ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

មេ​សហជីព​សេរី​កម្មករ​ប្រតិកម្ម​នឹង​ក្រសួង​ការងារ​មិន​ព្រម​ចុះ​បញ្ជិកា​សហជីព​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស​ថ្មីៗ​

​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​លោក​ ជា​ មុនី​ បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ទៅ​នឹង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មិន​ព្រម​ចុះ​បញ្ជិកា​ឲ្យ​សហជីព​សេរី​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស​ថ្មីៗ​មួយ​ចំនួន​ដែល​សហជីព​បាន​ស្នើ​សុំ​ ។​

​លោក​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ព័ស្តុតាង​ថា​ នា​រយៈពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ កម្មករ​ កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ឡុ​ង​លី​ដ​ ខូ​អិ​ល​ធី​ឌី​,​ រោងចក្រ​ប្រាយ​សិន​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​,​ រោងចក្រ​ស៊ី​ដ​១៥៣(​ខេ​ម​បូជា​)​ខូ​អិ​ល​ធី​ឌី​ និង​រោងចក្រ​រី​ឡាយ​ អេ​ប៊​ល​ សូ​ស​ អ៊ិ​ន​ដាស​ស្ទ្រៀ​ល​ បាន​នាំ​គ្នា​បង្កើត​សហជីព​សេរី​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​ទាំងនោះ​ ។​ បន្ត​មក​ទៀត​ សហជីព​សេរី​កម្មករ​នៃ​បណ្តា​រោងចក្រ​ទាំងនោះ​បាន​ដាក់​ពាក្យ​គោរព​ជូន​ឯកឧត្តមរ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្នើ​ចុះ​បញ្ជិកា​សហជីព​ ដោយ​មាន​បង្កាន់ដៃ​ទទួល​សំណុំរឿង​ ចុះ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៣(​ចំនួន​០១​ច្បាប់​)​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣(​ចំនួន​០២​ច្បាប់​)​ និង​ចុះ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣(​ចំនួន​០១​ច្បាប់​)​ ។​ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​បណ្តា​រោងចក្រ​ទាំងនោះ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជិកា​សហជីព​ មាន​រយៈពេល​យ៉ាងតិច​ចំនួន​០៣​ខែ​មក​ហើយ​ ប៉ុន្តែ​សហជីព​សេរី​កម្មករ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​ជា​ផ្លូវការ​ និង​ជា​វិជ្ជមាន​ពី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅឡើយ​ ។​

​ការណ៍​ដែល​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិន​សម្រេច​ចុះ​បញ្ជិកា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​តាម​បណ្តា​រោងចក្រ​ថ្មីៗ​ទាំងនោះ​ ត្រូវ​បាន​លោក​ ជា​ មុនី​ អះអាង​ថា​ ធ្វើ​ឲ្យ​សហជីព​សេរី​កម្មករ​ប្រឈម​នឹង​ផលវិបាក​២​យ៉ាង​ធំៗ​គឺ​ ៖

១-​ដំណើរការ​កាត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ កម្មការិនី​ជា​សមាជិក​សហជីព​ ដើម្បី​បង់​ភាគទាន​ជូន​សហជីព​ ស្រប​តាម​មាត្រា​១២៩​នៃ​ច្បាប់​ស្តី​ពី​ការងារ​ និង​ប្រកាស​លេខ​៣០៥​សកប​យ​ ចុះ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០០១​ របស់​អតីត​ក្រសួង​សង្គមកិច្ច​ ការងារ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​យុវ​នីតិសម្បទា​ ត្រូវ​បាន​ជាប់​គាំង​ទាំងស្រុង​ ។​

២-​រាំងស្ទះ​ដល់​ការ​ស្នើ​សុំ​ឲ្យ​មានការ​សម្រេច​ទទួលស្គាល់​ភាព​តំណាង​បំផុត​របស់​សហជីព​សេរី​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​ទាំងនោះ​ជាយថាហេតុ​ ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រកាស​លេខ​៣០៥​សកប​យ​ ចុះ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០០១​ របស់​អតីត​ក្រសួង​សង្គមកិច្ច​ ការងារ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​យុវ​នីតិសម្បទា​ ស្តី​ពី​ភាព​ជា​តំណាង​របស់​អង្គការ​វិជ្ជាជីវៈ​នៃ​កម្មករ​ និយោជិត​នៅ​ថ្នាក់​សហគ្រាស​ គ្រឹះស្ថាន​ និង​សិទ្ធិ​ក្នុង​ការ​ចរចា​ជា​សមូហភាព​ ដើម្បី​ចុះ​អនុសញ្ញា​រួម​នៅ​ថ្នាក់​សហគ្រាស​ គ្រឹះស្ថាន​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ទាក់ទង​នឹង​ករណី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិន​ចុះ​បញ្ជិកា​សហជីព​សេរី​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស​ថ្មីៗ​មួយ​ចំនួន​តាម​ការ​ស្នើ​សុំ​របស់​សហជីព​នោះ​ លោក​ ជា​ មុនី​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ម្សិលមិញ​នេះ​ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រេច​ចុះ​បញ្ជិកា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស​ថ្មីៗ​មួយ​ចំនួន​ ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នក​តាមដាន​វិស័យ​ការងារ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​២៦៨​នៃ​ច្បាប់​ស្តី​ពី​ការងារ​ គឺ​ការ​ស្នើ​សុំ​ចុះ​បញ្ជិកា​របស់​សហជីព​ដែល​ជា​អង្គការ​វិជ្ជាជីវៈ​ ត្រូវ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើការ​ឆ្លើយ​តប​ក្នុង​រយៈពេល​០២​ខែ​យ៉ាង​យូរ​ ប៉ុន្តែ​បើ​ក្នុង​រយៈពេល​០២​ខែ​ ក្រោយ​ពី​បាន​ទទួល​បាន​សំណុំ​បែបបទ​សុំ​ចុះ​បញ្ជិកា​ និង​ក្រសួង​មិន​បាន​ឆ្លើយ​តប​ ត្រូវ​ចាត់​ទុក​សហជីព​នោះ​ថា​ បាន​ចុះ​បញ្ជិកា​រួច​ហើយ​ ។​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ ការណ៍​ដែល​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិន​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​ការ​ចុះ​បញ្ជិកា​សហជីព​ជា​លាយលក្ខណ៍អក្សរ​ទេ​នោះ​ គឺ​សហជីព​នឹង​ប្រឈម​ជាមួយ​បញ្ហា​មួយ​ចំនួន​ ដូច​ជា​ ដំណើរការ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ប្រាក់​ឈ្នួល​កម្មករ​ជា​សមាជិក​ ដើម្បី​បង់​ភាគទាន​ជូន​សហជីព​ និង​បង្ក​ឲ្យ​មាន​ផលវិបាក​លើ​ការ​ស្នើ​សុំ​ឲ្យ​មានការ​សម្រេច​ទទួលស្គាល់​ភាព​តំណាង​បំផុត​របស់​សហជីព​ផង​ដែរ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.