រថយន្តទំនើបម៉ាក Range Rover ចំនួន២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង នៅចំណុចផ្លូវកែងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ជិតទីស្តីការគណៈរដ្ឋមន្ត្រី ឋិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង២១និង៣០នាទីយប់ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ បណ្តាលឲ្យរងការខូចខាតទាំងសងខាង ហើយរថយន្ត Range Rover មួយគ្រឿងជ្រុលទៅប៉ះនឹងរថយន្តម៉ាក Mercedes ពាក់ស្លាកលេខភ្នំពេញ 2F-5928 មួយគ្រឿងទៀតដែលបែកកង់ឈប់ចតអែបចិញ្ចើមផ្លូវ រងការខូចខាតអស់មួយចំហៀង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2V-0709 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កែងផ្លូវលេខ១១៤ ជិតទីស្តីការគណៈរដ្ឋមន្ត្រី បានបុកជាមួយរថយន្ត Range Rover មួយគ្រឿងទៀត ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតផ្នែកខាងមុខទាំងសងខាង ។ ខណៈនោះ រថយន្ត Range Rover ដែលគ្មានពាក់ស្លាកលេខបានជ្រុលទៅបុករថយន្ត Mercedes មួយគ្រឿងទៀតរបស់នារីម្នាក់ដែលបែកកង់ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតមួយចំហៀងរថយន្ត ហើយម្ចាស់រថយន្តបង្កក្រោយពេលកើតហេតុ បានមេផាយរត់គេចខ្លួនបាត់ស្រមោល បានត្រឹមទុកឲ្យសមត្ថកិច្ចចុះវាស់វែង និងនាំយករថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមក្រោយប៉ុណ្ណោះ ។
ទោះយ៉ាងណាក៏ដោយ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីទេនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើប និងរថយន្តទំនើបទាំង៣គ្រឿងនេះ ៕