កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុមយុវជនខ្មែរមហានគរ និងយុវជនដែលចូលរួមប្រឡូកកិច្ចការសង្គមដទៃទៀតចំនួន៩នាក់ បានរៀបចំប្រារព្ធទិវាយុត្តិធម៌សង្គមពិភពលោក ដែលត្រូវបានចាត់បញ្ចូលជាទិវារបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០០៧ ដើម្បីដាស់ស្មារតីនៃទិវាយុត្តិធម៌សង្គមពិភពលោក ឲ្យប្រជាពលរដ្ឋនិងយុវជនខ្មែរបានយល់ដឹងជ្រួតជ្រាប និងធ្វើពិធីព្រលែងសត្វស្លាប ដើម្បីបញ្ជាក់អំពីតំណាងនៃសិទ្ធិសេរីភាពនៅទីលានប្រជាធិបតេយ្យ ។
ប៉ុន្តែការរៀបចំប្រារព្ធទិវាយុត្តិធម៌សង្គមពិភពលោក ដែលដឹកនាំដោយយុវជន រិន ច័ន្ទរិទ្ធិ និងយុវជន ហេង សំណាង ក្នុងចំណោមយុវជនទាំង៩នាក់ នៅទីលានប្រជាធិបតេយ្យនោះ ត្រូវបានរំខាន និងបំបែកដោយកងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធចំនួនប្រមាណ៥០នាក់ និងក៏បានចាប់ឃាត់ខ្លួន ព្រមទាំងវាយដំយុវជនម្នាក់ឈ្មោះ ហៀង ស៊ាងលាង មួយរយៈពេលផងដែរ ដោយសារយុវជនរូបនេះបានចូលរួមឃ្លាំមើលសកម្មភាពក្នុងពិធីនោះ ។
ឋិតក្នុងស្ថានភាពតានតឹងជាមួយសមត្ថកិច្ចបែបនេះ ក្រុមយុវជនក៏បាននាំគ្នាធ្វើសន្និសីទសារព័ត៌មាននៅក្រៅការិយាល័យឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយយុវជន រិន ច័ន្ទរិទ្ធិ បានថ្លែងថា "យើងចង់រំលឹកអំពីទិវាយុត្តិធម៌សង្គមពិភពលោក ២០ កុម្ភៈ ពីព្រោះប្រជាពលរដ្ឋយើងមិនបានដឹងអំពីទិវាដ៏មានតម្លៃនេះទេ ហើយយើងក៏មានបំណងចង់ឲ្យមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍ទៅនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិមនុស្ស " ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានការអនុវត្តច្បាប់នៅកម្ពុជា បានលើកឡើងថា អំពើ់របស់អាជ្ញាធរកម្ពុជាដែលព្យាយាមបំបិទ និងបំបាត់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិមនុស្ស សូម្បីតែនៅលើទីលានប្រជាធិបតេយ្យក៏ដោយនោះ គឺជាការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ រំលោភលើមាត្រា៣១នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងរំលោភបំពានលើស្មារតីនៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្ស…។ល។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាម្នាក់ បាននិយាយថា ការគ្រប់គ្រង និងការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ កំពុងឆ្លាក់ប្រទេសឲ្យក្លាយទៅជារបបផ្តាច់ការដូចពីអតីតកាលវិញហើយ ដើម្បីពង្រឹងអំណាចរបស់ខ្លួន និងបក្ខពួកខ្លួនឲ្យបានឋិតថេរយូរអង្វែង ៕