ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ទីបំផុត​រាជរដ្ឋាភិបាល​សម្រេច​និរាករណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២ ស្តីពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត និង​អចល័ត​

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា យោងតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាជរដ្ឋាភិបាល​បានសម្រេច​និរាករណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២ សហវ​.​បទ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៣ រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ស្តីពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​នោះ​ចោល​ជា​អសារ​បង់ហើយ តាម​ស្មារតី​លិខិត​លេខ២០៦៥ សជណ ចុះ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី​ទទួលបានចំណារឯកភាព​យល់ព្រមចុះថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៣ របស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួចមក​។​ ​

ទាក់ទង​នឹង​ការ​និរាករណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២ ស្តីពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​នោះ រាជរដ្ឋាភិបាល​បានសម្រេច​ដូចខាងក្រោម​៖

១- និរាករណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២ សហវ​.​បទ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីអំពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​។​

២- ចំពោះ​តម្លៃ​សេវា​ទូរស័ព្ទ​ហៅ​ក្នុង​ប្រព័ន្ធ​៖ ក​- គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវគោរព​តាម​គោលការណ៍​នៃ​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់​ដែល​ណែនាំ​ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុងការ​ទប់ស្កាត់​ការអនុវត្ត​តម្លៃ​ទាប​ហួសហេតុ​ជាង​តម្លៃ​ដើម (Cost base) របស់ខ្លួន​។ ខ​- ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំងអស់​ត្រូវ​ផ្តល់ជូន​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា នូវ​ការ​គណនា​តម្លៃ​ដើម​ជា​រៀងរាល់​៦​ខែម្តង គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៤​តទៅ ដើម្បី​ឲ្យ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា មាន​មូលដ្ឋាន​ក្នុងការ​តាមដាន​ត្រួតពិនិត្យ​អំពី​ភាពស្មោះត្រង់​ក្នុងការ​ប្រកួតប្រជែង​នេះ​។​

៣- ចំពោះ​តម្លៃ​សេវា​ទូរស័ព្ទ​ហៅ​ឆ្លង​ប្រព័ន្ធ​៖ តម្លៃ និង​កម្រៃ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការហៅ​ឆ្លង​ប្រព័ន្ធ​ក៏ដូចជា​កាតព្វកិច្ច​ផ្សេងៗ​ទៀត​របស់​ប្រតិបត្តិ​ករ​ចំពោះ​រដ្ឋ នឹងត្រូវ​រក្សាទុក​ក្នុង​កម្រិត​ដែល​មានចែង​ក្នុង​ប្រកាស​អន្តរក្រសួង​លេខ​២៣២ នេះ​ជា​លក្ខណៈ​បណ្តោះអាសន្ន​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា និង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំងអស់​នឹងត្រូវ​បន្ត​ពិភាក្សាគ្នា ដើម្បី​ធ្វើការ​កែសម្រួល​តម្លៃ និង​កម្រៃ​ឡើងវិញ​។​

៤- ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម​របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា ក្នុងការ​បង្កើត​ឲ្យ​មាននូវ​សមាគម​ទូរគមនាគមន៍​មួយ (Telecom Association) ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ជជែក​គ្នា​ដោះស្រាយ​វិវាទ​រវាង​គ្នា និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​រវាង​គ្នា ព្រមទាំង​ប្រកាន់យក​ការបញ្ចេញ​នូវ​សំឡេង​តែមួយ​សម្រាប់ធ្វើ​ការពិភាក្សា​ជាមួយ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា ក៏ដូចជា​មួយ​រាជរដ្ឋាភិបាល​។​

សូមបញ្ជាក់​ជូន​ថា ទាក់ទង​នឹង​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​លេខ​២៣២ សហវ​.​បទ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​នេះ ត្រូវបាន​ក្រុមយុវជន និស្សិត បញ្ញវន្ត និង​ព្រះសង្ឃ​ប្រមាណ​ជាង​៥០​នាក់​-​អង្គ ធ្វើការ​ជួបជុំគ្នា​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ កន្លងមក​នៅ​រមណីយ​ដ្ឋា​ន​វត្តភ្នំ ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​និរាករណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២ ចោល​ជា​អសារ​បង់ ដោយ​ក្រុមអ្នកតវ៉ា​បាន​លើក​ហេតុផល​ថា ការកំណត់ថ្លៃ​សេវា​ទូរស័ព្ទ​តាម​ប្រកាស​អន្តរក្រសួង​នេះ​គ្មាន​តម្លាភាព ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង​ដ៏​ត្រឹមត្រូវ​មួយ លើ​វិស័យ​ទូរគមនាគមន៍​ស្របតាម​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារសេរី​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកក្រីក្រ​តូចតាច​។​

មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល តាមស្មារតីលិខិតលេខ ២០៦៥សជណ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣​​​ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​និរាករណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២ សហវ​.​បទ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​នេះ​ចោល​ជា​អសារ​បង់ ពីព្រោះ​ការ​និរាករណ៍​នេះ​អាច​នឹង​នាំ​ឲ្យ​តម្លៃ​សេវា​ទូរស័ព្ទ​មានការ​ធ្លាក់ចុះ​ជាង​តម្លៃ​បច្ចុប្បន្ន​តាមរយៈ​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុនទូរស័ព្ទ​ទាំង​៩​នៅ​កម្ពុជា​៕​

232dtn

dt934782372

hakhour

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច Tags: 

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.