ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ថ្មី​មួយទៀត​បង្ក​ដោយ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​អ្នកឧកញ៉ា​ សុខ ​គង់​ បណ្តាល​ឲ្យ​ម្តាយ​និង​កូន​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​នៅ​វេលា​ម៉ោង​១៧​ល្ងាច​ នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ថ្មី​មួយទៀត​ បាន​បង្ក​ឡើង​ដោយ​រថយន្ត​កា​ម៉ាស់​ដឹក​ប្រេងឥន្ធនៈ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សូ​គី​ម៉ិច​ មាន​អ្នកឧកញ៉ា​ សុខ​ គង់​ ជា​អគ្គនាយក​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ចំណុច​ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ម្តាយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ និង​កូនប្រុស​អាយុ​២​ឆ្នាំ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​ និង​កូនប្រុស​ម្នាក់​ទៀត​អាយុ​៥​ឆ្នាំ​ រង​របួសធ្ងន់​ជាប់​នៅ​ពីក្រោម​រថយន្ត​ ព្រមទាំង​មាន​អ្នក​របួស​២-៣​នាក់​ផ្សេង​ទៀត​ បន្ទាប់​ពី​រថយន្ត​បើក​បុក​ពីក្រោយ​ទោចក្រយានយន្ត​ម៉ា​កកូន​ទា​ចំ​ពេញទំហឹង​ និង​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សូ​គី​ម៉ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-0435​ បើកបរ​ដោយ​ឈ្មោះ​ មាស​ ឆោម​ អាយុ​៥៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ក្នុង​អាកា​រៈ​ស្រវឹង​ បាន​បុក​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​ រួច​បន្ត​មក​បុក​លើ​ទោចក្រយានយន្ត​ម៉ា​កកូន​ទា​មួយ​គ្រឿង​ទៀត​នៅ​កន្លែង​កើតហេតុ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CB-5988​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​កំពុង​ជិះ​ចំនួន​៣​នាក់​ម្តាយ​និង​កូន​ បណ្តាល​ឲ្យ​ម្តាយ​ជា​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ លី​ ពៅ​ អាយុ​៤០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១៥៦​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​ជាមួយ​កូនប្រុស​ម្នាក់​អាយុ​២​ឆ្នាំ​ និង​កូន​ម្នាក់​ទៀត​អាយុ​៥​ឆ្នាំ​ ជាប់​ពីក្រោម​រថយន្ត​រង​របួសធ្ងន់​ ព្រមទាំង​មាន​អ្នក​របួស​ចំនួន​២-៣​នាក់​ផ្សេង​ទៀត​ ។​ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សាកសួរ​ និង​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ និង​ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ។​

​នេះ​គឺជា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ថ្មី​មួយទៀត​ដែល​មាន​រយៈពេល​មុន​ក្រោយ​គ្នា​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ដែល​មុន​នេះ​បង្ក​ដោយ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ឈ​ន​ ថា​រី​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-2896​ កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ដាច់​ហ្វ្រាំង​បុក​រះ​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ូ​ណា​ នៅ​ខេត្តកំពង់ចាម​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​២​នាក់​បាន​ស្លាប់​ (​ដំបូង​ស្លាប់​កុមារី​ម្នាក់​អាយុ​៦​ឆ្នាំ​)​ និង​យ៉ាងតិច​៦​នាក់​ផ្សេង​ទៀត​រង​របួស​ ព្រមទាំង​មានការ​ខូចខាត​យានយន្ត​អស់​ជា​ច្រើន​គ្រឿង​ទៀត​ ។​

​សូម​បងប្អូន​អ្នក​បើក​យានយន្ត​ទាំងអស់​ មេត្តា​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ និង​បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​បញ្ជៀ​ស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ ពីព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ គឺជា​ឃាតក​លាក់​មុខ​ដ៏​សាហាវ​បំផុត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.