បញ្ហាសំរាមនៅរាជធានីភ្នំពេញដែលជាទីក្រុងមានរហស្សនាមថា ជាទីក្រុងគុជនោះ គឺបានកើតឡើងជាយូរមកហើយ ដោយសារមានភាពយឺតយ៉ាវក្នុងការប្រមូលសំរាមពីសំណាក់ក្រុមហ៊ុនសំរាមស៊ិនទ្រី រហូតធ្វើឲ្យនៅក្បែរទីតាំងផ្សារមួយចំនួនក្លាយជាគំនរសំរាមខ្ពស់ដូចភ្នំ ដើម្បីបង្អួតភ្នែកភ្ញៀវទេសចរ ។
ឥឡូវនេះទៀត កាលពីថ្ងៃទី0៣ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ កម្មករក្រុមហ៊ុនសំរាមស៊ិនទ្រី បាននាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែឲ្យបានសមស្រប ជាហេតុធ្វើឲ្យសេវាប្រមូលសំរាមនៅរាជធានីភ្នំពេញមានការកកស្ទះជាច្រើនកន្លែង ខណៈដែលអ្នកគ្រប់គ្រងក្រុមហ៊ុនសំរាមស៊ិនទ្រីមិនទាន់បានដោះស្រាយចំពោះសំណើទាមទារប្រាក់ខែរបស់កម្មករ ។
ពាក់ព័ន្ធនឹងសំណើទាមទារដំឡើងប្រាក់ខែសមស្របរបស់កម្មករក្រុមហ៊ុនសំរាមស៊ិនទ្រី ហើយមិនត្រូវបានដោះស្រាយឲ្យបានទាន់ពេលវេលាពីសំណាក់ក្រុមហ៊ុនស៊ិនទ្រីទេនោះ គឺឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងត្រូវបាក់មុខមាត់មិនតិចតួចឡើយ ដោយសាររាជធានីភ្នំពេញជាទីក្រុងគុជ ក្លាយទៅជាទីក្រុងគ្របដណ្តប់ទៅដោយគំនរសំរាម ។
ដូច្នេះ ដើម្បីកុំឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងគំនរសំរាម និងដើម្បីកុំឲ្យអភិបាលរាជធានីភ្នំពេញបាក់មុខមាត់នោះ សូមឯកឧត្តម ប៉ា សុជាតិវង្ស និងនាយកគ្រប់គ្រងក្រុមហ៊ុនសំរាមស៊ិនទ្រី មេត្តាពិនិត្យនិងពិចារណាដោះស្រាយទៅនឹងសំណើរបស់កម្មករក្រុមហ៊ុនសំរាមស៊ិនទ្រី ដែលស្នើសុំទាមទារដំឡើងប្រាក់ខែសមស្របឲ្យបានទាន់ពេលវេលា ៕