ក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដ៏ធំនៅកម្ពុជា និងមិនមែនជាសែរាជវង្សនោះ គឺមានតែក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារយៈពេលជាង២០ឆ្នាំប៉ុណ្ណោះ ទើបមានគោរមងារជា"សម្តេច"ទាំងប្តី ទាំងប្រពន្ធ ដោយបុរសខ្លាំងមានគោរមងារជា "សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន" និងភរិយារបស់បុរសខ្លាំង មានគោរមងារជា"សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន" ។
បុរសខ្លាំងទទួលបានគោរមងារតាមការប្រោសប្រទានពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជា"សម្តេច ហ៊ុន សែន" កាលពីអំឡុងខែកុម្ភៈ ឆ្នាំ១៩៩៤ និងក្រោយមកទៀតរហូតទល់បច្ចុប្បន្ន ទទួលបានគោរមងារជា"សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន" នាខែតុលា ឆ្នាំ២០០៧ ។ រីឯភរិយារបស់បុរសខ្លាំង គឺលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានគោរមងារជា"កិត្តិព្រឹទ្ធបណ្ឌិត" នាខែមីនា ឆ្នាំ២០១១ និងក្រោយមករហូតទល់បច្ចុប្បន្ន ទទួលបានគោរមងារជា "សម្តេចកិត្តិព្រឹទ្ធបណ្ឌិត" នៅខែឧសភា ឆ្នាំ២០១៣ ។
ដោយសារបុរសខ្លាំងមានគោរមងារជា"សម្តេច"ទាំងពីរនាក់ប្តី-ប្រពន្ធ ហើយសម្តេចប្តី-ប្រពន្ធទាំងទ្វេមានកូនៗ និងចៅៗជាច្រើននាក់ទៀតនោះ ដូច្នេះ ចៅៗ និងកូនៗរបស់សម្តេច អាចហៅតា-យាយ និងឪពុក-ម្តាយរបស់ខ្លួនយ៉ាងខ្លី តែមានន័យជ្រៅថា "សម្តេចតា-សម្តេចយាយ" និង "សម្តេចឪ-សម្តេចម៉ែ" បានតាមការចង់ហៅ ។ ម្យ៉ាងទៀត អំណាចរបស់សម្តេចប្តី-ប្រពន្ធទាំងទ្វេក៏បានគ្របដណ្តប់យ៉ាងខ្លាំងលើសលប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលរួចទៅហើយ ពោលគឺក្លាយជាកំពូលថ្នាក់ដឹកនាំប្រមូលផ្តុំទៅដោយអំណាចក្នុងគ្រួសារតែម្នាក់ឯង គ្មានគូប្រៀបផ្ទឹម ដែលគួរតែប្រើពាក្យហៅចំពោះសម្តេចប្តី-ប្រពន្ធទាំងទ្វេឲ្យមានភាពឧត្តុង្គឧត្តមជាងគេ ទើបប្រសើរ និងទើបស័ក្តិសម ។
សរុបសេចក្តីមក ពាក្យហៅថា "សម្តេចតា-សម្តេចយាយ" និង "សម្តេចឪ-សម្តេចម៉ែ" អាចនឹងត្រូវបានប្រើប្រាស់នៅក្នុងគ្រួសាររបស់បុរសខ្លាំង ដែលជាគ្រួសារបរិបូរណ៍ហៀរហូរទៅដោយអំណាច និងទ្រព្យសម្បត្តិមហាសាល ៕