ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អភិបាល​រាជធានី​ មេ​ប៉ូលិស​ មេ​ប៉េ​អឹ​ម​ និង​មេទាហាន​ឆត្រយោង​ទទួល​រង​ការ​ប្តឹង​ទៅ​តុលាការ​ពី​បទ​មនុស្សឃាត​

​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​ដោយ​បាញ់ប្រហារ​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​ បណ្តាល​ឲ្យ​មានការ​ស្លាប់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់​​ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅផ្លូវវេងស្រេងនោះ​ បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​នា​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ទៅ​ស្ថាប័ន​តុលាការ​ ដោយ​ប្តឹង​មេ​សមត្ថកិច្ច​មួយ​ចំនួន​ ដូច​ជា​ អភិបាល​រាជធានី​ភ្នំពេញ​ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ មេទាហាន​ឆត្រយោង​លេខ​៩១១​ និង​មេ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​គិត​ទុកជា​មុន​ ។​

​មេ​សមត្ថកិច្ច​ដែល​ទទួល​រង​ការ​ប្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​គិត​ទុកជា​មុន​ ពី​សំណាក់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ មាន​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​,​ លោក​ឧត្តមសេនីយ៍ឯក​ ម៉ក់​ ជី​តូ​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៧៧១​ ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ ក្រសួងមហាផ្ទៃ​,​ លោក​ឧត្តមសេនីយ៍ឯក​ ចាប​ ភក្តី​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០៤៣០​ ជា​មេបញ្ជាការ​កងកម្លាំង​ឆត្រយោង​លេខ​៩១១​ និង​លោក​ឧត្តមសេនីយ៍ទោ​ រ័​ត្ន​ ស្រ៊ា​ង​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤៥៥៨​ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ។​

​គេ​មិន​ទាន់​អាច​ដឹង​ជា​មុន​បាន​ទេ​ថា​ តើ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ជា​ស្ថាប័ន​តុលាការ​ល្បី​ខាង​មិន​ឯករាជ្យ​ និង​ដង្ហែ​តាម​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ នឹង​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​មេ​ប៉ូលិស​ មេទាហាន​ មេ​ប៉េ​អឹ​ម​ និង​អភិបាល​រាជធានី​ភ្នំពេញ​ ឬ​ក៏​ត្រូវ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​យ៉ាងណា​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​តាម​ទម្លាប់​របស់​ស្ថាប័ន​តុលាការ​កម្ពុ​ជានា​សម័យ​រាជាណាចក្រ​ទី​២​នេះ​ គឺ​ភាគច្រើន​ឲ្យ​តែ​មាន​បណ្តឹង​ប្រឆាំង​នឹង​អ្នកមាន​អំណាច​ និង​អ្នកមាន​លុយ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ តុលាការ​តែងតែ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​តែ​ម្តង​ ដោយ​មិន​ខ្ចី​ខ្វល់​ថា​មាន​យុត្តិធម៌​ ឬ​អយុត្តិធម៌​នោះ​ទេ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.