ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ទស្សនៈ​ជុំវិញ​ការ​រក​ឃើញ​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​វិញ​នៅ​មុន​ថ្ងៃ​បុណ្យមាឃបូជា​មក​ដល់​

​ករណី​បាត់បង់​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ពី​កន្លែង​តម្កល់​ទុក​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​ ហៅ​ភ្នំ​ឧដុង្គ​ កាលពី​ថ្ងៃ​អង្គារ​ ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​មក​នោះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​សឹងតែ​មិន​គួរ​ឲ្យ​ជឿ​ទៀត​ផង​ ពីព្រោះ​ការ​បាត់បង់​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ដោយ​កម្រ​បំផុត​ ស្មើនឹង​ការ​បាត់បង់​ដួង​ព្រលឹង​ព្រះពុទ្ធ​សាសនា​ ជា​សា​នា​របស់​រដ្ឋ​ និង​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ផង​ដែរ​អំពី​អសមត្ថភាព​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ការពារ​ ថែរក្សា​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ដ៏​មាន​តម្លៃ​ ។​

​រយៈពេល​ប្រមាណ​២​ខែ​កន្លង​ផុត​ទៅ​ គឺ​កាលពី​វេលា​ម៉ោង​១៥​និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលម្ង៉ៃ​នេះ​ សមត្ថកិច្ច​នគរបាល​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​មក​វិញ​ហើយ​ ដោយ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​អ្នក​លួច​ម្នាក់​ឈ្មោះ​ កែវ​ រស្មី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ (​ជា​អ្នកមាន​ផ្ទុកមេរោគ​អេ​ដស៍​ក្នុង​ខ្លួន​ និង​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ព្រមទាំង​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​លើក​ផង​)​ នៅ​ចំណុច​ភូមិ​កកោះ​ ឃុំ​ខ្វាវ​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ។​

​មុន​ឈាន​មក​ដល់​ការ​ចាប់​ឃាត់ខ្លួន​បុរស​ឈ្មោះ​ កែវ​ រស្មី​ ដែល​អះអាង​ថា​ ជា​អ្នក​លួច​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ពី​ភ្នំ​ព្រះរាជ​ទ្រព្យ​នោះ​ គឺ​សមត្ថកិច្ច​ និង​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តកណ្តាល​ បាន​ចាប់​ឃាត់ខ្លួន​ និង​សម្រេច​ឃុំខ្លួន​ក្រុម​ឆ្មាំ​យាមកាម​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​នៅ​ភ្នំ​ឧដុង្គ​ចំនួន​៥​នាក់​ដាក់​ពន្ធនាគារ​ កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ឆ្នាំ​២០១៣​កន្លង​មក​ ។​

​ទន្ទឹម​នឹង​ការ​ចាប់ខ្លួន​អ្នក​លួច​ ហើយ​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ ត្រូវ​បាន​រក​ឃើញ​វិញ​ក៏​ដោយ​ ក៏​សមត្ថកិច្ច​បាន​សង្ស័យ​ថា​ អាច​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ហើយ​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក​មេខ្លោង​ដែល​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​លួច​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​នេះ​តទៅ​ទៀត​  ។​

​ទោះបី​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ត្រូវ​បាន​រក​ឃើញ​វិញ​ និង​បាន​ដង្ហែ​យក​ទៅ​តម្កល់​រក្សា​ទុក​បណ្តោះអាសន្ន​ក្នុង​ព្រះ​បរមរាជវាំង​ ដោយ​សម្តេចចៅហ្វា​វាំង​ វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ម្សិលមិញ​នេះ​រួច​ហើយ​ក្តី​ ក៏​មាន​ទស្សនៈ​ជា​ច្រើន​ចេញពី​មជ្ឈដ្ឋាន​នានា​ជុំវិញ​ករណី​ការ​បាត់បង់​ និង​ការ​រក​ឃើញ​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ឡើង​វិញ​នេះ​ដូច​ខាងក្រោម​ ៖

១-​ពេល​ណា​មិន​បាត់​ មក​បាត់​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ នៅ​ក្រោយ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​វិញ​ ។​

២-​ចាប់តាំងពី​ធ្លាយ​ព័ត៌មាន​ថា​ មានការ​បាត់បង់​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ដ៏​មាន​តម្លៃ​ចំពោះ​សាសនា​របស់​ជាតិ​ពី​ភ្នំ​ព្រះរាជ​ទ្រព្យ​រួច​មក​  មិនឃើញ​មាន​ប្រតិកម្ម​អ្វី​ជា​ដុំ​កំភួន​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ ។​

៣-​តើ​គួរ​ឲ្យ​ជឿ​ដែរ​ឬទេ​ ដែល​បុរស​ឈ្មោះ​ កែវ​ រស្មី​ ថ្លើមធំ​ មាន​ពណ៌​ខ្មៅ​ ហ៊ាន​សម្រេចចិត្ត​ចូល​ទៅ​លួច​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ដ៏​មាន​តម្លៃ​របស់​ជាតិ​ ដ៏​កម្រ​បំផុត​ ដើម្បី​តែ​ប្រាក់​ ?

៤-​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​វិញ​ ចំ​មុន​ពេល​ថ្ងៃ​បុណ្យមាឃបូជា​ នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ មក​ដល់​ គឺជា​រឿង​ចៃដន្យ​ណាស់​ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សង្ស័យ​ថា​ ដូច​មាន​គម្រោងការ​រៀបចំ​ទុកជា​មុន​ស្រេច​ទៅ​ហើយ​ ។​ ម្យ៉ាងទៀត​ មិន​ទាន់​មាន​ថ្នាក់ដឹកនាំ​កំពូលៗ​ដែល​ធ្លាប់​ទត​ និង​បានឃើញ​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ពិតប្រាកដ​ មុន​ពេល​បាត់បង់​ ជា​អាទិ៍​ ៖​ សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​២​គណៈ​ ,​ សម្តេច​ព្រះរាជ​អគ្គមហេសី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ សម្តេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ និង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើការ​បញ្ជាក់​អំពី​រូបភាព​ពិត​ ឬ​ក្លែងក្លាយ​នៃ​ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​នៅឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ជំនឿ​សាសនា​ បាន​លើក​ឡើង​ថា​ ការ​បាត់បង់​ព្រះ​បរម​សារីរិកធាតុ​ ព្រះសម្មាសម្ពុទ្ធ​ ពី​ទីតាំង​តម្កល់​នៅ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​មក​ នៅ​ក្រោយ​ពេល​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេចព្រះ​មហា​វីរក្សត្រ​នោះ​ គឺជា​ប្រផ្នូល​អាក្រក់​របស់​អ្នកគ្រប់គ្រង​ប្រទេស​ជាតិ​ទាំងមូល​ ហើយ​អាច​មាន​អ្នក​ជឿ​ក្នុង​ផ្លូវ​ងងឹត​ណាមួយ​មាន​ចេតនា​ចង់​កម្ទេច​បំផ្លិចបំផ្លាញ​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​ជា​អម្ចាស់​ចោល​ជា​អសារ​បង់​ ដើម្បី​កុំ​ឲ្យ​ប្រឆាំង​នឹង​រាសី​របស់​ខ្លួន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.