ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

តុលាការ​សម្រេច​ហាមឃាត់​ថៅកែ​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​ SKT​ ក្នុង​ការ​ផ្ទេរកម្មសិទ្ធិ​និង​សាងសង់​លើ​ទីតាំង​ដី​ទំនាស់​នៅ​ប៉ោយ​ប៉ែ​ត​

​កាល​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៤​ សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​មួយ​លេខ​១៧​ សម្រេច​ហាមឃាត់​ឈ្មោះ​ ប្រាក់​ផា​ វីរិយៈ​ប្រាក់​ផៃ​កិ​ច​ ជនជាតិ​ថៃ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ SKT​ ដោយ​មាន​តំណាង​ចំនួន​២​នាក់​ជា​ជនជាតិ​ថៃ​ និង​ជា​មេការ​ឈ្មោះ​ អាំ​នួ​យ​ ភិត​វិ​ជិត​ផាក់​ឌី​ និង​ឈ្មោះ​ ភុ​ត​ធិ​ផុង​ ធិ​នៈ​រ៉ាត់​ មិន​ឲ្យ​ផ្ទេរកម្មសិទ្ធិ​ លក់​ ដូរ​ ជួល​ បញ្ចាំ​ ធ្វើ​អំណោយ​ ឬ​មរតក​ និង​សាងសង់​ ឬ​ដេញថ្លៃ​ការ​សាងសង់​ឲ្យ​អ្នក​ដទៃ​ ព្រមទាំង​មិន​ឲ្យ​ដឹក​សម្ភារៈ​ ឬ​លក់ដូរ​សម្ភារៈ​ដែល​មាននៅ​ក្នុង​ទីតាំង​ការដ្ឋាន​រោង​សិប្បកម្ម​ផលិត​ឥដ្ឋ​ ឋិត​ក្នុងភូមិ​កូប​ធំ​ ផ្លូវ​ទៅ​ស្រុក​ម៉ា​ឡៃ​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ជា​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​តុលាការ​សម្រេច​ដល់​អង្គសេចក្តី​ចប់​សព្វគ្រប់​ តាម​ពាក្យបណ្តឹង​របស់​លោក​ សាលី​ សា​ឡឹ​ង​ ជនជាតិ​ខ្មែរ​ ជា​ម្ចាស់បំណុល​ ។​

​ដីកា​សម្រេច​រក្សា​ការពារ​លេខ​១៧​ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៤​ របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នោះ​ ត្រូវ​បាន​លោក​ លី​ ម៉េ​ង​ ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ និង​ជា​ចៅក្រម​អនុវត្តន៍​ បាន​ដឹកនាំ​កម្លាំង​សាធារណៈ​អនុវត្តន៍​រួចរាល់​ហើយ​ កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ។​

​ដើមចម​ដែល​នាំ​ឲ្យ​មាន​សំណុំរឿង​វិវាទ​ខាងលើ​នេះ​ គឺ​ដោយសារ​កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ឈ្មោះ​ ប្រាក់​ផា​ វីរិយៈ​ប្រាក់​ផៃ​កិ​ច​ អគ្គ​នាយិកា​ក្រុមហ៊ុន​ SKT​ របស់​ថៃ​ បាន​ចុះ​កិច្ចសន្យា​ ព្រមព្រៀង​គ្នា​ជាមួយ​លោក​ សាលី​ សា​ឡឹ​ង​ ឲ្យ​ធ្វើការ​សាងសង់​អគារ​សិប្បកម្ម​ផលិត​ឡឥដ្ឋ​នៅ​ភូមិ​កូប​ធំ​ ផ្លូវ​ទៅ​ស្រុក​ម៉ា​ឡៃ​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ចំនួន​៥​អគារ​ ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​១៩.៦២០.០០០​បាត​(​លុយ​ថៃ​)​ ដោយ​លោក​ សាលី​ សា​ឡឹ​ង​ ជា​អ្នក​អនុវត្តន៍​គម្រោង​ បាន​ទទួល​ប្រាក់​កក់​ចំនួន​១០​ភាគរយ​ ស្មើនឹង​១.៩៦២.០០០​បាត​រួច​ហើយ​ ។​ ប៉ុន្តែ​ បន្តបន្ទាប់​មក​ទៀត​ លោក​ សាលី​ សា​ឡឹ​ង​ បាន​អះអាង​ថា​ នៅ​ពេល​ការ​សាងសង់​បាន​អនុវត្តន៍​ដល់​ដំណាក់កាល​ទី​៦​ក្នុង​ចំណោម​ដំណាក់កាល​ទាំង​១០​ លោកស្រី​អគ្គ​នាយិកា​ក្រុមហ៊ុន​ SKT​ មិន​បាន​បើកប្រាក់​ចំនួន​៤.៤៣៨.០០០​បាត​ ដូច​មាន​ចែង​ក្នុង​កិច្ចសន្យា​ឲ្យ​មក​ខ្លួន​ឡើយ​ ទោះបី​លោកស្រី​អគ្គ​នាយិកា​ក្រុមហ៊ុន​ SKT​ នេះ​បាន​ឯកភាព​នៅ​លើ​លិខិត​បញ្ជូន​ស្នើ​សុំ​បើកប្រាក់​រួច​ហើយ​ក៏​ដោយ​ និង​មិនតែប៉ុណ្ណោះ​ លោកស្រី​អគ្គ​នាយិកា​ក្រុមហ៊ុន​ SKT​ បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ ឲ្យ​មក​ខ្លួន​រហូត​ដល់​ទៅ​ចំនួន​២​លើក​ថែម​ទៀត​ ។​ ដូច្នេះ​ទើប​លោក​ សាលី​ សា​ឡឹ​ង​ សម្រេចចិត្ត​ប្តឹង​ទៅ​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​តែ​ម្តង​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​នេះ​ បាន​សម្តែង​នូវ​សេចក្តី​សង្ឃឹម​ទុកជា​មុន​ថា​ តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នឹង​សម្រេចសេចក្តី​ផ្តល់​យុត្តិធម៌​ជូន​លោក​ សាលី​ សា​ឡឹ​ង​ ជា​ភាគី​កំពុង​រង​គ្រោះ​នៅ​ក្នុង​ដំណើរការ​អនុវត្តន៍​គម្រោង​សាងសង់​អគារ​សិប្បកម្ម​ផលិត​ឡឥដ្ឋ​ឲ្យ​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​ SKT​ ដែល​មាន​លោកស្រី​ ប្រាក់​ផា​ វីរិយៈ​ប្រាក់​ផៃ​កិ​ច​ ជា​អគ្គ​នាយិកា​ក្រុម​ហ៊ុ​នេះ​ ដ្បិត​អំពើ​មិន​គោរព​កិច្ចសន្យា​ គឺជា​កំហុសឆ្គង​មួយ​ទៅ​ហើយៗ​អំពើ​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ ឬ​ហៅ​ថា​ ចេញ​សែក​ស្អុយ​ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ថែម​ទៀត​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.