មន្ត្រីនិងឈ្មួញមួយចំនួនដែលទទួលបានការតែងតាំងជាទីប្រឹក្សាថ្នាក់ដឹកនាំប្រទេស ជាពិសេសទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពលគឺមិនសូវឲ្យតម្លៃទៅលើសមត្ថភាពនៃចំណេះដឹង និងភាពថ្លៃថ្នូរស្អាតស្អំរបស់ជនជាទីប្រឹក្សាទាំងនោះទេ ប៉ុន្តែតែងផ្តោតជាសំខាន់ទៅលើលុយកាក់និងខ្សែបក្ខពួកប៉ុណ្ណោះ។
មានជនដែលទទួលបានការតែងតាំងជាទីប្រឹក្សាថ្នាក់ដឹកនាំខ្លះជាពួកម៉ាហ្វីយ៉ា (Mafia) នៅបរទេស និងខ្លះទៀតជាជនមុខសញ្ញាត្រូវតុលាការតាមចាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌ… ។ល។
ព័ស្ដុតាងជាក់ស្ដែងបានបង្ហាញថា លោកឧកញ៉ាម្នាក់ ឈ្មោះ លី សាយឃាង ជានាយកក្រុមហ៊ុន SKL Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញចរន្ដអគ្គិសនីតភ្ជាប់ពីប្រទេសថៃ ប្រើប្រាស់ក្នុងខេត្តចំនួន៣ នៃប្រទេសកម្ពុជា (បន្ទាយមានជ័យ, សៀមរាប និងបាត់ដំបង) ធ្លាប់ត្រូវបានស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាស្វែងរកចាប់ខ្លួនក្នុងសំណុំរឿងខ្លែងលិខិតស្នាម គៃបំបាត់ទ្រព្យសម្បត្តិ និងប្រាក់ក្រុមហ៊ុន ម៉េង ស្រ៊ាង កាលពីអំឡុងចុងឆ្នាំ២០០១ ផ្អើលដល់បុរសខ្លាំងជានាយករដ្ឋមន្ត្រីចេញមុខអន្តរាគមន៍សង្កត់បន្ថែមឲ្យមានចំណាត់ការតាមច្បាប់ទៅលើលោកឧកញ៉ា លី សាយឃាង យ៉ាងសកម្មតាមស្មារតីលិខិតលេខ ២០៧៩សជណ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ថ្វីដ្បិតលោកឧកញ៉ា លី សាយឃាង ធ្លាប់មានឈ្មោះជាជនត្រូវចោទ និងធ្លាប់តុលាការចេញដីកាចាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌក្តី ប៉ុន្តែលោកឧកញ៉ា លី សាយឃាង ត្រូវទទួលបានការតែងតាំងឲ្យធ្វើជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានីតិកាលទី២ មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១០/៦១៥ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១០ យ៉ាងហ៊ឺហាប្រកបដោយកិត្តិយស។
ឥឡូវនេះ លោកឧកញ៉ា លី សាយឃាង មិនទាន់មានឈ្មោះតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៣ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឬជាទីប្រឹក្សាថ្នាក់ដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជារូបណាមួយបន្តទៀតនៅឡើយ៕