ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ថ្នាក់ដឹកនាំ​និង​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​មានឱកាស​ពុក​រលួយ​ជាង​២០​ឆ្នាំ​ហើយ​ នៅ​តែ​មិន​ស្កប់ស្កល់​ទៀត​ ?

ចាប់តាំងពី​កកើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នា​ឆ្នាំ​១៩៩៣​មក​ មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ ថ្នាក់ដឹកនាំ​ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​រហូត​ទល់​បច្ចុប្បន្ន​ ព្រមទាំង​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ទេស​រដ្ឋមន្ត្រី​ ជា​ឧបនាយករដ្ឋមន្ត្រី​ថែម​ទៀត​ ជា​ពិសេស​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រៀងដរាប​មិន​ខ្ចី​ហត់នឿយ​ (​បើ​គិត​ពី​បាន​ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​១៨៥​នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ គឺ​មាន​រយៈពេល​ជិត​៣០​ឆ្នាំ​)​ ។​

​ការ​កាន់កាប់​អំណាច​ដុះ​ស្លែ​យូរ​យ៉ាងនេះ​ ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងនោះ​ ជា​អាទិ៍​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​,​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន (ដន្លងដងស្នែងជាមួយបុរសខ្លាំង)​​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​,​ ឯកឧត្តម​បណ្ឌិត​ ចម​ ប្រសិទ្ធ​…​។​ល​។​ មានឱកាស​កើប​ភោគផល​លុយកាក់​យ៉ាងច្រើន​ក្រាស់ក្រែល​ ក្លាយជា​អ្នកមាន​ទាំង​អំណាច​ ទាំង​ទ្រព្យសម្បត្តិ​មហាសាល​ ដែល​ការ​ទទួល​បាន​នូវ​ទ្រព្យសម្បត្តិ​ទាំងនេះ​មិនមែន​សំដៅ​ពឹងផ្អែក​ជា​ចម្បង​ទៅ​លើ​ប្រាក់បៀវត្សរ៍​នោះ​ទេ​ គឺ​សំខាន់​ប្រមូល​បាន​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ តាម​ផ្នែក​ តាម​វិស័យ​ និង​តាម​ជំនាញ​ ខណៈ​ដែល​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទើបតែ​កើត​មាននៅ​ឆ្នាំ​២០១០​ និង​ចូល​ជា​ធរមាន​អនុវត្តន៍​នៅ​ឆ្នាំ​២០១១​ប៉ុណ្ណោះ​ ។​

​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៤១០/០០៤​ ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១០​ និង​មាន​អានុភាព​អនុវត្តន៍​ពេញ​បរិបូរណ៍​នៅ​គ្រប់ជំពូក​ និង​គ្រប់​មាត្រា​ នៅ​ឆ្នាំ​២០១១​នោះ​ បាន​កំណត់​រួច​ហើយ​ថា​ "​មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​ គ្រប់​វិស័យ​ និង​គ្រប់​ជាន់ថ្នាក់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ប្រព្រឹត្ត​ក្រោយ​ពេល​ដែល​ច្បាប់​នេះ​មាន​អានុភាព​អនុវត្តន៍​ ។​ "​ ។​ មាន​ន័យ​ថា​ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​មាន​វិសាលភាព​អនុវត្តន៍​ទៅ​លើ​គ្រប់​អំពើ​ពុក​រលួយ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រោយ​ឆ្នាំ​២០១០-២០១១​ ។​

​ក្រុម​អ្នកជំនាញ​ខាង​មុខរបរ​ជំនួញ​បាន​និយាយ​ថា​ ស្ថានភាព​បម្រើ​ការងារ​របស់​មន្ត្រីរាជការ​នៅ​កម្ពុជា​ គឺ​បើ​មានឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ត្រឹម​២​អាណត្តិ​រយៈពេល​១០​ឆ្នាំ​ ក៏​អាច​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​បាន​ដែរ​ កុំ​ថា​ឡើយ​ដល់​រយៈពេល​ជាង​២០​ឆ្នាំ​ដូច​បុរស​ខ្លាំង​ គឺ​ប្រាកដ​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​តែ​ម្តង​ ។​ ដូច្នេះ​ ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​មាន​ប្រភព​មក​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​ទុក​ចែក​តកូនតចៅ​រួចរាល់​អស់​ទៅ​ហើយ​ នៅ​មុន​ពេល​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​វិសាលភាព​អនុវត្តន៍​ ពោល​គឺ​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំ​គ្នា​តាក់តែង​ និង​អនុម័ត​ច្បាប់​ដើម្បី​ទុក​ការពារ​ផលប្រយោជន៍​អំណាច​ និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដែល​រកបាន​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ តាម​វិធី​ពុក​រលួយ​កុំ​ឲ្យ​របូត​បាត់បង់​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​បុរស​ខ្លាំង​ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០​នាក់​ទៀត​ដែល​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ គឺ​បាន​កាន់​មុខ​តំណែង​ជា​សមាជិក​រាជរដ្ឋាភិបាល​ ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ និង​ជា​ស្ថាប័ន​ព្រះ​បរមរាជវាំង​ ប៉ុន្តែ​មាន​អភ័យឯកសិទ្ធិ​សភា​ ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​ ។​ ដូច្នេះ​ ឧបមា​ថា​ បុរស​ខ្លាំង​និង​មន្ត្រី​ចំនួន​១០​នាក់​ទៀត​ដែល​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក៏​មិន​ញញើត​នឹង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ​ ដ្បិត​គ្មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​រដ្ឋសភា​សម្រាប់​អនុម័ត​លើក​អភ័យឯកសិទ្ធិ​សភា​របស់​បុរស​ខ្លាំង​ និង​របស់​មន្ត្រី​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ទាំង​១០​នាក់​ទៀត​ ដើម្បី​បើកផ្លូវ​ឲ្យ​ស្ថាប័ន​តុលាការ​ចោទប្រកាន់​ ឃាត់ខ្លួន​ ចាប់ខ្លួន​ និង​ឃុំខ្លួន​នោះ​ដែរ​ ។​ ម្យ៉ាងទៀត​ មន្ត្រី​កាន់​អំណាច​គ្រាក់ៗ​ទាំងនោះ​ថ្វី​ដ្បិត​មានឱកាស​ពុក​រលួយ​ជាង​២០​ឆ្នាំ​រួច​ហើយ​ក៏​ដោយ​ ក៏​នៅ​តែ​មិន​ទាន់​បោះបង់​មហិច្ឆតា​ស្កប់ស្កល់​នឹង​អំណាច​ និង​ទ្រព្យសម្បត្តិ​នៅឡើយ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.