ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ក្រុមការងារ​គណបក្សប្រឆាំង​និង​គណបក្សកាន់អំណាច​ណាត់ជួប​ជជែក​ពិភាក្សា​គ្នា​សា​ជា​ថ្មី​នៅ​ព្រឹកស្អែក

​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ តាម​ការ​ប្រកាស​លទ្ធផល​របស់​គណៈកម្មកា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​នោះ​ គ្រោង​នឹង​ណាត់ជួប​ជជែក​ពិភាក្សា​គ្នា​នៅ​វិមាន​ព្រឹទ្ធសភា​ នា​ថ្ងៃ​អង្គារ​ ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​០៩​ព្រឹកស្អែក​នេះ​ ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​បច្ចុប្បន្ន​ ដែល​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​យ៉ាងធ្ងន់ធ្ងរ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ នា​ថ្ងៃអាទិត្យ​ ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​មក​ ។​

​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ និង​ត្រូវ​បាន​ គ​.​ជ​.​ប​ ប្រកាស​ថា​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ចំនួន​៥៥​អាសនៈ​នោះ​ បាន​ចាត់​ក្រុមការងារ​របស់​ខ្លួន​រួច​ហើយ​ ដែល​តំណាង​ដោយ​ឯកឧត្តម​ សុ​ន​ ឆ័​យ​ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​,​ ឯកឧត្តម​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តព្រៃវែង​ និង​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ។​

​ដោយឡែក​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដ៏​ធំ​ និង​ដុះ​ស្លែ​នៅ​កម្ពុជា​ និង​ត្រូវ​បាន​ គ​.​ជ​.​ប​ ប្រកាស​ថា​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ចំនួន​៦៨​អាសនៈ​នោះ​​ មានតំណាងរបស់ខ្លួនគឺឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។​

​សូម​បញ្ជាក់​ជូន​ថា​ ទាំង​ថ្នាក់ដឹកនាំ​កំពូល​ ទាំង​ក្រុមការងារ​របស់​គណបក្ស​នយោបាយ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំង​២​ ធ្លាប់​បាន​ជួប​ប្រជុំ​គ្នា​ច្រើន​លើក​មក​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ​ គឺ​បាន​ត្រឹម​ធ្លាប់​ចុះហត្ថលេខា​នៅ​លើ​សេចក្តី​ប្រកាស​រួម​មួយ​ ចុះ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដែល​មាន​ខ្លឹមសារ​ចំនួន​៣​ចំណុច​ គឺ​ ៖​ ១-​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​គោរព​ និង​អនុវត្តន៍​ដោយ​ម៉ត់ចត់​តាម​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ របស់​ព្រះករុណា​ព្រះមហាក្សត្រ​ អំពាវនាវ​ចំពោះ​ជនរួមជាតិ​ទាំងមូល​ដែល​ជា​ក្រុម​បាតុករ​ និង​ក្រុម​សមត្ថកិច្ច​ សូម​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​តាម​រូបភាព​ណា​ក៏​ដោយ​ ដូច​ជា​ការ​គប់​ដុំ​ថ្ម​ និង​ការ​ប្រើប្រាស់​អាវុធ​ដែល​បណ្តាល​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​ទទួល​រង​របួស​ ឬ​បាត់បង់​ជីវិត​ និង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ទាំងមូល​ ហើយ​ងាក​មក​ប្រកាន់​យក​ប្រពៃណី​អហិង្សា​ ខិតខំ​យោគយល់​ រាប់អាន​គ្នា​ជា​ខ្មែរ​តែ​មួយ​ និង​អត់ធ្មត់​ជា​អតិបរមា​ ដើម្បី​បញ្ជៀ​ស​អ​ស្ថិរភាព​នៃ​ជាតិ​យើង​ ព្រមទាំង​រក្សា​ភាព​ថ្លៃថ្នូរ​ និង​ភាព​ស្ងាត់ស្ងៀម​ ដើម្បី​ទុក​ឱកាស​រក​ដំណោះស្រាយ​បញ្ហា​ជាតិ​យើង​ទាំងអស់​គ្នា​ ។​ ២-​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ។​ ៣-​ភាគី​ទាំង​ពីរ​នឹង​បន្ត​ជួប​ចរចា​គ្នា​តទៅ​ទៀត​តាម​គ្រប់​កម្រិត​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទោះបី​មាន​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​នៃ​ជំនួប​កំពូល​រវាង​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង​ក៏​ដោយ​ ក៏​នៅ​តែ​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​ រហូត​ធ្វើ​ឲ្យ​មាន​ពលរដ្ឋ​ស៊ី​វិល​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ក្នុង​សកម្មភាព​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច​ទៅ​លើ​ក្រុម​បាតុករ​ជា​កម្មករ​រោងចក្រ​ S​ L​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៣,​ ការ​បង្ក្រាប​ទៅ​លើ​កម្មករ​រោងចក្រ​យ៉ាក់​ជី​ង​,​ ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ជា​កម្មករ​នៅ​រោងចក្រ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ ផ្លូវ​វេ​ង​ស្រេង​ និង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នា​ថ្ងៃ​ទី​០៣-០៤​ ខែមករា​ ឆ្នាំ​២០១៤​ ជាដើម​…​។​ល​។​

​ចំណុច​មិន​ចុះសម្រុង​ទាក់ទង​នឹង​ការ​ពិភាក្សា​គ្នា​ ឬ​ការ​ដោះស្រាយ​រវាង​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង​នា​ពេល​កន្លង​មក​ គឺ​គណបក្សប្រឆាំង​ទាមទារ​ឲ្យ​មានការ​រៀបចំ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​ ក្រោយ​មាន​យន្តការ​កែទម្រង់​ការ​បោះ​ឆ្នោត​រួចរាល់​ រីឯ​គណបក្សកាន់អំណាច​ប្រកាន់​ជំហរ​ថា​ ការ​បោះ​ឆ្នោត​មុន​កាលកំណត់​ ឬ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ជា​ការ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​របស់​ប្រទេស​ជាតិ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ស្ថានការណ៍​នយោបាយ​កម្ពុជា​នៅ​ដំណាក់កាល​បន្តបន្ទាប់​មកនេះ​ មានកា​រវិ​វ​ឌ្ឍ​ប្រែប្រួល​ខ្លះៗ​ បន្ទាប់​ពី​គណបក្សកាន់អំណាច​ប្រើ​កណ្តាប់ដៃ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ និង​បណ្តេញ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៤​រួច​មក​ គឺ​គេ​សង្កេត​ឃើញ​ថា​ គណបក្សប្រឆាំង​ហាក់​ស្ងប់ស្ងាត់​ក្នុង​ការ​កំណត់​កាលបរិច្ឆេទ​សា​ជា​ថ្មី​ ទាក់ទង​នឹង​ការ​ធ្វើ​មហា​បាតុកម្ម​តទៅ​ទៀត​ រហូត​មក​ដល់​ពេលវេលា​ណាត់ជួប​ពិភាក្សា​គ្នា​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ឡើង​វិញ​នៅ​ថ្ងៃស្អែក​នេះ​ ដែល​គេ​រំពឹង​ទុក​ថា​ ទាំង​គណបក្សកាន់អំណាច​ ទាំង​គណបក្សប្រឆាំង​ នឹង​គិតគូរ​តម្កល់​ដល់​ប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជា​ធំ​ ជៀសវាង​ឲ្យ​ឈាម​ខ្មែរ​ហូរ​តទៅ​ទៀត​ ដូច​សម័យ​អតីតកាល​ ៕​

17-02

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.