អ្នកបើកបររថយន្តតាក់ស៊ីតាកែវ-ភ្នំពេញ ម្នាក់ត្រូវបានក្រុមចោរប្រដាប់អាវុធចំនួន៣នាក់ នាំគ្នាធ្វើសកម្មភាពប្លន់យករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង បើកឆ្ពោះទៅខេត្តកំពតបាត់ស្រមោល បន្ទាប់ពីបានបាញ់ទៅជនរងគ្រោះត្រូវចំបំពង់កចំនមនួន១គ្រាប់ បណ្តាលឲ្យរងរបួសជាទម្ងន់ កាលពីវេលាម៉ោង១៨និង១៥នាទីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ ។
សមត្ថកិច្ចស្រុកទ្រាំងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ប្លន់រថយន្តនេះ មានឈ្មោះ ទេព ផល្លី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ជាអ្នករត់តាក់ស៊ីពីស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមករាជធានីភ្នំពេញ ដោយរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខបាត់ដំបង 2A-8562 ។ ដោយឡែក ជនសង្ស័យមានគ្នា៣នាក់មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ប្លន់និងបាញ់ជនរងគ្រោះចំបំពង់កមួយគ្រាប់ បណ្តាលឲ្យរងរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈជនសង្ស័យក្រោយធ្វើសកម្មភាពប្លន់ជនរងគ្រោះរួចហើយ បានបើករថយន្តឆ្ពោះទៅស្រុកអង្គរជ័យ ខេត្តកំពតបាត់ស្រមោល ។
តាមសម្តីជនរងគ្រោះប្រាប់ទៅសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានដឹកយុវជនចំនួន៣នាក់ពីរាជធានីភ្នំពេញនៅម្តុំមាត់ទន្លេមុខវាំង ឆ្ពោះទៅកាន់កាស៊ីណូព្រំដែនភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដោយយុវជនទាំង៣នាក់នោះបានព្រមព្រៀងឲ្យតម្លៃឈ្នួលចំនួន៦០ដុល្លារអាមេរិក ។ លុះដឹកមកដល់ចំណុចឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ យុវជនម្នាក់ក្នុងចំណោមគ្នា៣នាក់ដែលជិះខាងក្រោយ បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់ពីក្រោយត្រូវចំបំពង់ក ហើយពួកគេក៏បានរុញទម្លាក់ខ្លួនចេញពីរថយន្ត និងក្រុមចោរក៏បាននាំគ្នាបើករថយន្តឆ្ពោះទៅកាន់ខេត្តកំពតបាត់ទេ ។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចខេត្តតាកែវ បានព្រងាយចេញស្ទាក់គ្រប់ផ្លូវ ដើម្បីច្បាមចាប់ក្រុមចោរប្លន់ប្រដាប់អាវុធទាំង៣នាក់នោះហើយ ៕