ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ចំណុចខ្សោយ​របស់​បុរស​ខ្លាំង​គឺ​ការ​ទប់​អារម្មណ៍​ខ្លួនឯង​មិន​បាន​លើ​ការ​សម្រេចចិត្ត​នានា​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​

​មិនមែន​ជា​រឿងរ៉ាវ​សាមញ្ញ​ពេក​ទេ​ តែ​វា​ជា​ករណី​គួរ​ឲ្យ​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​បំផុត​ នៅ​ពេល​ដែល​បុរស​ខ្លាំង​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ​ ឬ​ជា​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងមូល​ បែរជា​ទប់​អារម្មណ៍​ខ្លួនឯង​មិន​បាន​លើ​ការ​សម្រេចចិត្ត​នានា​ចំពោះ​មុខមន្ត្រី​ក្រោម​ឱវាទ​ និង​ក្រុម​ឈ្មួញ​គ្រាក់ៗ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ខ្លួន​ ហើយ​ទុក​ឲ្យ​ភាគី​ឈ្មួញ​ជា​អ្នក​សម្រេច​ទាំង​បង្ខំចិត្ត​ និង​ធ្វើ​ចំណារ​ខ្លួនឯង​ហាម​ចិត្ត​ និង​អំពើ​ខ្លួនឯង​ជា​នាយក​រដ្ឋមន្ត្រី​ តាម​លិខិត​លាយលក្ខណ៍អក្សរ​ក្នុង​សេចក្តីជូនដំណឹង​(​ស​.​ជ​.​ណ​)​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ បង្គាប់​ប្រាប់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​និង​មន្ត្រី​ស្ថាប័ន​ផ្សេងៗ​ទៀត​ទៅ​វិញ​។​

​ព័ស្តុតាង​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០០១​ មានរឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​រវាង​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ ពី​បទ​ក្លែង​លិខិត​ស្នាម​ គៃបំបាត់​សម្បត្តិទ្រព្យ​ និង​ប្រាក់​ក្រុមហ៊ុន​ម៉េ​ង​ ស្រ៊ា​ង​ ហើយ​សំណុំរឿង​ក្តី​នេះ​មានការ​លូកដៃ​លូក​ជើង​អន្តរាគមន៍​សឹង​គ្រប់​ទិស​ទី​ពី​មន្ត្រី​គ្រាក់ៗ​ក្រោម​ឱវាទ​បុរស​ខ្លាំង​ ចូល​មក​ក្នុង​ស្ថាប័ន​តុលាការ​ ។​ ក្រោយមក​ យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០០១​ របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ទើប​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បាន​សម្រេច​ជា​គោលការណ៍​ឲ្យ​បន្ត​ដំណើរការ​តាម​ផ្លូវច្បាប់​តទៅ​ទៀត​ ហើយ​គ្មាន​បុគ្គល​ណាមួយ​ រាប់​ទាំង​នាយក​រដ្ឋមន្ត្រី​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​នេះ​បាន​ឡើយ​ និង​ការ​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ​ លី​ សាយ​ឃាង​ តាម​ដីកា​តុលាការ​ត្រូវធ្វើ​បន្ត​ទៀត​ តាម​ស្មារតី​លិខិត​លេខ​២០៧៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០០១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ដែល​មាន​អ្នកធំ​អន្តរាគមន៍​គគ្រឹកគគ្រេង​ខាងលើ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ បុរស​ខ្លាំង​ទើសទាល់​ពន់ពេក​ជាមួយនឹង​ការ​អន្តរាគមន៍​គ្រប់​ជ្រុង​ពី​មន្ត្រី​ក្រោម​ឱវាទ​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ បុរស​ខ្លាំង​មិន​ហ៊ាន​ចាត់ការ​ទៅ​លើ​ក្រុម​មន្ត្រី​ខិលខូច​ទាំងនោះ​ទេ​ បែរជា​ងាក​មក​សម្រេច​ហាមឃាត់​ទប់​អារម្មណ៍​ខ្លួនឯង​ជា​នាយក​រដ្ឋមន្ត្រី​តាម​លិខិត​លាយលក្ខណ៍អក្សរ​ទៅ​វិញ​ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ហួស​ចិត្តជា​អនេក​ចំពោះ​ចំណាត់ការ​របស់​បុរស​ខ្លាំង​ សូ​ម្បី​តែ​ខ្លួនឯង​ជា​នាយក​រដ្ឋមន្ត្រី​ទៅ​ហើយ​ ក៏​ដាក់​បំរាម​តាម​លិខិត​លាយលក្ខណ៍អក្សរ​ដែរ​ ។​

​មាន​ព័ស្តុតាង​មួយទៀត​ក្នុង​ចំណោម​ព័ស្តុតាង​ដ៏​ច្រើន​ទាក់ទង​នឹង​រឿង​វិវាទ​ដីធ្លី​រវាង​អ្នកឧកញ៉ា​ សុខ​ គង់​ អគ្គនាយក​ក្រុមហ៊ុន​សូ​គី​ម៉ិច​ និង​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ អគ្គ​នាយិកា​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ កាលពី​អំឡុង​ឆ្នាំ​២០០៧​ គឺ​បុរស​ខ្លាំង​បន្ទាប់​ពី​ធ្វើ​ចំណារ​ចុះឡើង​ មិន​ហ៊ាន​វះកាត់​សម្រេច​ផ្តល់​យុត្តិធម៌​ឲ្យ​គី​ភាគី​វិវាទ​ ឬ​ភាគី​ណាមួយ​បាន​អស់ចិត្ត​ទេ​ បែរជា​ដាក់​សម្ពាធ​តម្រូវ​ឲ្យ​ភាគី​វិវាទ​ទាំង​២​ព្រមព្រៀង​ធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​រួម​គ្នា​ ចុះ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០០៧​ ស្ម័គ្រចិត្ត​ចែក​ដី​គ្នា​គោរព​ជូន​បុរស​ខ្លាំង​ទៅ​វិញ​ ។​ តម​ក​ ទើប​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​សម្រេច​បញ្ចប់​ជា​ស្ថាពរ​ករណី​ទំនាស់​ដីធ្លី​ទំហំ​ជាង​៥៥​ហិ​កតា​ រវាង​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ និង​ក្រុមហ៊ុន​សូ​គី​ម៉ិច​ ដូច​មាន​ចែង​ក្នុង​លិខិត​សំណូមពរ​ចុះ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០០៧​ របស់​ភាគី​វិវាទ​ទាំង​២​ តាម​ស្មារតី​លិខិត​លេខ​១៧៦៩​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០០៧​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ លើស​ពី​នេះ​ រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បាន​ធ្វើការ​គំរាម​ទៀត​ថា​ បើ​ភាគី​ណាមួយ​មិន​សុខចិត្ត​ គឺ​ត្រូវ​ចាត់ទុកជា​ការ​ប្រមាថ​ដល់​រាជ​រា​ដ​រដ្ឋាភិបាល​ ដល់​អាជ្ញាធរ​ និង​ដល់​សាមី​ខ្លួនឯង​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​ទៀត​ផង​ ។​

​ព័ស្តុតាង​មួយ​ចំនួន​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​សម្រេច​របស់​បុរស​ខ្លាំង​គឺ​កើត​ចេញពី​ការ​ទប់​អារម្មណ៍​ខ្លួនឯង​មិន​បាន​ឡើយ​ចំពោះ​ក្រុម​ឈ្មួញ​ជិត​ស្និទ្ធ​ និង​មន្ត្រី​ក្រោម​ឱវាទ​ជំនិតៗ​ ឬ​អាច​និយាយ​ថា​ ជា​ការ​សម្រេចចិត្ត​កើត​ចេញពី​អារម្មណ៍​មិន​ច្បាស់លាស់​ប្រកបដោយ​ជំនាញ​ខាង​ "​គោះ​លុយ​"​ ទាំង​ពី​ឈ្មួញ​ ទាំង​ពី​មន្ត្រី​ ។​

​ទាំងនេះ​គឺជា​ចំណុចខ្សោយ​របស់​បុរស​ខ្លាំង​ដែល​ទប់​អារម្មណ៍​ខ្លួនឯង​មិន​បាន​លើ​ការ​សម្រេចចិត្ត​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​អាច​ជា​បច្ច័យ​អាក្រក់​បំផុត​សម្រាប់​វាសនា​អនាគត​របស់​ប្រទេស​ជាតិ​ និង​របស់​ប្រជាពលរដ្ឋ​ ដ្បិត​ការ​សម្រេចចិត្ត​ទាំងឡាយ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​កើត​ចេញពី​អារម្មណ៍​មិន​ច្បាស់លាស់​របៀប​ "​ចុះហត្ថលេខា​នឹង​ដៃ​ រួច​ហើយ​លុប​វិញ​នឹង​ជើង​"​ គឺជា​ប្រការ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ក្រោម​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​ដែល​មិន​ទទួលខុសត្រូវ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.