ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ករណី​ឡោម​ព័ទ្ធ​ឆែក​ផ្ទះ​មេបញ្ជាការ​យោធា​ម្នាក់​រក​មិនឃើញ​ឈើ​ក្នុងផ្ទះ​វិឡា​ តែ​ឃើញ​មាន​ឈើ​ប្រណីត​៤០​ដុំ​ធំៗ​នៅ​ក្រោយ​ផ្ទះ​

​ប្រភព​ព័ត៌មាន​ពី​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​ ករណី​សមត្ថកិច្ច​ចម្រុះ​ចុះ​ឡោម​ព័ទ្ធ​ឆែកឆេរ​ភូមិ​គ្រឹះ​លោក​បញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​ មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍​ ឋិត​នៅ​ភូមិ​ឆ្នែង​ ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ កាលពី​រសៀល​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ ស៊ូ​ សុវិទ្យា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ ដើម្បី​ស្វែង​ករ​ការ​លួចលាក់​ឈើ​ប្រណីត​ខុសច្បាប់​កន្លង​មក​នោះ​ គឺ​សមត្ថកិច្ច​បាន​រក​ឃើញ​ឈើ​ប្រណីត​ប្រភេទ​ឈើ​បេង​ និង​ឈើ​ធ្នង់​ ចំនួន​៤០​ដុំ​ធំៗ​ នៅ​ក្នុង​ចម្ការ​កៅស៊ូ​ និង​ចម្ការ​ស្វាយចន្ទី​ក្រោយ​ផ្ទះ​ ប៉ុន្តែ​នៅ​ក្នុងផ្ទះ​វិឡា​លោក​មេបញ្ជាការ​យោធា​រូប​នេះ​ សមត្ថកិច្ច​រក​មិនឃើញ​មាន​លាក់​ទុក​ឈើ​ទេ​ ។​

​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ចុះ​ឆែកឆេរ​ភូមិ​គ្រឹះ​លោក​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​ គឺ​លោក​ឧត្តមសេនីយ៍ត្រី​ ឃិ​ន​ ម៉េ​ង​ស្រេង​ នោះ​ គឺ​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការ​ណ័​ពី​ប្រជាពលរដ្ឋ​ ដោយ​ចោទប្រកាន់​ថា​ ក្រុម​គ្រួសារ​លោក​ឧត្តមសេនីយ៍​ ឃិ​ន​ ម៉េ​ង​ស្រេង​ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​យក​មក​ស្តុក​ទុក​ក្នុងផ្ទះ​ និង​ចម្ការ​ក្រោយ​ផ្ទះ​ ដើម្បី​នាំ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​ ឆ្លងកាត់​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​ ធ្វើ​ឲ្យ​ខូចខាត​ផលដំណាំ​របស់​ពួក​គាត់​ជា​ញឹកញាប់​ ។​

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​ឆែកឆេរ​ភូមិ​គ្រឹះ​ និង​ចម្ការ​ក្រោយ​ផ្ទះ​លោក​ឧត្តមសេនីយ៍​ ឃិ​ន​ ម៉េ​ង​ស្រេង​ នោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ក្រៅពី​ការ​រក​ឃើញ​ឈើ​ប្រណីត​ប្រភេទ​ឈើ​បេង​ និង​ឈើ​ធ្នង់​ចំនួន​៤០​ដុំ​ធំៗ​ គឺ​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​ម៉ាក​កាម​រី​ច្នៃ​មួយ​គ្រឿង​ មាន​ផ្ទុក​ឈើ​២​ដុំ​ធំៗ​នៅ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ​លោក​ឧត្តមសេនីយ៍​ ឃិ​ន​ ម៉េ​ង​ស្រេង​ ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ បាន​លើក​ឡើង​ថា​ ទោះបី​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​រក​មិនឃើញ​ការ​លួចលាក់​ទុក​ឈើ​ក្នុងភូមិ​គ្រឹះ​លោក​ឧត្តមសេនីយ៍​ ឃិ​ន​ ម៉េ​ង​ស្រេង​ ក៏​ដោយ​ ប៉ុន្តែ​ឈើ​ធ្នង់​ និង​ឈើ​បេង​មានមុខ​កាត់​ធំៗ​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ​លោក​ឧត្តមសេនីយ៍​ ឃិ​ន​ ម៉េ​ង​ស្រេង​ នោះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ គឺជា​ឈើ​របស់​លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​យោធា​រូប​នេះ​លាក់​ទុក​ ព្រោះ​នៅ​តំបន់​នៅ​មិនសូវ​មាន​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ទេ​ តែ​គេ​ឃើញ​ភាគច្រើន​ជា​រថយន្ត​ដឹកឈើ​បើក​ចូល​ក្នុងភូមិ​គ្រឹះ​លោក​ឧត្តមសេនីយ៍​ ឃិ​ន​ ម៉េ​ង​ស្រេង​ ប៉ុណ្ណោះ​ ក្នុង​នោះ​ក៏​មានកូន​ស្រី​របស់​លោក​ឧត្តមសេនីយ៍​រូប​នេះ​ឈ្មោះ​ ស្រី​ពេជ្រ​ ជាប់​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​រកស៊ី​ឈើ​ប្រណីត​ នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដុះ​ស្លែ​ថែម​ទៀត​ ។​

​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌល​គិ​រ​ បាន​ឲ្យ​ដឹង​ថា​ លោក​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​ ឃិ​ន​ ម៉េ​ង​ស្រេង​ នេះ​គឺជា​យោធា​មាន​ឥទ្ធិពល​អំណាច​មួយ​រូប​ក្នុង​ខេត្ត​ និង​មាន​ប្រវត្តិ​រកស៊ី​ឈើ​ជា​យូរ​ឆ្នាំ​ដុះ​ស្លែ​មក​ហើយ​ តាំងពី​នៅ​មាន​ឋានៈ​ជា​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​មក​ម្ល៉េះ​ ដោយ​គ្មាន​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ហ៊ាន​ក្អក​ឡើយ​ ។​

​លោក​ ឃិ​ន​ ម៉េ​ង​ស្រេង​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៧៣៤​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​ (​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១២/១០៧០​ ចុះ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១២​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.