ឈានចូលមកដល់ដើមឆ្នាំ២០១៤នេះ ក្រុមឈ្មួញរកស៊ីឈើគ្រញូង និងឈើប្រណីត បានប្រើប្រាស់រថយន្តក្រុងធ្វើជាមធ្យោបាយដឹកជញ្ជូនឈើប្រភេទទាំងនោះគួរឲ្យចាប់អារម្មណ៍យ៉ាងផុសផុល និងពេញនិយម ខណៈដែលរថយន្តក្រុងជាមធ្យោបាយដឹកជញ្ជូនឈើគ្រញូង និងឈើប្រណីត មិនត្រូវបានគេដាក់ស្លាកសញ្ញា ឬយីហោសម្គាល់ក្រុមហ៊ុនណាមួយឡើយ គឺគ្រាន់តែរក្សាពាក់ស្លាកលេខ ដើម្បីកុំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការចាប់ឃាត់រថយន្ត និងផាកពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប៉ុណ្ណោះ ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា ក្រោយពេលមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បង្កដោយរថយន្តក្រុងមួយគ្រឿងម៉ាក DAEW00 ពាក់ស្លាកលេខភ្នំពេញ 3A-1324 ត្រូវបានសមត្ថកិច្ចរកឃើញផ្ទុកប្រភេទឈើប្រណីត (នាងនួន និងធ្នង់) ចំនួន៤៧ដុំ ដែលមួយដុំៗមានប្រវែង១ម៉ែត្រ និងមុខកាត់ពី១០សង្ទីម៉ែត្រ ទៅ២០សង្ទីម៉ែត្រនៅក្នុងរថយន្តក្រុងនោះ ។
ដោយឡែក កាលពីវេលាម៉ោង០៦និង១៥នាទីព្រឹក នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចស្ទាក់ចាប់បានរថយន្តក្រុងមួយគ្រឿងម៉ាក DAEWOO ពាក់ស្លាកលេខភ្នំពេញ 3A-9241 ធ្វើដំណើរពីខេត្តសៀមរាបឆ្ពោះមករាជធានីភ្នំពេញ កាត់តាមខេត្តបន្ទាយមានជ័យ ត្រង់ចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលផ្ទុកឈើគ្រញូងនៅកន្លែងដាក់អីវ៉ាន់ខាងក្រោម និងចំហៀងរថយន្ត មានចំនួន៨៧ដុំ ស្មើនឹងទម្ងន់ជាង១តោន និងអាចលក់ចេញទៅក្រៅប្រទេសបានក្នុងតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក ខណៈក្រោយពេលកើតហេតុហើយភ្លាមៗ អ្នកបើកបររថយន្តក្រុងទាំងនោះបានរត់គេចខ្លួនបាត់ស្រមោល ។
យោងតាមព័ស្តុតាងនៃការចរាចរណ៍ដឹកជញ្ចូនឈើគ្រញូង និងឈើប្រណីតនៅតាមរថយន្តក្រុងធំៗទាំងនោះ បានបង្ហាញឲ្យឃើញថា ក្រុមឈ្មួញរកស៊ីឈើមិនញញើតនឹងបទបញ្ជាហាមឃាត់ការធ្វើជំនួយ ការចរាចរណ៍ និងការស្តុកទុកឈើគ្រញូងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនោះឡើយ ហើយមជ្ឈដ្ឋាននានាមានការសង្ស័យថា មានមន្ត្រីគ្រាក់ៗ និងឈ្មួញគ្រាក់ៗមួយចំនួនឋិតនៅក្បែរក្លៀកបុរសខ្លាំង ជាអ្នករកស៊ីឈើគ្រញូង និងឈើប្រណីតក ក្រោមរូបភាពសមគំនិតគ្នាជាប្រព័ន្ធ ។
សូមឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាត្រួតពិនិត្យ និងមានវិធានការទៅលើករណីធ្វើចរាចរណ៍ឈើគ្រញូង និងឈើប្រណីតជាហូរហែនេះផង ៕