ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម​ម្នាក់​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​បទ​ជម្រះក្តី​ដោយ​អយុត្តិធម៌​

​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម​ម្នាក់​ គឺ​លោក​ សម​ ប៊ុ​ន​ថុ​ន​ ត្រូវ​បាន​លោក​ ហ៊ុន​ វុ​ទ្ធី​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ផ្អាវ​ ឃុំ​ផ្អាវ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ត្រូវជា​កូនប្រុស​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ុន​ បាវ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ប្តឹង​ទៅ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ដោយ​ចោទប្រកាន់​ថា​ ជំនុំ​ជម្រះក្តី​មាន​ភាព​អយុត្តិធម៌​បំផុត​ចំពោះ​ខ្លួន​ជា​ទាយាទ​ជន​រង​គ្រោះ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នា​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៣​ ។​

​ពាក្យបណ្តឹង​របស់​លោក​ ហ៊ុន​ វុ​ទ្ធី​ បាន​រៀបរាប់​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១០​ព្រឹក​ ឈ្មោះ​ ឈី​ន​ កុសល​ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ឲ្យ​ក្រុមហ៊ុន​ LPR​ បាន​ថយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​កោះកុង​ 3A-0215​ កិន​លើ​ឪពុក​របស់​ខ្លួន​ឈ្មោះ​ ហ៊ុន​ បាវ​ ។​ បន្ត​មក​ទៀត​ ស្រាប់តែ​ឈ្មោះ​ សូ​ សាន​ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-9363​ ដែរ​នោះ​ បាន​បើករថយន្ត​មក​កិន​លើ​ឪពុក​របស់​ខ្លួន​បន្ថែម​ បណ្តាល​ឲ្យ​គាត់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ ភូមិ​បា​ធា​យ​ ឃុំ​បា​ធា​យ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ។​ ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ សមត្ថកិច្ច​នគរបាល​ស្រុក​បា​ធា​យ​បាន​មក​ដល់​កន្លែង​កើតហេតុ​ ដោយ​ថត​ផ្តិត​រូបភាព​សាកសព​ និង​រថយន្ត​បង្ក​ទាំង​២​គ្រឿង​ ព្រមទាំង​នាំ​យក​រថយន្ត​បង្ក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ទៀត​ផង​ ។​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៣​ ស្រាប់តែ​លោក​អធិការ​នគរបាល​ស្រុក​បា​ធា​យ​ បាន​ប្រគល់​រថយន្ត​បង្ក​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-9363​ ឲ្យ​ទៅ​ម្ចាស់​រថយន្ត​វិញ​ ដោយ​មិន​បាន​ទទួល​ការ​សម្រេច​ដឹង​ឮ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ឡើយ​ ហើយ​នគរបាល​ចរាចរណ៍​ស្រុក​បា​ធា​យ​មិន​បាន​បញ្ជូន​រូបភាព​ដែល​ថត​បាន​បញ្ចូល​ទៅ​ក្នុង​សំណុំរឿង​ថែម​ទៀត​ ដោយ​អះអាង​ថា​ រូបថត​ទាំងនោះ​ត្រូវ​ខូចខាត​អស់​ ។​

​លោក​ ហ៊ុន​ វុ​ទ្ធី​ ជា​ម្ចាស់​បណ្តឹង​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ និង​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​ បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ​ ឈី​ន​ កុសល​ ពី​បទ​បើកបរ​បង្ក​ឲ្យ​មាន​អ្នក​ដទៃ​ស្លាប់​ដោយ​ចេតនា​ តាម​មាត្រា​៨២​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។​ លុះដល់​ដំណាក់កាល​ជំនុំ​ជម្រះក្តី​ លោក​ សម​ ប៊ុ​ន​ថុ​ន​ ជា​ចៅក្រម​ជំនុំជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥០​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៣​ របស់​សាលាដំបូង​ខេត្តកំពង់ចាម​ បែរជា​សម្រេច​ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​០៣"​ញ​"​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៤​ ប្រគល់​រថយន្ត​បង្ក​ឲ្យ​ទៅ​ម្ចាស់​រថយន្ត​វិញ​ ដោយ​ជន​រង​គ្រោះ​មិន​ទទួល​បាន​សំណង​រដ្ឋប្បវេណី​អ្វី​ពី​ជនជាប់ចោទ​ទាល់តែ​សោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​យល់​ឃើញ​ថា​ ការ​សម្រេច​ក្តី​របស់​លោក​ចៅក្រម​ សម​ ប៊ុ​ន​ថុ​ន​ មាន​ភាព​អ​យុ​ត្កិ​ធម៌​បំផុត​ចំពោះ​ជន​រង​គ្រោះជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ ។​

​ប្រភព​ព័ត៌មាន​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ក្រសួងយុត្តិធម៌​ បាន​ឲ្យ​ដឹង​ថា​ បាន​ទទួល​ពាក្យបណ្តឹង​របស់​លោក​ ហ៊ុន​ វុ​ទ្ធី​ ដែល​ប្តឹង​លោក​ចៅក្រម​ សម​ ប៊ុ​ន​ថុ​ន​ នោះ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​មក​ ហើយ​កំពុង​ពិនិត្យ​និង​ចាត់ការ​ទៅ​លើ​ពាក្យបណ្តឹង​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​លោក​ សម​ ប៊ុ​ន​ថុ​ន​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ឲ្យ​បម្រើ​ការងារ​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្តកំពង់ចាម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៣៣​ ចុះ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១១​ និង​ក្រោយមក​ ត្រូវ​បាន​តែងតាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តកំពង់ចាម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១២/៥៩១​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១២​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.