ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សមត្ថកិច្ច​ចម្រុះ​ឡោម​ព័ទ្ធ​លំនៅ​ឋាន​មេបញ្ជាការ​យោធា​ម្នាក់​សង្ស័យ​ពី​ករណី​លួចលាក់​ឈើ​ប្រណីត​ខុសច្បាប់​

​ប្រភព​ព័ត៌មាន​ពី​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​ កាលពី​រសៀល​ម៉ោង​១៤​និង​១០​នាទី​ ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ឆែកឆេរ​លំនៅ​ឋាន​លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​យោធា​ខេត្ត​ម្នាក់​ នៅ​ចំណុច​ភូមិ​ឆ្នែង​ ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ ដោយ​សង្ស័យ​ថា​ មានការ​លួចលាក់​ឈើ​ប្រណីត​ខុសច្បាប់​ ។​

​ព័ត៌មាន​ជាបឋម​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ បេសកកម្ម​ឡោម​ព័ទ្ធ​ចុះ​ឆែកឆេរ​លំនៅ​ឋាន​លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​នា​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ​ មិន​ទាន់​ទទួល​បាន​លទ្ធផល​ទេ​ ដោយសារ​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ចាក់សោ​ ធ្វើ​ឲ្យ​សមត្ថកិច្ច​មិន​អាច​ចូល​បាន​ ។​

​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ឆែកឆេរ​លំនៅ​ឋាន​ដោយ​សង្ស័យ​ថា​ មានការ​លួចលាក់​ឈើ​ខុសច្បាប់​នេះ​ គឺ​លោក​ឧត្តមសេនីយ៍ត្រី​ ឃិ​ន​ ម៉េ​ង​ស្រេង​ នាយទាហាន​នៃ​កង​យោធ​ព​ខេមរភូមិន្ទ​ អត្តលេខ​០០២៧៣៤​ ។​

​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី​ បាន​ឲ្យ​ដឹង​ថា​ លោក​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​ ឃិ​ន​ ម៉េ​ង​ស្រេង​ គឺជា​យោធា​មាន​ឥទ្ធិពល​អំណាច​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ខេត្ត​ ហើយ​មេបញ្ជាការ​យោធា​រូប​នេះ​មាន​ខ្សែបណ្តាញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រចាំ​ខេត្តមណ្ឌលគិរី​ដុះ​ស្លែ​ជា​យូរយារ​ណាស់​មក​ហើយ​ គ្មាន​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ហ៊ាន​ក្អក​ឡើយ​នា​ពេល​កន្លង​មក​ តាំងពី​មាន​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ម្ល៉េះ​ ។​

​លោក​ ឃិ​ន​ ម៉េ​ង​ស្រេង​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៧៣៤​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១២/១០៧០​ ចុះ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១២​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.