ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

បំណែក​ត្រូវ​បាន​ថត​ឃើញ​ជា​បន្តបន្ទាប់​នៅ​សមុទ្រ​ឥណ្ឌា​ ប៉ុន្តែ​ករណី​បាត់​ខ្លួន​យន្តហោះ​ម៉ា​ឡេ​ស៊ី​នៅ​តែ​ជា​អាថ៌​កំបាំង​

​ក្នុង​ដំណាក់កាល​ស្វែងរក​យន្តហោះ​ Boeing777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH370​ ជាមួយនឹង​មនុស្ស​ក្នុង​យន្តហោះ​ចំនួន​២៣៩​នាក់​ ដែល​បាន​បាត់​ខ្លួន​ចំនួន​២០​ថ្ងៃ​មក​ហើយ​ ដោយ​ក្រុម​បណ្តា​ប្រទេស​រុករក​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ តាម​រយៈ​ផ្កាយ​រណប​បាន​ថត​ឃើញ​បំណែក​កម្ទេចកម្ទី​អ​ណែ្ត​ត​នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ឥណ្ឌា​ជា​បន្តបន្ទាប់​ ដូច​ជា​ផ្កាយ​រណប​របស់​ប្រទេស​អូស្ត្រាលី​ ប្រទេស​បារាំង​ និង​ប្រទេស​ថៃ​ ជាដើម​ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​បាន​ថា​ ជា​បំណែក​នៃ​យន្តហោះ​ម៉ា​ឡេ​ស៊ី​ដែល​បាត់​ខ្លួន​នៅឡើយ​ ទោះបី​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៤​ ឯកឧត្តម​ Najip​ Razak​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​បាន​អះអាង​ថា​ យន្តហោះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ និង​បាន​សម្លាប់​អ្នកដំណើរ​ទាំងអស់​ក្នុង​យន្តហោះ​រួច​ហើយ​ក៏​ដោយ​ ។​

​នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៤​ កងកម្លាំង​រុករក​របស់​ប្រទេស​អូស្ត្រាលី​ តាម​រយៈ​ផ្កាយ​រណប​បាន​ថត​ឃើញ​បំណែក​ចំនួន​២​នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ឥណ្ឌា​ ។​

​នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​ ផ្កាយ​រណប​របស់​កងកម្លាំង​រុករក​ប្រទេស​បារាំង​បាន​ថត​ឃើញ​បំណែក​តូច​ធំ​ចំនួន​១២២​ នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ឥណ្ឌា​ ដោយ​មាន​បំណែក​ធំៗ​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​២៣​ម៉ែត្រ​ ។​

​នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ផ្កាយ​រណប​របស់​កងកម្លាំង​រុករក​ប្រទេស​ថៃ​ បាន​ថត​ឃើញ​បំណែក​កម្ទេចកម្ទី​ចំនួន​ជាង​៣០០​បំណែក​ កំពុងរ​សាត់អណ្តែត​នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ឥណ្ឌា​ មាន​ចម្ងាយ​ប្រមាណ​២.៧០០​គីឡូម៉ែត្រ​ពី​ប្រទេស​អូស្ត្រាលី​ ដោយ​បំណែក​ទាំងនោះ​មាន​ប្រវែង​ចាប់ពី​២​ម៉ែត្រ​ទៅ​១៥​ម៉ែត្រ​ ។​

​គ្រប់​បំណែក​កម្ទេចកម្ទី​ដែល​ថត​ឃើញ​ដោយ​ផ្កាយ​រណប​របស់​បណ្តា​ប្រទេស​ទាំងនោះ​ គឺ​មិន​ទាន់​ត្រូវ​បាន​គេ​សន្និដ្ឋាន​ឲ្យ​ជាក់លាក់​ថា​ ជា​បំណែក​នៃ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ធ្លាក់​ក្នុង​សមុទ្រ​នៅឡើយ​ គ្រាន់​ចាត់​ទុក​ថា​ ជា​ការ​សង្ស័យ​ និង​ជា​តម្រុយ​នៃ​ការ​ស្វែងរក​យន្តហោះ​បន្ត​ទៀត​ប៉ុណ្ណោះ​ ។​

​លោក​ Stephen​ Wood​ អតីត​អ្នកវិភាគ​របស់​ក្រុម​ CIA​ និង​ជា​អ្នកជំនាញ​ខាង​ចាប់​រូបភាព​របស់​ផ្កាយ​រណប​ បាន​លើក​ឡើង​ថា​ ពេល​ខ្លះ​ផ្កាយ​រណប​អាច​ចាប់​បាន​នូវ​វត្ថុ​សាមញ្ញៗ​ ដូច​ជា​រលក​ពណ៌​ស​ដែល​មើលទៅ​ហាក់ដូចជា​វត្ថុ​រឹង​មួយ​ដូច្នោះ​ដែរ​ ។​

​សូម​រំលឹក​ជូន​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH370​ ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ឆ្ពោះទៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ នាំ​ជាមួយនឹង​ក្រុម​អ្នកដំណើរ​ចំនួន​២៣៩​នាក់​(​អ្នកដំណើរ​ចំនួន​២២៧​នាក់​ និង​ក្រុម​អាកាសយានិក​ចំនួន​១២​នាក់​)​ ប្រភព​មក​ពី​ជាង​១០​ជាតិ​សាសន៍​ ក្នុង​នោះ​ជនជាតិ​ចិន​ច្រើន​ជាងគេ​រហូត​ដល់​ជិត​២០០​នាក់​ បាន​បាត់​ខ្លួន​ចេញពី​រ៉ា​ដា​ទំនាក់ទំនង​កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៤​ ពោល​គឺ​មាន​រយៈពេល​២០​ថ្ងៃ​មក​ហើយ​នៅ​តែ​ស្វែងរក​យន្តហោះ​ និង​មនុស្ស​មិន​ទាន់​ឃើញ​នៅឡើយ​ ។​

​ក្រោយ​ពេល​យន្តហោះ​បាត់​ខ្លួន​ចេញពី​រ៉ា​ដា​ទំនាក់ទំនង​ភ្លាម​ អាជ្ញាធរ​ប្រទេស​វៀតណាម​ធ្លាប់​បាន​កំណត់​ដាក់​ការ​សង្ស័យ​ថា​ យន្តហោះ​បាន​ធ្លាក់​ក្នុង​ដែនសមុទ្រ​វៀតណាម​ ទើប​ក្រុម​អ្នក​ស្វែង​រកបាន​ប្រមូលផ្តុំ​គ្នា​មក​រុករក​យន្តហោះ​ដែល​ធ្លាក់​នៅ​ក្នុង​ដែនសមុទ្រ​វៀតណាម​ ប៉ុន្តែ​ក្រោយមក​ក៏​បាន​បែរមុខ​សញ្ញា​ទៅ​ស្វែងរក​នៅ​ដែនសមុទ្រ​ឥណ្ឌា​វិញ​ នៅ​តែ​គ្មាន​លទ្ធផល​ទល់​សព្វថ្ងៃ​ ។​

​សរុបសេចក្តី​មក​ ករណី​បាត់​ខ្លួន​យន្តហោះ​ Boeing777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH370​ ជាមួយនឹង​មនុស្ស​ក្នុង​យន្តហោះ​ចំនួន​២៣៩​នាក់​នោះ​ នៅ​តែ​ឋិត​ជា​អាថ៌​កំបាំង​បំផុត​ទល់​បច្ចុប្បន្ន​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.