នៅវេលាម៉ោង១៣ រសៀលនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សមត្ថកិច្ចចម្រុះមានទាំងកម្លាំងកងរាជអាវុធហត្ថ និងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល-ធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបមុខសញ្ញាជនសង្ស័យជាចោរប្លន់ជ្រកក្រោមស្លាកហាងកែសម្ផស្សមួយយីហោ (សៀង ម៉ី មែកអាប់) របស់កញ្ញាស្រស់ស្អាតម្នាក់ឈ្មោះ សៀង ម៉ី មានទីតាំងឋិតនៅតាមផ្លូវបេតុងលេខ១៩៨៦ ក្បែរស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបំបែកសម្បុកក្រុមចោរប្លន់ទាំងនេះបានសម្រេច ព្រមទាំងចាប់ឃាត់ខ្លួនក្រុមចោរប្លន់ចំនួន៤នាក់ និងឃាត់ខ្លួនម្ចាស់ហាងកែសម្ផស្សដែលផ្តល់ជម្រកឲ្យក្រុមចោរប្លន់នោះផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានជនរងគ្រោះម្នាក់ជាម្ចាស់ទោចក្រយានយន្តឈ្មោះ អ៊ាម វិច្ឆិកា អាយុ២៣ឆ្នាំ មុខរបរជានិស្សិត ដែលត្រូវចោរប្លន់កាលពីវេលាម៉ោង០២ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅម្តុំគល់ស្ពាន ស្ទឹងមានជ័យ បានប្រទះឃើញទោចក្រយានយន្តរបស់ខ្លួន ត្រូវបានជនសង្ស័យ២នាក់ជិះតាមផ្លូវរួចហើយក៏បានប្តឹងទៅសមត្ថកិច្ច។ ក្រោយមកសមត្ថកិច្ចក៏តាមប្រមាញ់ជនសង្ស័យនោះរហូតដល់គោលដៅចុងក្រោយដែលជនសង្ស័យបានជិះទោចក្រយានយន្តចូលទៅក្នុងហាងកែសម្ផស្សយីហោ (សៀង ម៉ី មែកអាប់) និងបានឡោមព័ទ្ធមុខសញ្ញាតែម្តង ព្រមទាំងបង្ក្រាបបានក្រុមជនសង្ស័យជាចោរប្លន់ចំនួន៤នាក់ និងឃាត់ខ្លួនម្ចាស់ហាងកែសម្ផស្សដែលជាកញ្ញាស្រស់ស្អាតម្នាក់បញ្ជូនខ្លួនទៅកាន់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដោយប្រើប្រាស់រយៈពេលប្រមាណជិត១ម៉ោង។
ក្រៅពីការឃាត់ខ្លួនកញ្ញាស្រស់ស្អាតម្នាក់ជាម្ចាស់ហាងកែសម្ផស្សយីហោ (សៀង ម៉ី មែកអាប់) និងបំបែកសម្បុកក្រុមចោរប្លន់ទាំង៤នាក់នោះ គឺសម្ថកិច្ចក៏បានរកឃើញ និងដកហូតបានទោចក្រយានយន្តចំនួន២គ្រឿងជាវត្ថុតាងផងដែរ ដែលមួយគ្រឿងម៉ាក DUKE ពណ៌លឿងលាយខ្មៅ និងមួយគ្រឿងទៀតម៉ាក Honda C100 Fi ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ៕