អតីតប្រធានសាខាពន្ធដារខេត្តព្រះវិហារមួយរូប ដែលជាប់ចោទពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ ប្រព្រឹត្តនៅមន្ទីរពន្ធដារសាខាខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០០៩-២០១២នោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាប្រធាន ចេញលិខិតលេខ០០៤/១៤សជណ.អបព ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រកាសចាប់ខ្លួនយកមកឲ្យទទួលទោសតាមច្បាប់ ។
បុរសជនជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយជាអតីតប្រធានសាខាពន្ធដារខេត្តព្រះវិហារ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយប្រកាសចាប់ខ្លួននោះ មានឈ្មោះ ជា សុផល អាយុ៤៦ឆ្នាំ មានទីលំនៅមុនពេលគេចខ្លួននៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ជនជាប់ចោទឈ្មោះ ជា សុផល ត្រូវបានសាលាដំបូងខេត្តព្រះវិហារបើកសវនាការជំនុំជម្រះសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ ពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ តាមបញ្ញត្តិមាត្រា៥៩៧,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដោយសារសាលក្រមព្រហ្មទណ្ឌលេខ១២៣ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ។ លើសពីនេះ សាលាដំបូងខេត្តព្រះវិហារក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ជា សុផល ផងដែរ តាមដីកាលេខ០៤/២០១៤ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ៕