ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ក្រៅពី​គយ​និង​ពន្ធដារ​ ល្បី​ថា​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ដែល​មាន​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ ជា​អគ្គនាយក​ ក៏​ពុក​រលួយ​ណាស់​ដែរ​

​មន្ត្រីរាជការ​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ធ្វើការ​រិះគន់​ដោយ​ចំៗ​ថា​ ក្រៅពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ គឺ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ដែល​មាន​ភារកិច្ច​គ្រប់គ្រង​និង​ត្រួតពិនិត្យ​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​កាស៊ីណូ​ ក្រុមហ៊ុន​ឆ្នោត​ និង​ល្បែងភ្នាល់​គ្រប់​ប្រភេទ​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​-​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ និង​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង​-​បុរី​ ព្រមទាំង​ខុន​ដូ​គ្រប់​ប្រភេទ​ ដោយ​មាន​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ ជា​អគ្គនាយក​នោះ​ ក៏​ជោកជាំ​ដោយ​អំពើ​ពុក​រលួយ​ កិបកេង​ថវិការដ្ឋ​ ស៊ីសំណូកសូកប៉ាន់​ និង​បក្ខពួក​គ្រួសារ​និយម​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ ។​

​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ បាន​ត្អូញត្អែរ​ថា​ ការ​គ្រប់គ្រង​របស់​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ ជា​អគ្គនាយក​ គឺ​ពោរពេញ​ទៅ​ដោយ​បក្ខពួក​និយម​ និង​គ្រួសារ​និយម​ជាមួយ​ក្មួយ​ស្រី​របស់​ខ្លួន​ឈ្មោះ​ ហេង​ ច័ន្ទ​សុភា​ ក្នុង​នាម​ជា​លេខាធិការដ្ឋាន​ មាន​ឋានៈ​ស្មើ​អនុប្រធាន​នាយកដ្ឋាន​យ៉ាង​ពេញបន្ទុក​ តាំងពី​មិន​ទាន់​ដំឡើង​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ មក​ជា​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ម្ល៉េះ​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថវិកា​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ។​

​ប្រភព​ពី​មន្ត្រីរាជការ​ដែល​អាណិតអាសូរ​ជាតិ​ទាំងនោះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​បន្ទប់ធ្វើការ​របស់​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ មាន​ទូដែក​មួយ​យ៉ាង​ធំ​ ហើយ​នៅ​រៀង​រាល់​ល្ងាច​ពេល​ចេញពី​ធ្វើការ​ ឯកឧត្តម​អគ្គនាយក​រូប​នេះ​តែង​ប្រមូល​លុយ​មួយ​កញ្ចប់​ពី​ទូដែក​យក​ទៅ​ផ្ទះ​វិញ​ រហូត​ដល់​លោក​ជំទាវ​ ឆាយ​ ល​ក្ខិ​ណា​ ជា​ភរិយា​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ បាន​អួត​ប្រាប់​គេឯង​ថា​ "​ប្តី​របស់​គាត់​(​ម៉ី​ វ៉ា​ន់​)​ បើ​រក​លុយ​មិន​បាន​ប្រមាណ​១​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ​ គាត់​នឹង​មិន​ឲ្យ​ចូល​ផ្ទះ​ទេ​ ។​ "​ ។​ ទំហំ​នៃ​ការ​កិបកេង​ថវិការដ្ឋ​ និង​ស៊ីសំណូក​-​សូកប៉ាន់​ ពុក​រលួយ​ ជាមួយ​ម្ចាស់​កាស៊ីណូ​-​ក្រុមហ៊ុន​ឆ្នោត​ធំៗ​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំៗ​ (​ធ្វើ​តួលេខ​បន្លំ​ចំណូល​រដ្ឋ​)​ និង​ម្ចាស់​បុរី​ ព្រមទាំង​សំណង់ផ្ទះ​ល្វែង​ធំៗ​ (​លាក់បាំង​ក្នុង​ការ​គេចវេះ​មិន​សុំ​អាជ្ញាប័ណ្ណ​…)​ មាន​កម្រិត​មិន​តិចតួច​ឡើយ​ក្នុង​មួយ​ឆ្នាំៗ​ ។​

​ការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ដែល​ប្រើប្រាស់​គម្រោង​ថវិកា​របស់​ ADB​ ត្រូវ​បាន​ឯកឧត្តម​អគ្គនាយក​ ម៉ី​ វ៉ា​ន់​ បើកដៃ​ឲ្យ​ក្មួយ​ស្រី​ឈ្មោះ​ ហេង​ ច័ន្ទ​សុភា​ កិបកេង​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ តាម​រយៈ​វិធី​បំប៉ោង​បរិមាណ​ និង​តម្លៃ​គុណ​នឹង​៣​ទៅ​៤​ដង​នៃ​តម្លៃពិត​លើ​ទីផ្សារសេរី​ ។​ លើស​ពី​នេះ​ ប្រាក់​បេសកកម្ម​ក្រៅប្រទេស​ ត្រូវ​បាន​ក្មួយ​ស្រី​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ បង្ខំ​ឲ្យ​មន្ត្រី​ម្នាក់ៗ​កាត់​ប្រាក់​ឲ្យ​ខ្លួន​ចំនួន​៥​ភាគរយ​ តែបើ​មិន​កាត់​ភាគរយ​ឲ្យ​ទេ​ ខ្លួន​នឹង​ប្រាប់​ពូ​របស់​ខ្លួន​កត់​ក្នុង​បញ្ជីខ្មៅ​ មិន​ឲ្យ​ចេញ​បេសកកម្ម​ក្រៅប្រទេស​ជា​រៀង​រហូត​ ដ្បិត​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ ជា​អ្នក​ចុះហត្ថលេខា​លើ​មូល​ប្ប​ទា​នប​ត្រ​ ។​ រឿងរ៉ាវ​ទាំងនេះ​ ខាង​ ADB​ គប្បី​ពិនិត្យ​មើល​ផង​ ពីព្រោះ​កាលពី​អំឡុង​ឆ្នាំ​២០០៩-២០១០​ ធ្លាប់​លេច​ចេញ​ករណី​បាត់ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​រួច​មក​ហើយ​ ដោយសារ​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ លួច​បន្លំ​សមគំនិត​គ្នា​ជាមួយ​សាច់ញាតិ​របស់​លោក​ជំទាវ​គាត់​ឈ្មោះ​ គុយ​ តារា​ ។​

​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​ក្នុង​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ បាន​រៀបរាប់​ទាំង​ឈឺចាប់​ទៀត​ថា​ អំណាច​ធំ​មហិមា​នៅ​ក្នុង​អគ្គនាយកដ្ឋាន​ទាំងមូល​ប្រមូលផ្តុំ​តែ​ទៅ​លើ​ឯកឧត្តម​អគ្គនាយក​ ម៉ី​ វ៉ា​ន់​ និង​ក្មួយ​ស្រី​របស់​គាត់​ឈ្មោះ​ ហេង​ ច័ន្ទ​សុភា​ ព្រមទាំង​បក្ខពួក​ គូកន​របស់​គាត់​ប៉ុណ្ណោះ​ រីឯ​មន្ត្រី​តូចតាច​រាប់​តាំងពី​អ្នក​បោសសម្អាត​ មន្ត្រី​ធម្មតា​ដល់​មន្ត្រី​ជំនាញ​ និង​មន្ត្រី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ដែល​មិន​ដង្ហែ​គ្រប់​ដប់​តាម​អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ទទួល​រង​នូវ​ការ​លាប​ពណ៌​ និង​ចោទប្រកាន់​ថា​ ជា​គណបក្សប្រឆាំង​ ហើយ​គ្រប់ៗ​ម៉ាត់​ ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ តែងតែ​យកឈ្មោះ​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ មក​គាបសង្កត់​លើ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​បាក់បប​ខ្លបខ្លាច​ ។​

​ក្រុម​មន្ត្រីរាជការ​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ដែល​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ទាំងឡាយ​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ ជា​អគ្គនាយក​ បាន​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​មន្ត្រី​ជំនិត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែរ​នោះ​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​មាន​វិធានការ​ទៅ​លើ​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ និង​គូកន​ផង​ ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ក្នុង​ការ​បំពេញការងារ​ និង​ស្តារ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើង​វិញ​ ។​

​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​របស់​មន្ត្រីរាជការ​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ទៅ​លើ​ឯកឧត្តម​អគ្គនាយក​ ម៉ី​ វ៉ា​ន់​ ដូច្នេះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​នៅឡើយ​ទេពី​សំណាក់​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ ត្រឹម​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ។​

​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១០៤៧​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ ៕​

Mey-Vann

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.