កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក ក្រឡាបញ្ជីនៃសាលាដំបូងខេត្តស្វាយរៀងម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាប្រធាន ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងរឿងពុករលួយក្នុងស្ថាប័នតុលាការ និងបញ្ជូនឲ្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធីបន្ត ។
ប្រភពព័ត៌មានពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ក្រឡាបញ្ជីនៃសាលាដំបូងខេត្តស្វាយរៀងដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយធ្វើការចាប់ឃាត់ខ្លួននោះ ឈ្មោះ ម៉ុញ សារ៉េន ភេទប្រុស អាយុ៤៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទស៊ីសំណូក ហើយអង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿង និងបញ្ជូនខ្លួនក្រឡាបញ្ជីរូបនេះមកស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី ។
ករណីចាប់ឃាត់ខ្លួនលោកក្រឡាបញ្ជី ម៉ុញ សារ៉េន ជាកូនចៅរបស់លោកចៅក្រម កើត សាំង ពាក់ព័ន្ធនឹងរឿងពុករលួយ ខាងតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានសាកសួរអស់ជាច្រើនម៉ោងនារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ប៉ុន្តែមិនទាន់បានដឹងអំពីលទ្ធផលនៃចំណាត់ការរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀងនៅឡើយទេ ខណៈដែលមជ្ឈដ្ឋាននានារំពឹងទុកថា ភាគច្រើននឹងមានការចោទប្រកាន់ជាផ្លូវការប្តឹងទៅចៅក្រមស៊ើបសួរបន្ត ។
លោក ម៉ុញ សារ៉េន អាយុ៤៨ឆ្នាំ ជាក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀង ដោយបានឆ្លងកាត់សុក្រឹតការជាប់ក្នុងវគ្គទី៦នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ។ លោកបានចូលបម្រើការងាររដ្ឋនៅឆ្នាំ១៩៨៥ ។
មជ្ឈដ្ឋានអ្នកតាមដានវិស័យតុលាការនៅកម្ពុជា បានលើកឡើងថា តាមធម្មតា ក្រឡាបញ្ជីដែលជាកូនចៅរបស់ចៅក្រម បើចង់ប្រព្រឹត្តអំពើពុករលួយ គឺទំនងជាមិនអាចថ្លើមធំហ៊ានមិនឆ្លងកាត់ចៅក្រមជាមេកើយរបស់ខ្លួននោះទេ ។ ដូច្នេះ ករណីពុករលួយរបស់លោកក្រឡាបញ្ជី ម៉ុញ សារ៉េន ត្រូវតែមានការពាក់ព័ន្ធជាមួយនឹងលោកចៅក្រម កើត សាំង ប្រសិនបើមានការស្រាវជ្រាវបន្តឲ្យបានដិតដល់ ។
លោកចៅក្រម កើត សាំង ដែលល្បីល្បាញថា មានខ្សែ បក្ខពួកធំនោះ ជាសិស្សចៅក្រមជំនាន់ទី៤ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលត្រូវបានតែងតាំងឲ្យបម្រើការងារជាចៅក្រមកម្មសិក្សានៅសាលាដំបូងខេត្តស្វាយរៀង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១១/២៣៣ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌចៅក្រមបម្រើការងារនៅសាលាដំបូងខេត្តស្វាយរៀងទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ៕