ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

គយ​ចល័ត​បង្ក្រាប​បាន​ទូរស័ព្ទ​ទំនើប​ Iphone​ 5S​ គេចពន្ធ​ជិត​៣០០​គ្រឿង​មាន​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​នាំ​ចូល​ដោយ​ជំទាវ​ភរិយាឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​

​កាលពី​វេលា​ម៉ោង​២១​យប់​ នា​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ សមត្ថកិច្ច​គយ​ចល័ត​ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ កើត​ សុធា​រ៉ា​ ប្រធាន​ក្រុម​គយ​និង​រដ្ឋាករ​ចល័ត​ទូ​ទាំង​ប្រទេស​ បាន​បង្ក្រាប​ចាប់​បាន​ទូរស័ព្ទ​ទំនើប​ម៉ាក​ Iphone​ 5S​ ជិត​៣០០​គ្រឿង​ មាន​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដែល​នាំ​ចូល​គេចពន្ធ​ដោយ​លោក​ជំទាវ​ជា​ភរិយា​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ គ្រប់គ្រង​ដោយ​លោក​មេ​គយ​ ខៀវ​ សំអាត​ នៅ​ត្រង់​ចំណុច​ស្រុក​ពួក​ ខេត្តសៀមរាប​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​គយ​ចល័ត​ដែល​ចុះ​បង្ក្រាប​ករណី​រត់ពន្ធ​ទូរស័ព្ទ​ទំនើប​ មាន​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ឈ្មួញ​បាន​ដាក់​បង្កប់​ទូរស័ព្ទ​ន​ភៅ​ក្នុង​វ៉ា​លី​ស​ផ្ទុក​ខោអាវ​ចំនួន​៥​ធំៗ​ ប៉​ន្តែ​ត្រូវ​បាន​ក្រុម​ភ្នាក់ងារ​សម្ងាត់​ស៊ើបអង្កេត​ដឹង​ ទើប​ឈាន​ទៅ​បង្ក្រាប​ចាប់​បាន​ ។​

​ព័ត៌មាន​ពី​សមត្ថកិច្ច​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​ជំទាវភរិយា​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ គឺ​បាន​ឋិត​ក្នុង​បញ្ជី​ឈ្មោះ​ជា​មេ​ឈ្មួញ​ដ៏​ធំ​មួយ​ក្នុង​ការ​នាំ​ចូល​ទូរស័ព្ទ​ទំនើបៗ​ ដូច​ជា​ Iphone,​ LG​ និង​ Samsung​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ ដ្បិត​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ស្រាប់​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​រាត្រី​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ សមត្ថកិច្ច​អាវុធហត្ថ​ធ្លាប់​បាន​បង្ក្រាប​ចាប់​បាន​ទូរស័ព្ទ​ទំនើប​ម៉ាក​ LG​ និង​ Samsung​ ចំនួន​ ១.៤៨៣​គ្រឿង​ ដែល​មាន​តម្លៃ​មិន​តិច​ជាង​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ឈ្មួញ​ផ្ទុក​ក្នុង​វ៉ា​លី​ស​ចំនួន​៤​ធំៗ​ និង​ដឹក​តាម​រថយន្ត​ទំនើប​ Range​ Rover​ មួយ​គ្រឿង​ នៅ​ត្រង់​ចំណុច​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ហើយ​ទូរស័ព្ទ​ទំនើប​គេចពន្ធ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក​នេះ​ ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ ។​ គេ​មិនដឹង​ច្បាស់​ថា​ ករណី​រត់ពន្ធ​ទូរស័ព្ទ​ទំនើប​ចំនួន​១.៤៨៣​គ្រឿង​ មាន​តម្លៃ​មិន​តិច​ជាង​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ចុងឆ្នាំ​២០១៣​នោះ​ មានការ​ពាក់ព័ន្ធ​ជាមួយនឹង​លោក​ជំទាវ​ភរិយា​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ ដែរ​ឬ​យ៉ាងណា​ទេ​ ។​

​លោក​ ឌួ​ង​ ងៀប​ គឺជា​ពាណិជ្ជករ​មួយ​រូប​ក្នុង​នាម​ជា​ប្រធាន​ក្រុមហ៊ុន​ ឌួ​ង​ ងៀប​ និង​ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៨/៥៥៧​ ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០០៨​ ។​ លើស​ពី​នេះ​ លោក​ឧកញ៉ា​ ឌួ​ង​ ងៀប​ ក៏​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មួយ​រូប​ដែរ​ មាន​អត្តលេខ​០៥៥៣​ និង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៩/៣៥៧​ ចុះ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០០៩​ និង​មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ទៀត​ផង​ ។​

​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ ចំនួន​២​នាក់​ គឺ​ឈ្មោះ​ ឌួ​ង​ ឧត្តម​ឆ​វិ​ន​ ហៅ​ឆាយ​ និង​ឈ្មោះ​ ឌួ​ង​ គឹ​ម​ឡុ​ង​ ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាប់​ឃុំខ្លួន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ បន្ទាប់​ពួក​គេ​បាន​វាយ​ធ្វើបាប​ និង​ប្រើ​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ទៅ​លើ​បុរស​ម្នាក់​ កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១៣​ ជា​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ក្នុង​ភោជនីយដ្ឋាន​ ហ្គោ​ឡា​ង​ឡា​រ៉​ង់​ ឋិត​នៅ​ផ្លូវ​ត្រសក់ផ្អែម​លេខ​៦៣​ សង្កាត់​បឹង​កេងកង​ទី​១​  ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​ ឥឡូវនេះ​ ធ្លាយ​រឿងអាស្រូវ​លោក​ជំទាវ​ភរិយា​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ រកស៊ី​នាំ​ចូល​ទូរស័ព្ទ​ទំនើប​គេចពន្ធ​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ថែម​ទៀត​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នក​ត​តាមដាន​កិច្ចការជំនួញ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ករណី​ទូរស័ព្ទ​ទំនើប​គេចពន្ធ​ ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ចាប់​បាន​ម្តងម្កាល​នេះ​ គឺ​ដោយសារ​តែ​បែក​ការណ៍​ ទើប​ក៏​បាន​ក្លាយជា​ស្នាដៃ​របស់​សមត្ថកិច្ច​ខ្លះៗ​ ប៉ុន្តែ​ករណី​រត់ពន្ធ​ និង​គេចពន្ធ​រាប់​សិប​លើក​ទៀត​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ប្រាក់​ពន្ធគយ​នោះ​ សមត្ថកិច្ច​ចាប់​មិន​បាន​ឡើយ​ ដ្បិត​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ និង​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ ដែល​បណ្តោយ​ឲ្យ​មាន​រូបភាព​រត់គេច​ពន្ធ​ មិន​ត្រូវ​បាន​ដាក់​វិន័យ​ ឬ​ផ្តន្ទាទោស​ ព្រមទាំង​ឈ្មួញ​រត់ពន្ធ​ទូរស័ព្ទ​ទំនើបៗ​ ឬ​ទំនិញ​ឯទៀតៗ​ ក៏​មិន​ត្រូវ​បាន​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​រាងចាល​ដែរ​ គឺ​បាន​ត្រូវ​តម្រូវ​ឲ្យ​បង់ប្រាក់​ផាកពិន័យ​ប៉ុណ្ណោះ​ ក្នុង​ករណី​ម្ចាស់​ទំនិញគេចពន្ធ​ចូលខ្លួន​មក​ដោះស្រាយ​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.