ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

សមត្ថកិច្ច​អះអាង​ថា​ព្រះ​សុវណ្ណកោដ្ឋ​និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ដែល​រក​ឃើញ​វិញ​ត្រូវ​បាន​សម្តេចម៉ែ​មាន​បន្ទូល​បញ្ជាក់​ថា​ជាវត្ថុពិតប្រាកដ​

​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ចន្ទ​ ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​អះអាង​ថា​ ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ដែល​បាន​រក​ឃើញ​វិញ​កាលពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​ត្រូវ​បាន​ចោរលួច​បាត់​នោះ​ គឺជា​វត្ថុ​ពិតប្រាកដ​ឥត​ក្លែងក្លាយ​ទេ​ ដ្បិត​ត្រូវ​បាន​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​  និង​សុភមង្គល​ និង​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ បាន​ទត​និង​ពិនិត្យ​រួច​ហើយ​ ដោយ​ទ្រង់​និង​សម្តេច​បាន​បញ្ជាក់​ថា​ ជា​របស់​ពិតប្រាកដ​ ខណៈ​ដែល​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​បាន​តម្កល់​ទុកជា​បណ្តោះអាសន្ន​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា​ ក្រសួងព្រះបរមរាជវាំង​គ្រោង​នឹង​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ ទៅ​ដាក់​តម្កល់​នៅ​សក្យមុនីចេតិយ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ ហៅ​ភ្នំ​ឧដុង្គ​វិញ​ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ពិភាក្សា​គ្នា​រួចរាល់​អំពី​វិធានការ​បង្កើន​ការ​ការពារ​វត្ថុ​ដ៏​មាន​តម្លៃ​មហាសាល​នេះ​ ដូច​ជា​ការ​បន្ថែម​កងកម្លាំង​សមត្ថកិច្ច​ការពារ​ និង​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​បន្ថែម​ជាដើម​ ។​

​ក្នុង​សំណុំរឿង​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​តម្កល់​ទុក​នៅ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ ដែល​បាន​ចោរលួច​បាត់​កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៣​ និង​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​វិញ​នា​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​មក​ នៅ​ចំណុច​ភូមិ​កកោះ​ ឃុំ​ខ្វាវ​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​នោះ​ គឺ​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ កែវ​ រស្មី​ អាយុ​២៤​ឆ្នាំ​ និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ សៀ​ក​ សា​រ៉េ​ត​ អាយុ​៣៩​ឆ្នាំ​ បញ្ជូន​ទៅ​តុលាការ​ ក្រោម​បទចោទប្រកាន់​លួច​វត្ថុ​មាន​តម្លៃ​មហាសាល​នេះ​ និង​ការ​ទទួលផល​ចោរកម្ម​ បន្ទាប់​ពី​ក្រុម​ឆ្មាំ​ចំនួន​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។​

​ក្រោយ​ពេល​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​វិញ​កាលពី​ថ្ងៃ​ទី​០៦​ ខែ​កុ​ម្កៈ​ ឆ្នាំ​២០១៤​នោះ​ មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​មិន​ជឿជាក់​ថា​ជា​វត្ថុ​ពិតប្រាកដ​ឡើយ​ អាច​ជា​របស់​ក្លែងក្លាយ​ ដ្បិត​បាត់​ក៏​ស្រួល​ និង​រក​ឃើញ​វិញ​ក៏​ស្រួល​ នៅ​ថ្ងៃ​បុណ្យមាឃបូជា​មក​ដល់​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដើម្បី​បំបាត់​ភាព​មន្ទិល​សង្ស័យ​របស់​ពុទ្ធសាសនិកជន​កម្ពុជា​ទាំងមូល​ ទាក់ទង​នឹង​ការ​រក​ឃើញ​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ ដែល​ជាវ​ត្ដុ​ដ៏​មាន​តម្លៃ​មហាសាល​របស់​សាសនា​ជាតិ​នេះ​ គួរតែ​សម្តេចម៉ែ​ និង​សម្តេចព្រះ​មហាក្សត្រ​ ទ្រង់​ចេញ​ព្រះរាជ​សារ​ថ្លែង​ដោយ​ផ្ទាល់​បញ្ជាក់​អំពី​ភាព​ពិតប្រាកដ​ឥត​ក្លែងក្លាយ​របស់​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ ប្រសើរ​ជាង​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ជា​អ្នក​ចេញ​មុខ​អះអាង​ជំនួស​ដូច្នេះទៅវិញ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.