អនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជានខ្ពស់របស់គណបក្សប្រជាជនកម្ពុជាចំនួន១១រូប ត្រូវបានតែងតាំងឲ្យកាន់មុខងារត្រួត (ជាតំណាងរាស្ត្រផង និងជានាយករដ្ឋមន្ត្រីផង ឬជាតំណាងរាស្ត្រផង និងជាឧបនាយករដ្ឋមន្ត្រីដែលជាសមាជិករាជរដ្ឋាភិបាលផង ឬជាតំណាងរាស្ត្រផង និជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងផង) និងមាន"អាវក្រោះពិសេស" សម្រាប់ការពារអំណាចក្នុងនាមជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ដើម្បីបង្ការ និងប្រឆាំងជាមួយការចោទប្រកាន់ ការឃាត់ខ្លួន ការចាប់ខ្លួន និងការឃុំខ្លួនជាយថាហេតុក្នុងពេលបំពេញមុខងាររបស់ខ្លួន ។
ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលមានមុខងារត្រួត និងមាន"អាវក្រោះពិសេស"សម្រាប់ការពារអំណាចទាំង១១រូបនោះ រួមមាន ៖
១-សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ។
២-ឯកឧត្តម ស ខេង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
៣-ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។
៤-ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
៥-ឯកឧត្តម ហោ ណាំហុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។
៦-លោកជំទាវ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។
៧-សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គា គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជាំង ។
៨-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាឧបនាយករដ្ឋមន្ត្រីប្រចាំការ ។
៩-ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
១០-ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។
១១-ឯកឧត្តម យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧបនាយករដ្ឋមន្ត្រី ទទូលបន្ទុកប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
អនុលោមតាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៤, មាត្រា៧, មាត្រា៩, មាត្រា១០ និងមាត្រា១១នៃច្បាប់់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ គឺបានចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ហើយតំណងរាស្ត្រណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នឹងអាចអនុញ្ញាតបើកឲ្យធ្វើការចោទប្រកាន់ ការឃាត់ខ្លួន ការចាប់ខ្លួន ឬការឃុំខ្លួនតាមច្បាប់ និងនីតិវិធីបាន លុះត្រាតែមានការលើកអភ័យឯកសិទ្ធិសភាជាមុនសិន ដោយត្រូវការអនុម័តតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ដូច្នេះ ទើបថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាទាំង១១រូបនេះមិនបោះបង់ចោលមុខងារជាអ្នកតំណាងរាស្ត្រឡើយ ទោះបីបានមកកាន់មុខងារជានាយករដ្ឋមន្ត្រី ឬជាឧបនាយករដ្ឋមន្ត្រីរួចហើយក៏ដោយ គឺដើម្បីរក្សានូវអភ័យឯកសិទ្ធិសភា ។ ម្យ៉ាងទៀត ក្នុងខណៈដែលសមាជិករដ្ឋសភាទាំងមូលមាន១២៣រូប ដែល៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា និង៥៥រូបទៀតមកពីគណបក្សសង្គ្រោះជាតិនោះ គឺប្រាកដជាមិនអាចរកសំឡេងពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូលដើម្បីអនុម័តលើកអភ័យឯកសិទ្ធិសភាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាទាំង១១រូបនេះបានឡើយ ។
មានន័យថា ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាទាំង១១រូបដែលកំពុងកាន់មុខងារត្រួតជាសមាជិករដ្ឋសភា (អ្នកតំណាងរាស្ត្រ)ផង និងជាសមាជិករាជរដ្ឋាភិបាល ឬជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងផងនោះ គឺមាន "អាវក្រោះពិសេស"សម្រាប់ការពារអំណាចរបស់ខ្លួនយ៉ាងរឹងមាំ បើទោះបីរកឃើញអំពីការប្រព្រឹត្តខុសពុករលួយក៏ដោយ ក៏មិនអាចលើកអភ័យឯកសិទ្ធិសភា ដើម្បីឲ្យតុលាការបើកការចោទប្រកាន់ ឃាត់ខ្លួន ចាប់ខ្លួន និងឃុំខ្លួនបានដែរ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការណ៍ដែលថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាកាន់មុខងារត្រួតជាសមាជិករដ្ឋសភាក្នុងស្ថាប័ននីតិប្បញ្ញត្តិផង និងជាសមាជិករាជរដ្ឋាភិបាលក្នុងស្ថាប័ននីតិប្រតិបត្តិផង គឺនាំឲ្យមានការអនុវត្តច្បាប់នៅកម្ពុជាជួបនឹងភាពច្របូកច្របល់ និងប្រទាំងប្រទើស ព្រមទាំងប្រាសចាកពីស្មារតីមាត្រា៥១ថ្មីនៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ"ទៀតផង ៕