ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ល្បែង​ខ្លះ​មេ​គណបក្សប្រឆាំង​គួរតែ​ហ៊ាន​លេង​និង​ធ្វើ​ជា​គំរូ​ដោយ​ផ្ទាល់​ចំពោះ​បុរស​ខ្លាំង​

​មិនមែន​តែ​ម្តង​ទេ​ គឺ​មាន​ចំនួន​២​ដង​មក​ហើយ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើការ​គំរាម​ថា​នឹង​បញ្ចេញ​ខ្សែអាត់​ថត​សំឡេង​នៃ​កិច្ចប្រជុំ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ បង្ហាញ​ជា​សាធារណៈ​ ដោយ​បុរស​ខ្លាំង​អះអាង​ថា​ មេដឹកនាំ​គណបក្សប្រឆាំង​បាន​ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ និង​ទទួលស្គាល់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​រួច​ទៅ​ហើយ​ ។​

​ការ​គំរាម​លើក​ទី​១​របស់​បុរស​ខ្លាំង​បែប​នេះ​ គឺ​បាន​កើតឡើង​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជានៅតែប្រកែក​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​ ជា​ម្ចាស់​ឆ្នោត​ ។​

​ជា​ការ​ឆ្លើយ​តប​វិញ​ កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ទាំង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទាំង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​ ស្វាគមន៍​ចំពោះ​ការ​ចាក់​ផ្សាយ​នូវ​ខ្សែអាត់​ថត​សំឡេង​ជា​សាធារណៈ​ ប៉ុន្តែ​សុំ​ឲ្យ​មានការ​ចាក់​ផ្សាយ​នូវ​សំឡេង​ដើម​ទាំងស្រុង​តែ​ម្តង​ កុំ​ឲ្យ​ចាក់​ផ្សាយ​តែ​មួយ​ជ្រុង​ ឬ​មួយ​ចំណុច​ណា​នោះ​ នាំ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ ។​

​ទាក់ទង​នឹង​ការ​គំរាម​បញ្ចេញ​ខ្សែអាត់​ថត​សំឡេង​កិច្ចប្រជុំ​ចរចា​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​២​ពី​សំណាក់​បុរស​ខ្លាំង​ បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ ប៉ុន្តែ​លុះ​មក​ដល់​ខែមករា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ ស្រាប់តែ​បុរស​ខ្លាំង​ធ្វើការ​គំរាម​សា​ជា​ថ្មី​ម្តងទៀត​ គឺ​គម្រប់​ជា​លើក​ទី​២​ ដោយ​បុរស​ខ្លាំង​ចោទប្រកាន់​មេដឹកនាំ​គណបក្សប្រឆាំង​ថា​ ពេល​ប្រជុំ​ជាមួយ​គ្នា​និយាយ​ផ្សេង​ តែ​ដល់​ពេល​ចេញ​ក្រៅ​ប្រជុំ​ធ្វើ​ផ្សឹ​ង​ ។​

​បុរស​ខ្លាំង​បាន​អះអាង​ និង​ចោទប្រកាន់​ទៅ​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ បាន​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ឈប់​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​,​ ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ​ និង​គាំទ្រ​ខ្លួន​(​បុរស​ខ្លាំង​)​ជា​នាយក​រដ្ឋមន្ត្រី​ ។​ ប៉ុន្តែ​ពេល​ចប់​ពី​ប្រជុំ​ជាមួយ​គ្នា​ បែរជា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​ និង​ទាមទារ​ឲ្យ​ខ្លួន​(​បុរស​ខ្លាំង​)​ចុះ​ចេញពី​តំណែង​ទៅ​វិញ​ ពោល​គឺ​ធ្វើ​យក​ល្អ​ចំពោះ​អ្នកគាំទ្រ​គណបក្ស​ខ្លួន​ដែល​មិនដឹង​អំពី​ខ្លឹមសារ​ពិតប្រាកដ​នៃ​កិច្ចប្រជុំ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ជា​ធម្មតា​ក្នុង​កិច្ចប្រជុំ​ចរចា​គ្នា​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងមូល​ ដូច​ជា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ គឺ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ខ្សែអាត់​ថត​សំឡេង​ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​ខ្សែអាត់​ថត​សំឡេង​ដូច​គ្នា​ដែរ​ និង​ម្យ៉ាងទៀត​ ឧបមា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​ដូច​ការ​អះអាង​របស់​បុរស​ខ្លាំង​មែន​ទៅ​ចុះ​ ជាមួយ​គ្នា​នេះ​ក៏​ត្រូវ​មាន​សំណើ​ទាមទារ​ និង​ការ​ព្រមព្រៀង​គ្នា​វិញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ ។​

​សរុបសេចក្តី​មក​ ក្នុង​ករណី​បុរស​ខ្លាំង​ចូល​ចិត្ត​គំរាម​អំពី​ការ​បញ្ចេញ​ខ្សែអាត់​ថត​សំឡេង​បង្ហាញ​ជា​សាធារណៈ​ទាក់ទង​នឹង​កិច្ចប្រជុំ​រវាង​គណបក្ស​នយោបាយ​ទាំង​២​ជា​ច្រើន​ដង​ដូច្នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​គួរតែ​ហ៊ាន​លេងល្បែង​នេះ​ជាមួយ​បុរស​ខ្លាំង​វិញ​ គឺ​បើ​បុរស​ខ្លាំង​មិន​ក្លាហាន​ មិន​សឿង​បឿ​ង​ទេ​នោះ​ (​បាន​តែ​គំរាម​របៀប​ជា​អ្នកលេង​)​ ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ​យក​ខ្សែអាត់​ថត​សំឡេង​នោះ​យក​មក​ចាក់​ផ្សាយ​ជា​សាធារណៈ​ (​ក្នុង​នាម​ជា​អ្នក​មែន​)​តែ​ម្តង​ទៅ​ ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​ ធ្វើ​ជា​គំរូ​ផង​ និង​បំបាក់​ល្បិច​កល​គំរាម​របស់​បុរស​ខ្លាំង​ផង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.