ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

អាថ៌​កំបាំង​នៃ​ការ​បាត់​យន្តហោះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​កាន់តែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​

​ការ​បាត់​ខ្លួន​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing​ 777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ ជាមួយនឹង​មនុស្ស​ចំនួន​២៣៩​នាក់​ក្នុង​យន្តហោះ​ តាម​ជើងហោះហើរ​ MH370​ ចេញពី​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ដែល​ក្រុម​មន្ត្រី​សង្ស័យ​ថា​ជា​ករណី​ប្លន់​យន្តហោះ​នោះ​ រហូត​មក​ទល់​ពេល​នេះ​ មាន​រយៈពេល​១០​ថ្ងៃ​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ស្វែងរក​យន្តហោះ​ឃើញ​នៅឡើយ​ ដែល​អាថ៌​កំបាំង​នៃ​ការ​បាត់​យន្តហោះ​នេះ​ដែរ​ បង្ក​ឲ្យ​មាន​បណ្តឹង​ជា​ច្រើន​ និង​ធ្លាក់​ចុះ​នូវ​ការ​កក់​សំបុត្រ​ជើងហោះហើរ​ ជា​បច្ច័យ​នៃ​ការ​ខាតបង់​សាច់ប្រាក់​អស់​ជា​ច្រើន​ ខណៈ​ទីផ្សារ​កំពុង​មានការ​ប្រកួតប្រជែង​ដ៏​តានតឹង​ ។​

​ឯកឧត្តម​ Najip​ Razak​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ធ្លាប់​បាន​ថែ្ល​ង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​នា​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ថា​ ក្រុម​មន្ត្រី​ស៊ើបអង្កេត​ជឿជាក់​ថា​ យន្តហោះ​ Boeing​ 777-200​ ដែល​មាន​ដឹក​អ្នកដំណើរ​ និង​អាកាសយានិក​ផង​ចំនួន​២៣៩​នាក់​នោះ​ ត្រូវ​បាន​គេ​បង្វែរ​ទិស​ដៅ​ដោយ​គ្រោង​ទុកជា​មុន​ ។​ រីឯ​ក្រុម​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ក៏​បាន​កំណត់​មុខសញ្ញា​សង្ស័យ​ថា​ ការ​បាត់​ខ្លួន​យន្តហោះ​នេះ​ គឺជា​ករណី​ប្លន់​ដែល​អាច​បង្ក​ដោយ​អាកាសយានិក​តែ​ម្តង​ ។​

​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ បាន​ប្រកាស​ពី​ការ​ខាតបង់​ទឹកប្រាក់​ចំនួន​១,១៧​ពាន់​លាន​រីង​ហ្គី​ត​(​ប្រមាណ​៣៦០​លាន​ដុល្លារ​អា​មេ​រិ​ក​)​ គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០១៣​ គឺ​លើស​ពី​ការ​ព្យាករណ៍​របស់​អ្នកវិភាគ​សេដ្ឋកិច្ច​ទៅ​ទៀត​ ។​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ដែល​គ្រប់គ្រង​ចំនួន​៧០​ភាគរយ​ដោយ​ក្រុមហ៊ុន​វិនិយោគ​របស់​រដ្ឋ​ ធ្លាប់​ទទួល​បាន​ប្រាក់​ចំណេញ​ចុង​ក្រោយ​ចំនួន​២៣៧​លាន​រីង​ហ្គី​ត​នា​ឆ្នាំ​២០១០​ ប៉ុន្តែ​ទទួល​រង​ការ​ខាតបង់​ប្រាក់​ចំនួន​២,៥​ពាន់​លាន​រីង​ហ្គី​ត​នា​ឆ្នាំ​២០១១​ និង​ខាតបង់​ចំនួន​៤៣៣​លាន​រីង​ហ្គី​ត​នៅ​ឆ្នាំ​២០១២​ ។​

​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ធ្វើការ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​មាន​ភាព​កម្សោយ​របស់​រដ្ឋាភិបាល​ កម្លាំង​ពលកម្ម​ច្រើន​ជ្រុល​ និង​សហជីព​ពោរពេញ​ទៅ​ដោយ​អំណាច​ ព្រមទាំង​បញ្ហា​ការ​ប្រកួតប្រជែង​ ។​ ឥឡូវ​ថែម​ទាំង​លេច​ចេញ​ករណី​បាត់​យន្តហោះ​ទាំង​អាថ៌​កំបាំង​នេះ​ទៀត​ គឺ​អាច​ធ្វើ​ឲ្យ​ប្រជាជន​លែង​សូវ​ចង់​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ ជា​ហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​បង្ខំចិត្ត​បញ្ចុះតម្លៃ​សំបុត្រ​ ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ ។​ ដូច្នេះ​ ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​នឹង​មាន​រយៈពេល​វែង​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.