ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

មានការ​បាញ់ប្រហារ​សា​ជា​ថ្មី​ស្រ​ដៀង​ករណី​បាញ់​សម្លាប់​អ្នកជំនួញ​ដីធ្លី​ជា​កូន​ថៅកែ​សណ្ឋាគារ​ហង្ស​នាគ​

​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​កំពុង​ជិះ​រថយន្ត​ម៉ាក​ Rav​ 4​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2T-9565​ បាន​ទទួល​រង​នូវ​ការ​បាញ់ប្រហារ​ពី​ឃាតក​ចំនួន​២​នាក់​ ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ កាលពី​រាត្រី​ម៉ោង​២១​និង​៤០​នាទី​ ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ចំណុច​ភ្លើងស្តុប​សាលា​បឋម​សិក្សា​ទួល​គោក​ផ្លូវ​លេខ​២៨៩​ កែង​ផ្លូវ​លេខ​៥៦៦​  សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​បាញ់ប្រហារ​ទៅ​លើ​បុរស​អ្នកជំនួញ​ដីធ្លី​ម្នាក់​ឈ្មោះ​ ឈី​ ចាន់​ហុង​ ត្រូវជា​កូនប្រុស​ថៅកែ​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ហង្ស​នាគ​ កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៨​និង​៤០​នាទី​ល្ងាច​ នៅ​ចំណុច​ផ្លូវ​លេខ​៥៦៦​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ខណៈ​ពេល​កំពុង​ជិះ​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ជាមួយ​មិត្តភក្តិ​ជា​ជនជាតិ​សិង្ហ​បុរី​ ។​

​ជន​រង​គ្រោះ​ដែល​ទទួល​រង​ការ​បាញ់ប្រហារ​ពី​សំណាក់​ឃាតក​ តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​នេះ​មានឈ្មោះ​ ជា​ សំឡេង​ អាយុ​៦២​ឆ្នាំ​ ដោយ​ពួក​ឃាតក​ជិះ​ទោចក្រយានយន្ត​ចំនួន​២​នាក់​មក​អែប​នឹង​រថយន្ត​ រួច​ហើយ​បាញ់​មក​លើ​ជន​រង​គ្រោះ​នៅ​ខាងឆ្វេង​រថយន្ត​ បណ្តាល​ឲ្យ​ធ្លុះ​កញ្ចក់​ធ្លាយ​ទៅ​ខាងស្តាំ​ ។​ សំណាងល្អ​ការ​ប៉ុនប៉ង​បាញ់​សម្លាប់​នេះ​មិន​បាន​សម្រេច​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ចំនួន​១​ក្នុង​១.០០០​គ្រោះថ្នាក់​ ហើយ​ឃាតក​ក៏​បាន​ជិះ​ទោចក្រយានយន្ត​គេចខ្លួន​បាត់​ស្រមោល​ ។​

​សូម​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៨​និង​៤០​នាទី​ល្ងាច​ នៅ​ចំណុច​ផ្លូវ​លេខ​៥៦៦​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​កន្លង​មក​ ឃាតក​ចំនួន​២​នាក់​ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​ បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ទៅ​លើ​អ្នកជំនួញ​ដីធ្លី​ម្នាក់​ឈ្មោះ​ ឈី​ ចាន់​ហុង​ អាយុ​៤៦​ឆ្នាំ​ ត្រូវជា​កូន​ថៅកែ​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ហង្ស​នាគ​ចំនួន​២​គ្រាប់​ ខណៈ​កំពុង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2E-7677​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​

​តាម​ការ​កត់សម្គាល់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ឈាន​ចូល​មក​ដល់​ដើមឆ្នាំ​២០១៤​នេះ​ ទោះបី​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ចេញ​នូវ​វិធានការ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ក៏​ដោយ​ បែរជា​លេច​កើត​មាន​អំពើ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​មាន​វិបត្តិ​មិន​ទាន់​ដោះស្រាយ​បាន​ស្រួលបួល​នៅឡើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.