ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ថៃ​បោះ​ឆ្នោត​សភា​ដំណើរការ​ដូច​គ្រោងទុក​ ប៉ុន្តែ​ហាក់​គ្មាន​ន័យ​ខ្លឹមសារ​ ព្រោះ​ជំហរ​ពហិការ​របស់​ក្រុមប្រឆាំង​

​ដូច​ជា​ការ​គ្រោងទុក​ ប្រជារាស្ត្រ​ថៃ​បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃអាទិត្យ​ ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ទាំង​សភាព​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ ក្រោម​កម្លាំង​រាំង​ខ្ទប់​ដោយ​ក្រុម​បាតុករ​គាំទ្រ​បក្ស​ប្រឆាំង​ មាន​លោក​ ស៊ូ​ថេ​ប​ ជា​មេខ្លោង​ ខណៈ​ដែល​ប៉ូលិស​ថៃ​ចំនួន​ប្រមាណ​១៣​ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​ការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​ ។​

​ការិយាល័យ​បោះ​ឆ្នោត​ជា​ទូទៅ​បាន​បើកទ្វារ​ដំណើរការ​ចាប់ពី​ម៉ោង​០៨​ព្រឹក​រហូត​ដល់​ម៉ោង​១៥​ល្ងាច​ ខណៈ​ដែល​លោក​ជំទាវ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​របស់​រាជាណាចក្រ​ថៃ​ បង្ហាញ​វត្តមាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ដំបូង​គេ​នៅ​ម​ណ្ធ​លបោះ​ឆ្នោត​លេខ​៣២-៣៤​ នៃ​សង្កាត់​ណា​វ៉ា​មីន​ ក្រុង​បាងកក​ ក្រោម​កិច្ច​ការពារ​យ៉ាង​ម៉ត់ចត់​បំផុត​ដោយ​កងកម្លាំង​សមត្ថកិច្ច​ ។​

​ដំណើរការ​បោះ​ឆ្នោត​សភា​នៅ​ប្រទេស​ថៃ​មុន​កាលកំណត់​ ឬ​ហៅ​ថា​ជា​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​នេះ​ គឺ​កើត​ចេញពី​ការ​សម្រេចចិត្ត​ខ្ពស់​របស់​លោក​ជំទាវ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ក៏​ដូច​ជា​គណបក្ស​ភឿ​ថៃ​ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំងមូល​ ឋិត​ក្រោម​ការ​តវ៉ា​ដោយ​ប្រើ​វិធី​ធ្វើ​បាតុកម្ម​អស់​ជា​ច្រើន​ខែ​របស់​ក្រុម​បាតុករ​ប្រឆាំង​ មាន​លោក​ ស៊ូ​ថេ​ប​ ជា​មេខ្លោង​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ។​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក្រុម​បាតុករ​ប្រឆាំង​នៅ​តែ​មិន​ពេញចិត្ត​ទៅ​នឹង​ការ​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញទៀត​ គឺ​ក្រុមប្រឆាំង​ចង់​ឡើង​កាន់កាប់​អំណាច​ដោយ​មិនបាច់​បោះ​ឆ្នោត​តែ​ម្តង​ ។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​បាតុករ​ប្រឆាំង​បាន​រាំង​ខ្ទប់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​មណ្ឌលបោះឆ្នោត​ចំនួន​ជាង​១០​ភាគរយ​ ពោល​គឺ​ចំនួន​៤៥​មណ្ឌលបោះឆ្នោត​ក្នុង​ចំណោម​មណ្ឌលបោះឆ្នោត​សរុប​ចំនួន​៣៧៥​នៅ​ទូ​ទាំង​ប្រទេស​ ដោយ​សន្លឹក​ឆ្នោត​ និង​ហិប​ឆ្នោត​ខ្លះ​ត្រូវ​រាំង​ខ្ទប់​មិន​ឲ្យ​យក​ចេញពី​ទីតាំង​បែងចែក​សន្លឹក​ឆ្នោត​ ដែល​ឡោម​ព័ទ្ធ​ដោយ​ក្រុម​បាតុករ​ ។​

​ដោយឡែក​ អ្នក​ដែល​ខក​ខានមិនបាន​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ​ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​ប្រកាស​ឲ្យ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ខាង​មុខ​ជំនួស​វិញ​ ។​

​ក្នុង​ស្ថានការណ៍​នយោបាយ​បែប​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​ បាន​ព្យាករណ៍​ថា​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​អាច​ប្រកាស​ចេញ​តាម​ការ​កំណត់​ឡើយ​ ហើយ​មាន​លទ្ធផល​តែ​មួយ​ផ្នែក​ទេ​ដែល​អាច​នឹង​ដឹង​នៅ​រាត្រី​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​សភាពការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​ បាន​លើក​ឡើង​ថា​ ទោះបី​លទ្ធផល​ឆ្នោត​ត្រូវ​បាន​ប្រកាស​ក៏​ដោយ​ ក៏​សភា​ថៃ​ពិបាក​នឹង​ប្រជុំ​បាន​ណាស់​ ដោយ​ត្រូវការ​កូរ៉ុម​ចំនួន​៩៥​ភាគរយ​នៃ​សមាជិក​សភា​ទាំងមូល​ចំនួន​៥០០​រូប​នោះ​ ។​ ដូច្នេះ​ ការ​បោះ​ឆ្នោត​សភា​នៅ​ប្រទេស​ថៃ​ថ្វី​ដ្បិតតែ​អាច​ដំណើរការ​ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​ឡើយ​ ព្រោះ​ជំហរ​របស់​ក្រុមប្រឆាំង​មិន​ទាន់​ទទួលយក​ហេតុផល​នៃ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​ដាក់​ចេញ​ដោយ​លោក​ជំទាវ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នោះ​ទេ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.