ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

វប្បធម៌​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ ៖​ ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ទើបបាន​ឡើង​ប្រាក់ខែ​

​ចាប់តាំងពី​មានដំណើរ​ការ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​មក​ គឺ​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់​ឃើញ​ថា​ ទាល់តែ​កម្មករ​ កម្មការិនី​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ទើប​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ម្តង​បន្តិចៗ​ ហើយ​ការ​តវ៉ា​ទាមទារ​នេះ​មិន​ត្រឹមតែ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ​ ឬ​មាត់ទទេ​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ​ ដើម្បី​ទទួល​បានការ​ដំឡើង​ប្រាក់ខែ​ទេ​ រហូត​ដល់​កម្រិត​ធ្វើ​កូដកម្ម​ ឬ​បាតុកម្ម​ និង​មាន​ពេល​ខ្លះ​អាច​ឈាន​ដល់​ស្ថានភាព​ហិង្សា​ថែម​ទៀត​រវាង​កងកម្លាំង​សមត្ថកិច្ច​ខាង​បង្ក្រាប​ និង​កម្មករ​ កម្មការិនី​តាម​បណ្តា​រោងចក្រ​សហគ្រាស​ ។​

​មិន​ត្រឹមតែ​កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ទេ​ កាលពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុម​កម្មករ​ កម្មការិនី​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិ​ន​ទ្រី​ (CINTRI)​ នាំ​គ្នា​ធ្វើ​កូដកម្ម​សឹង​ឈាន​ទៅ​ដល់​ទទួល​រង​ការ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ ដើម្បី​តវ៉ា​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​សម​ស្រប​ ទើប​ទទួល​បាន​ប្រាក់​បន្ថែម​បណ្តោះអាសន្ន​ខ្លះៗ​ពី​២០​ដុល្លារ​អា​មេ​រិ​ក​ទៅ​២៥​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​លើ​ប្រាក់ខែ​ដែល​មាន​កម្រិត​ទាប​ស្រាប់​ មិន​អាច​ទប់ទល់​ទាល់តែ​សោះ​ទៅ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ដែល​ចេះ​តែ​ឡើងថ្លៃ​ឥត​ឈប់​ឈរ​ ។​

​ព័ស្តុតាង​មាន​ច្រើន​មក​ហើយ​ ដូច​ជា​ករណី​រោងចក្រ​ S​ L​ ទាល់តែ​កម្មករ​ កម្មការិនី​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ច្រើន​ដង​រាប់​ភ្លេច​ និង​ឈាន​ទៅ​មានការ​បង្ក្រាប​យ៉ាង​ហិង្សា​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ រង​របួស​ជា​ច្រើន​នាក់​ ព្រមទាំង​ខូចខាត​ទ្រព្យ​សម្ភារៈ​ជា​ច្រើន​ទៀត​ ទើប​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​ និង​តំណាង​កម្មករ​បាន​ចូល​ប​ម្រ​ការងារ​វិញ​ និង​ព្រមព្រៀង​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​បាន​ខ្លះៗ​ទៀត​ ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ។​

​ដូច្នេះ​ គេ​ចោទ​ជា​សំណួរ​ថា​ តើ​ទម្លាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ​ទាល់តែ​កម្មករ​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​សម​ស្រប​ ទើប​រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​បាន​ខ្លៗ​នោះ​ គឺជា​វប្បធម៌​នៅ​កម្ពុជា​ឬ​ ?​ តើ​ការ​ធ្វើ​បែប​នេះ​អាច​នាំ​មក​នូវ​បរិស្ថាន​វិនិយោគ​ល្អ​នៅ​ប្រទេស​កម្ពុជា​ឬ​ ?

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ច្បាប់​ស្តី​ពី​ការងារ​ គឺ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ និង​ការ​តាមដាន​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ កម្មការិនី​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ ត្រូវ​ឋិត​ក្នុង​សមត្ថកិច្ច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ ដែល​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ។​ ដូច្នេះ​ ការ​បណ្តែតបណ្តោយ​មិន​ខ្វល់​ មិន​ពិចារណា​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម​ស្រប​ ឬ​ធ្វើ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​កម្មករ​ កម្មការិនី​ មក​ពី​គណៈកម្មការ​ប្រឹក្សា​ការងារ​ ឬ​មន្ត្រី​រាជរដ្ឋាភិបាល​មើល​មិនឃើញ​ ដោយ​បិទ​បាំង​មុខ​ជិត​ដោយសារ​អំពើ​ពុក​រលួយ​ សមគំនិត​គ្នា​ជាមួយ​ថៅកែ​រោងចក្រ​ ឬ​ថៅកែ​ក្រុមហ៊ុន​ ទើប​ហាមាត់​មិន​រួច​ និង​សម្រេច​មិនកើត​ ។​ លុះដល់​ពេល​កម្មករ​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​កក្រើក​រោងចក្រ​ កក្រើក​ក្រុមហ៊ុន​ និង​កក្រើក​ពេញ​ប្រទេស​ ទើប​ក្រុម​មន្ត្រី​មហា​ពុក​រលួយ​ទាំងនោះ​ចាប់ផ្តើម​កម្រើក​គិតគូរ​ខ្លះៗ​ ហើយ​ឆ្លៀត​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​ អួត​ក្អេងក្អាង​ថែម​ទៀត​នៅ​រាល់ពេល​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​ម្តងៗ​នោះ​ ។​

​ទម្លាប់​ដ៏​អាក្រក់​របស់​មន្ត្រី​កាន់កាប់​អំណាច​គ្រប់​ផ្នែក​ គ្រប់​ថ្នាក់​ ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​របៀប​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ប្រឆាំង​ចោទប្រកាន់​ទៅ​លើ​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ថា​ គឺ​ដឹកនាំ​ឲ្យ​រាស្ត្រ​"​ខ្លៅ​ ខ្លាច​ និង​ឃ្លាន​"​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​អំណាច​ និង​បោក​បញ្ឆោត​ធ្វើ​ប្រជាភិថុតិ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.