ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រុមហ៊ុន​ផលិត​រថយន្ត​TOYOTA​ ទទួល​រង​ការ​ផាកពិន័យ​ចំនួន​១,២​ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក​ ក្នុង​បទ​ឆបោក​អតិថិជន

​ក្រុមហ៊ុន​ផលិត​រថយន្ត​TOYOTA​ របស់​ជប៉ុន​ត្រូវ​ទទួល​រង​ការ​ផាកពិន័យ​ដោយ​សហរដ្ឋអាមេរិក​នូវ​ទឹកប្រាក់​ចំនួន​១,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​បទ​ឆបោក​អតិថិជន​ កាលពី​អំឡុង​ចុងឆ្នាំ​២០០៩​ និង​ដើមឆ្នាំ​២០១០​កន្លង​មក​ លើ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្ត​ ។​

​អាជ្ញាធរ​សហរដ្ឋអាមេរិក​និង​ក្រុមហ៊ុន​ផលិត​រថយន្ត​TOYOTA​ បាន​ព្រមព្រៀង​គ្នា​ស្តី​ពី​ការ​ផាកពិន័យ​នេះ​រួច​ហើយ​។​ ឋិត​នៅ​ក្រោម​អានុភាព​នៃ​កិច្ចព្រមព្រៀង​ រវាង​អាជ្ញាធរ​សហរដ្ឋអាមេរិក​ និង​ក្រុមហ៊ុន​ផលិត​រថយន្ត​TOYOTA​នេះ​ គឺ​ក្រុមហ៊ុន​ផលិត​រថយន្ត​TOYOTA​ របស់​ជប៉ុន​ បាន​សារភាព​ថា​ ខ្លួន​បាន​បំភ័ន្ត​អតិថិជន​សហរដ្ឋអាមេរិក​ តាម​រយៈ​ការ​លាក់បាំង​ និង​ការ​បង្កើត​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ ដល់​អតិថិជន​ ដែល​ឆបោក​អំពី​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្ត​ ចំនួន​២​ចំណុច​ ដែល​បង្ក​ឲ្យ​មានការ​បង្កើន​ល្បឿន​ដោយ​អ​ចេតនា​ ។​

​លោក​ Eric​ Holder​ អគ្គ​រដ្ឋ​អាជ្ញា​បាន​ឲ្យ​ដឹង​ថា​ ផ្ទុយ​ពី​ការ​បង្ហាញ​ និង​ការ​កែតម្រូវ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្ត​ ដែល​ពួក​គេ​បានដឹង​នោះ​ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​នេះ​ បែរជា​បំភ័ន្ត​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ដល់​អតិថិជន​និង​ផ្តល់​លទ្ធផល​មួយ​ដែល​មិន​សម​ហេតុ​សម​ផល​ ឲ្យ​ទៅ​សមាជិក​សភា​អា​មេ​រិ​ក​ទៅ​វិញ​ ។​ លោក​បាន​បន្ថែម​ទៀត​ថា​ ប្រសិនបើ​ផ្នែក​ណាមួយ​នៃ​រថយន្ត​មាន​បញ្ហា​សុវត្ថិភាព​នោះ​ ក្រុមហ៊ុន​ផលិត​រថយន្ត​ត្រូវ​មាន​តួនាទី​បញ្ជាក់​ការ​ពិត​អំពី​បញ្ហា​នេះ​ ដើម្បី​ធ្វើការ​ជួសជុល​ឲ្យ​បាន​ឆាប់រហ័ស​ និង​ប្រាប់​ការ​ពិត​ភ្លាមៗ​អំពី​បញ្ហា​និង​វិសាលភាព​របស់​ខ្លួន​ ។​

​លោក​ Anthony​ Foxx​ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​សហរដ្ឋអាមេរិក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​ផាកពិន័យ​នេះ​ បាន​បញ្ជូន​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​ទៅ​កាន់​អ្នក​ផលិត​រថយន្ត​ទាំងអស់​ ដើម្បី​ឲ្យ​អនុវត្ត​ទៅ​តាម​ការ​ទាមទារ​លើ​ការ​ប្រមូល​រថយន្ត​ត្រឡប់​មក​វិញ​ ហើយ​បើ​មិន​ដូច្នោះ​ទេ​ ពួក​គេ​នឹង​ទទួល​រង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ ។​

​ក្រៅពី​ការ​ផាកពិន័យ​ដ៏​ធំ​នេះ​ អ្នកត្រួតពិនិត្យ​ឯករាជ្យ​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ត្រួតពិនិត្យ​គោលការណ៍​ប្រតិបត្តិ​ និង​ដំណើរការ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ស្តី​អំពី​បញ្ហា​សុវត្ថិភាព​រថយន្ត​ របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុនTOYOTA​នេះ​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.