណែង​នយោបាយ​ ដូច​ជា​ អនុរដ្ឋលេខាធិការ​ក្រសួង​ រដ្ឋលេខាធិការ​ក្រសួង​ ទីប្រឹក្សា​ក្រសួង​ ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ ឬ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​…​។​ល​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.