ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

កំហុស​របស់​តារា​សម្តែង​ អេ​ឡិច​ ច័ន្ទ​ត្រា​ នាំ​ឲ្យ​រាជរដ្ឋាភិបាល​ភ្ញាក់ខ្លួន​ចាត់វិធានការ​បញ្ឈប់​ការ​ប្រើប្រាស់​ SISHA​ និង​ E-CIGARETTE​

​រូបថត​ប្រើប្រាស់​ជក់​ បឺត​ ផលិតផល​ស៊ី​ហ្សា​(Sisha)​ របស់​តារា​សម្តែង​ និង​ពិធីករ​ អេ​ឡិច​ ច័ន្ទ​ត្រា​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ កាលពីដើម​ស​ប្តា​ហ៍​នេះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ ជា​ពិសេស​អ្នកលេង​ Facebook​ មានការ​ចាប់អារម្មណ៍​ផង​ និង​រិះគន់​ឥត​សំចៃ​ផង​ទៅ​លើ​តារា​សម្តែង​ អេ​ឡិច​ ច័ន្ទ​ត្រា​ ។​

​មជ្ឈដ្ឋាន​អ្នក​ចាប់អារម្មណ៍​ទៅ​លើ​រូបថត​ប្រើប្រាស់​ជក់​ បឺត​ផលិតផល​ Sisha​ របស់​តារា​សម្តែង​ អេ​ឡិច​ ច័ន្ទ​ត្រា​ បាន​លើក​ឡើង​ថា​ ផលិតផល​ Sisha​ បាន​ក្លាយជា​មុខសញ្ញា​ប្រើប្រាស់​ដ៏​ពេញ​និយម​ពាស​វាល​ពាស​កាល​ហើយៗ​ក៏​មានការ​នាំ​ចូល​ និង​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ ព្រោះ​សូ​ម្បី​តែ​តារា​ក្នុង​វិស័យ​សិល្បៈ​ក៏​ចូលរួម​ប្រើប្រាស់​ផលិតផល​ Sisha​ នេះ​ដែរ​ ។​

​រីឯ​មជ្ឈដ្ឋាន​អ្នក​រិះគន់​ឥត​សំចៃ​ទៅ​លើ​តារា​សម្តែង​ អេ​ឡិច​ ច័ន្ទ​ត្រា​ ដែល​បាន​ប្រើប្រាស់​ផលិតផល​ Sisha​ នោះ​ បាន​លើក​ឡើង​ថា​ អំពើ​របស់​តារា​សម្តែង​ អេ​ឡិច​ ច័ន្ទ​ត្រា​ គឺជា​ការ​ជាន់ឈ្លី​សិល្បៈ​វប្បធម៌​របស់​ជាតិ​ ខណៈ​ដែល​ខ្លួន​ជា​ជន​គំរូ​ចំពោះ​មហាជន​ ដែល​ចូល​ចិត្ត​វិស័យ​សិល្បៈ​ ។​

​ថ្វី​ដ្បិត​តារា​សម្តែង​ អេ​ឡិច​ ច័ន្ទ​ត្រា​ បាន​ប្រព្រឹត្ត​នូវ​កំហុស​ដោយសារ​ការ​ប្រើប្រាស់​ជក់​ បឺត​ ផលិតផល​ Sisha​ រហូត​ដល់​មានការ​រិះគន់​ឥត​សំចៃ​ដូច្នេះ​ក្តី​ ក៏​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ភ្ញាក់ខ្លួន​ ធ្វើការ​ចាត់វិធានការ​បង្ការ​ បញ្ឈប់​ការ​ប្រើប្រាស់​ ការ​ធ្វើ​អាជីវកម្ម​ និង​ការ​នាំ​ចូល​ផលិតផល​ Sisha​ និង​បារី​អេ​ឡិច​ត្រូ​និក​ (E-Cigarette)​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ភ្លាមៗ​ដែរ​ ។​

​កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដែល​មាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ជា​ប្រធាន​ បាន​ចេញ​សេចក្តីណែនាំ​មួយ​លេខ​០០១/១៤​សណ​ន​.​អ​ជប​គ​ញ​ ស្តី​ពី​ការ​ចាត់វិធានការ​បង្ការ​ បញ្ឈប់​ការ​ប្រើប្រាស់​ ការ​ធ្វើ​អាជីវកម្ម​ និង​ការ​នាំ​ចូល​ផលិតផល​ស៊ី​ហ្សា​(Sisha)​ និង​បារី​អេ​ឡិច​ត្រូ​និក​ (E-Cigarette)​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​បញ្ជាក់​ថា​ ទោះបី​ផលិតផល​ Sisha​ និង​ E-Cigarette​ មិន​មាន​ផ្ទុក​សារធាតុ​ញៀន​ដែល​មាន​ចែង​ក្នុង​តារាង​ឧ​ប​សម្ព័ន្ធ​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​នីកូទីន​សំយោគ​ក្នុង​កម្រិត​ខ្ពស់​ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ជាង​បារី​ ។​ ជាមួយ​គ្នា​នេះ​ ឧបករណ៍​ ឥរិយា​បទ​ និង​របៀប​ប្រើប្រាស់​ Sisha​ និង​ E-Cigarette​ មាន​លក្ខណៈ​ងាយស្រួល​ និង​មាន​លទ្ធភាព​ងាយ​ជំរុញ​ និង​លើកទឹកចិត្ត​ឲ្យ​មាន​ចំណង់​ប្រើប្រាស់​យ៉ាង​ខ្លាំង​ ហើយ​អាច​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​ប្រភេទ​គ្រឿងញៀន​ខុសច្បាប់​ផ្សេងៗ​ទៀត​ ដោយ​លាយ​ជាមួយនឹង​ផលិតផល​ Sisha​ និង​ក៏​អាច​នឹង​បង្ក​ឲ្យ​សមត្ថកិច្ច​មានការ​ពិបាក​ក្នុង​ការ​ចាត់វិធានការ​ ប្រសិនបើ​គេ​ធ្វើការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ជាមួយនឹង​ការ​ធ្វើ​អាជីវកម្ម​ផលិតផល​នេះ​ ។​

​សរុបសេចក្តី​មក​ កុំ​តែ​មានការ​បែកធ្លាយ​នូវ​កំហុសឆ្គង​របស់​តារា​សម្តែង​ អេ​ឡិច​ ច័ន្ទ​ត្រា​ ដែល​ប្រើប្រាស់​ផលិតផល​ Sisha​ តាម​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ម្ល៉េះ​សម​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មិន​ទាន់​ភ្ញាក់ខ្លួន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​ ពីព្រោះ​ផលិតផល​ Sisha​ នេះ​ត្រូវ​បាន​យុវជន​ជា​ច្រើន​លង់ខ្លួន​ប្រើប្រាស់​ជា​យូរ​ពេល​ក្រែល​មក​ហើយ​ ខណៈ​ដែល​កន្លង​មក​ រាជរដ្ឋាភិបាល​បែរជា​ "​ដេក​លក់​"​ យ៉ាង​រំភើយ​ មិន​ខ្ចី​អើពើ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.