មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៧-១៤៨ ចំណុចភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ បង្កដោយរថយន្តនិងរថយន្ត បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់-ស្រាលចំនួន១០នាក់ផ្សេងទៀត ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2U-6788 ធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ ដឹកអ្នកដំណើរចំនួន៦នាក់ បុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាសាយអន (SCION) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2L-4591 ធ្វើដំណើរបញ្ច្រាសទិសគ្នាពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ ដឹកអ្នកដំណើរចំនួន៧នាក់ ដែលអ្នកទាំងនោះស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងស្ថានភាពភ្លាមៗ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ប្រាប់អំពីអត្តសញ្ញាណជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបាននៅឡើយ គឺសមត្ថកិច្ចកំពុងរវល់ចាត់ចែងជួយសង្គ្រោះជនរងគ្រោះ និងអូសរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីដោះស្រាយតាមក្រោយ ៕