ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

សា​ឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​កូនប្រុស​អ្នកឧកញ៉ា​សុខ​គង់​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នៅ​កណ្តាលទន្លេ​ទាំង​ព្រឹក​ព្រលឹម​

​វេលា​ម៉ោង​ប្រមាណ​០៧​ព្រឹក​ នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ នៅ​ចំណុច​ទីតាំង​ភូមិ​កោះ​ប្រាក់​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ មាន​សា​ឡង់​បូម​ខ្សាច់​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ និង​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​ សុខ​ ហុង​ ត្រូវជា​កូនប្រុស​របស់​អ្នកឧកញ៉ា​ សុខ​ គង់​ អគ្គនាយក​ក្រុមហ៊ុន​ SOKIMEX​ GROUP​ នោះ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​នៅ​កណ្តាលទន្លេ​ទាំង​ព្រឹក​ព្រលឹម​ ធ្វើ​ឲ្យ​ក្រុម​កម្មករ​បូម​ខ្សាច់​នៅ​លើ​សា​ឡង់​ភ័យ​តក់ស្លុត​ព្រលឹង​ចុង​សក់​ ។​

​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​សា​ឡង់​បូម​ខ្សាច់​របស់​កូនប្រុស​អ្នកឧកញ៉ា​ សុខ​ គង់​ នៅ​កណ្តាលទន្លេ​ទាំង​ព្រឹក​ព្រលឹម​នេះ​ បាន​បណ្តាល​ឲ្យ​ម៉ាស៊ីន​បូម​ខ្សាច់​ចំនួន​២​គ្រឿង​ផ្ទុក​នៅ​លើ​សា​ឡង់​ទទួល​រង​ការ​ខូចខាត​ ប្រេងម៉ាស៊ូត​ចំនួន​៦​ប៊ីដុង​ត្រូវ​ភ្លើង​ឆេះ​ឡើង​ខ្មៅខ្មួល​ខ្មាញ់​ ខណៈ​ដែល​ក្រុម​កម្មករ​បូម​ខ្សាច់​សំណាងល្អ​មិន​ទទួល​រងគ្រោះថ្នាក់​អ្វី​ទេ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ​ តែង​មាន​សា​ឡង់​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ជា​រៀងរាល់ថ្ងៃ​ យក​ខ្សាច់​មក​ចាក់​លុប​បំពេញ​នៅ​តំបន់​បឹង​ស្នោ​ សង្កាត់​និរោធ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ នៅ​ថ្ងៃ​កើតហេតុ​ ពេល​សា​ឡង់​បូម​ខ្សាច់​កំពុង​បូម​ដាក់​ចូល​ទៅ​សា​ឡង់​មួយទៀត​ ម៉ាស៊ីន​បូម​ខ្សាច់​ក៏​បែក​ទុយោ​ប្រេង​ បណ្តាល​ឲ្យ​ហៀរ​ប្រេង​ទៅ​លើ​ម៉ាស៊ីន​ដែល​កំពុង​មានកំ​ដៅ​ខ្លាំង​ស្រាប់​ ក៏​នាំ​ឲ្យ​មានការ​ឆាបឆេះ​ជា​អណ្តាតភ្លើង​តែ​ម្តង​ ។​ ភ្លាមៗ​នោះ​ ក្រុម​កម្មករ​នៅ​លើ​សា​ឡង់​បាន​នាំ​គ្នា​ជួយ​ពន្លត់​ ទើប​អាច​គ្រប់គ្រង​បាន​ ដោយ​មានការ​ខូចខាត​ត្រឹម​ម៉ាស៊ីន​បូម​ខ្សាច់​ចំនួន​២​គ្រឿង​ និង​ប្រេងម៉ាស៊ូត​ឆេះ​អស់​ចំនួន​៦​ប៊ីដុង​ប៉ុណ្ណោះ​ ។​ ឥឡូវនេះ​ សា​ឡង់​បូម​ខ្សាច់​ដែល​ទទួល​រង​ការ​ឆាបឆេះ​នោះ​ ត្រូវ​បាន​ក្រុមហ៊ុន​អូស​យក​មក​ដាក់​នៅ​ជាប់​ច្រាំង​ទន្លេ​វិញ​ហើយ​ ។​

​សូម​រំលឹក​ជូន​ដែរ​ថា​ កាលពី​ចុងឆ្នាំ​២០១៣​កន្លង​មក​ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តីសម្រេច​មួយ​លេខ​៣៥​សសរ​ ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​ ស្តី​ពី​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​តាម​ដង​ទន្លេមេគង្គ​ និង​ដង​ទន្លេបាសាក់​ ដោយ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​តាម​ដង​ទន្លេមេគង្គ​ និង​ដង​ទន្លេបាសាក់​ រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី​ពី​រាជរដ្ឋាភិបាល​ ។​

​យោង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​ថា​ មន្ត្រី​រាជរដ្ឋាភិបាល​ចាត់ការ​បាន​តែ​ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​តូចតាច​ប៉ុណ្ណោះ​ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​បូម​ខ្សាច់​ធំៗ​ ដូច​ជា​ក្រុមហ៊ុន​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ត្រូវជា​កូនស្រី​របស់​បុរស​ខ្លាំង​ និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ សុខ​ ហុង​ ជា​កូនប្រុស​អ្នកឧកញ៉ា​ សុខ​ គង់​ គឺ​អាច​បូម​ខ្សាច់​បាន​ស្រេច​នឹង​ចិត្តជា​រៀងរាល់ថ្ងៃ​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.