ប្រធានសហជីពចំនួន៥ និងប្រធានសមាគមចំនួន១ ព្រមទាំងគូកនត្រូវបានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ដោយចោទប្រកាន់អំពីបទល្មើសយ៉ាងច្រើនក្នុងរឿងព្រហ្មទណ្ឌជាអាទិ៍៖ បទគំរាមកំហែង ដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ, បទគំរាមកំហែងថា នឹងធ្វើឲ្យខូចខាត, បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស… ។ល។
ប្រធានសហជីព និងប្រធានសមាគម ដែលត្រូវសមាគមថៅកែរោងចក្រកាត់ដេរប្តឹងចោទប្រកាន់ក្នុងរឿងព្រហ្មទណ្ឌជាច្រើនបទល្មើសទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះរួមមាន៖ ១- លោក អាត់ ធន់ ប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) ២- លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មកាត់ដេរកម្ពុជា (NIFTUC) ៣- លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជា (CUMW) ៤- លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ៥- លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) និង ៦- លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) ។
សមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា បានធ្វើការចោទប្រកាន់ថា ចាប់តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ បន្តបន្ទាប់មក ក្រុមសហជីព និងសមាគមទាំង៦ ព្រមទាំងគូកន បានធ្វើសកម្មភាពដឹកនាំបាតុកម្ម និងញុះញង់នឹងដឹកនាំបាតុកម្ម ដោយប្រើរូបភាពគំរាមកំហែងធ្វើឲ្យខាតបង់ដល់និយោជក ដែលជាសមាជិកសមាគមរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
រហូតមកទល់នឹងពេលនេះ ខាងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមិនទាន់បានចេញដីកាកោះប្រធានសហជីព និងសមាគមទាំង៦ ឲ្យចូលខ្លួនឆ្លើយបំភ្លឺដោះបន្ទុកនៅតុលាការនៅឡើយទេ។
ដោយឡែក សហជីពទាំង៥ និងសមាគមចំនួន១ ក្នុងចំណោមសហជីព និងសមាគមចំនួន១៨ បានធ្វើការអំពាវនាវកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ឲ្យសមាជិក សមាជិកា បងប្អូនកម្មករ និយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមធ្វើពហិការមិនធ្វើការថែមម៉ោងនៅគ្រប់បណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ និងចូលរួមវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ និងគ្រោងដឹកនាំធ្វើកូដកម្មធំទូទាំងប្រទេសចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យនិយោជក និងរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំនួន៧ចំណុចដូចខាងក្រោម៖
១-សុំដោះលែងជនជាប់ចោទទាំង២១នាក់ និងទម្លាក់ចោលការចោទប្រកាន់២៣នាក់ទាំងស្រុង
២-ស្នើសុំឲ្យមានការចរចាដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុង១ខែឡើងវិញ
៣-ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សា និងសម្លាប់កម្មករ ព្រមទាំងផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង
៤-រាជរដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបប្រជុំជាសាធារណៈរបស់ប្រជាពលរដ្ឋចេញវិញ និងលុបចោលការព្យួរការចុះបញ្ជិកាអង្គការវិជ្ជាជីវៈពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៥-តំណាងក្រុមហ៊ុនត្រូវដកបណ្តឹងដែលប្រឆាំងសហជីព និងកម្មករ និយោជិតទាំងអស់
៦-និយោជកត្រូវទទួលយកកម្មករដែលបានបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ ព្រមទាំងបង់ប្រាក់រំលឹកដល់ពួកគេឲ្យបានគ្រប់ៗគ្នា
៧-និយោជកណាដែលបានកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ក្នុងអំឡុងពេលធ្វើកូដកម្ម ឬកន្លងមក ត្រូវផ្តល់ជូនដល់កម្មករវិញ៕