ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

នគរបាល​ហៅ​ប៉ូលិស​ឈ្មោះ​ ផែង​ វណ្ណៈ​ មក​សាកសួរ​តាម​បណ្តឹង​របស់​គណបក្សប្រឆាំង​លើ​ករណី​គំរាម​សម្លាប់​ឯកឧត្តម​ កឹ​ម​ សុខា​

​អ្នកលេង​ Facebook​ ជា​ប៉ូលិស​ម្នាក់​ឈ្មោះ​ ផែង​ វណ្ណៈ​ ត្រូវ​បាន​មន្ត្រី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ហៅ​មក​សាកសួរ​នា​រសៀល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ ទាក់ទង​នឹង​បណ្តឹង​របស់​ឯកឧត្តម​ យឹ​ម​ សុ​វណ្ណៈ​ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ដែល​ប្តឹង​ជនសង្ស័យ​ជា​ប៉ូលិស​អ្នកលេង​ Facebook​ រូប​នេះ​ថា​ បាន​គំរាម​សម្លាប់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ តាម​បណ្តាញ​សង្គម​ Facebook​ ។​

​កាលពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​មក​ ឯកឧត្តម​ យឹ​ម​ សុវណ្ណ​ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដោយ​ប្តឹង​ជនសង្ស័យ​ឈ្មោះ​ ផែង​ វណ្ណៈ​ ពី​បទ​គំរាម​សម្លាប់​ឯកឧត្តម​ កឹ​ម​ សុខា​ ព្រោះ​ជនសង្ស័យ​រូប​នេះ​បាន​សរសេរ​នៅ​លើ​ Status​ របស់​ខ្លួន​ថា​ "​ទុក​៧​គ្រាប់​ឲ្យ​ កឹ​ម​ សុខា​ គ្រាប់​ទី​១​បាញ់​យកដៃ​ឆ្វេង​ គ្រាប់​ទី​២​បាញ់​យកដៃ​ស្តាំ​ គ្រាប់​ទី​៣​បាញ់​ជើង​ឆ្វេង​ គ្រាប់​ទី​៤​បាញ់​ជើង​ស្តាំ​ គ្រាប់​ទី​៥​បាញ់​ពោះ​ គ្រាប់​ទី​៦​បាញ់​បេះដូង​ និង​គ្រាប់​ទី​៧​បាញ់​ចំ​ក្បាល​ កឹ​ម​ សុខា​ !!!"​ ។​

​ពាក្យបណ្តឹង​របស់​ឯកឧត្តម​ យឹ​ម​ សុវណ្ណ​ បាន​បញ្ជាក់​ថា​ ការ​ផ្សព្វផ្សាយ​នៅ​លើ​ Status​ នៃ​បណ្តាញ​សង្គម​ Facebook​ មាន​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ ខាងលើ​នេះ​ គឺជា​ការ​គំរាមកំហែង​អាយុជីវិត​ឯកឧត្តម​ កឹ​ម​ សុខា​ និង​ជា​ការ​គំរាម​ទៅ​ដល់​អ្នកនយោបាយ​ផ្សេង​ទៀត​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ យឹ​ម​ សុវណ្ណ​ បាន​សំណូមពរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មេត្តា​ចាត់វិធានការ​ស៊ើបអង្កេត​ដើម្បី​វែកមុខ​ជនល្មើស​យក​មក​កាត់ទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​ និង​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ក៏​ដូច​ជា​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ផង​ដែរ​ ។​

​យោង​តាម​ Account​ អនាមិក​មួយ​ឈ្មោះ​ Chham​ Chhany​ បាន​បង្ហាញ​តាម​រយៈ​ការ​ Post​ នៅ​ក្នុង​ Facebook​ និង​ត្រូវ​បាន​អ្នកលេង​ Facebook​ ធ្វើការ​ Share​ ចែករំលែក​តៗ​គ្នា​នោះ​ឲ្យ​ដឹង​ថា​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ មិនមែន​ធ្លាប់​ Post​ សម្ញែង​កាំភ្លើង​គំរាម​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​លើក​ទី​១​ទេ​ គឺ​បាន​ Post​ ជា​ច្រើន​លើ​ន​ច្រើន​សា​រួច​មក​ហើយ​ មាន​ជា​អាទិ៍​ ៖​ Post​ នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដោយ​ធ្វើការ​សម្ញែង​កាំភ្លើងស្វ័យប្រវត្តិ​ចំនួន​៣​ដើម​ និង​គ្រាប់​ជា​ច្រើន​ទៀត​ ដែល​មាន​ខ្លឹមសារ​ថា​ "​សូម​ផ្តាំ​តាម​ហ្វេ​ស​ប៊ុ​ក​ទៅ​យុវជន​សង្គ្រោះ​ជាតិ​ ជា​ពិសេស​សូម​ផ្តាំ​ទៅ​ឈ្មោះ​ Abraham​ Lincoln​ ផង​ ដែល​ចង់​ស្វែងរក​ឈ្មោះ​ ផែង​ វណ្ណៈ​ ដើម្បី​ចាត់ការ​ ដោយសារ​តែ​យើង​រិះគន់​មេ​បក្ស​សង្គ្រោះ​ជាតិ​ឥត​សំចៃ​ ។​ យើង​សូម​ផ្តាំ​ទៅ​ឯង​ថា​ មិនបាច់​ប្រឹងរក​ ផែង​ វណ្ណៈ​ទេ​ ព្រោះ​ ផែង​ វណ្ណៈ​ កំពុង​តាម​រក​ឯង​ហើយ​ ។​ សង្ឃឹមថា​ ឯង​មានសំណាង​ល្អ​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​យើង​ទៅ​ចុះ​ ។​ យើង​សូម​ផ្តាំ​ទៅ​ឯង​ម្តងទៀត​ថា​ ថ្ងៃក្រោយ​បើ​យើង​ត្រូវ​ស្លាប់​ទៅ​ជា​ខ្មោច​ ក៏​ជា​ខ្មោច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ ។​ ផែង​ វណ្ណៈ​ មិនមែន​ជា​លោក​ សយ​ សុភាព​ ឬ​លោក​បណ្ឌិត​ ឈឹ​ម​ ផល​វរុណ​ ដែល​ឲ្យ​ពួក​ឯង​ប្រមាថ​គំរាម​តាម​ទី​សាធារណៈ​ងាយៗ​នោះ​ទេ​ ។​ បើ​ចង់​សាកល្បង​កុំ​ភ្លេច​យក​ក្បាល​ប៉ាន​ដែក​មក​ផង​ ។​ "​  Post​    នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៣​ មាន​សម្ញែង​កាំភ្លើង​វែង​ចំនួន​២​ដើម​ កាំភ្លើងខ្លី​១​ដើម​ និង​គ្រាប់​ជា​ច្រើន​ទៀត​ ដែល​មាន​ខ្លឹមសារ​ថា​ "​ត្រៀម​ទុក​កម្ទេច​ពួក​ចោរ​ប៉ុនប៉ង​ប្លន់​អំណាច​ !​ យើង​សុខចិត្ត​ស្លាប់​ដើម្បី​ការពារ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ស្របច្បាប់​ ការពារ​រដ្ឋាភិបាល​ ការពារ​ព្រះមហាក្សត្រ​ និង​ការពារ​សមិទ្ធផល​ជាតិ​ និង​សន្តិភាព​ឲ្យ​បាន​គង់វង្ស​ដាច់ខាត​ ។​ យើង​មិន​អនុញ្ញាត​ឲ្យ​ពួក​ចោរ​ប៉ុនប៉ង​ប្លន់​អំណាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទេ​ ។​ "​ ។​

​ទោះ​យ៉ាងណា​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ និង​ជា​ម្ចាស់​រូបថត​អតីត​ជា​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​បច្ចុប្បន្ន​ជា​មន្ត្រី​ប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ​នោះ​ ធ្លាប់​បាន​ប្រកែក​ដោះសា​ថា​ ខ្លួន​មិន​បាន​ Post​ នូវ​អត្ថបទ​ខាងលើ​នេះ​នៅ​ក្នុង​ Status​ របស់​ខ្លួន​ទេ​ ហើយ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ជន​ទី​៣​ជា​អ្នក​ច្នៃ​កាត់ត​ ដើម្បី​បង្ខូច​កិត្តិយស​របស់​ខ្លួន​ទៅ​វិញ​ ។​

​ក្រុម​អ្នកលេង​ Facebook​ ស្ទាត់ជំនាញ​បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ Status​ ផ្ទាល់ខ្លួន​ មិន​អាច​មាន​អ្នក​ទី​៣​លួច​ចេញចូល​លុប​ឬ​ Post​ នូវ​រូបភាព​ឬ​អត្ថបទ​ស្រេច​នឹង​ចិត្ត​នោះ​ទេ​ គឺ​មាន​តែ​ម្ចាស់​ Account​ ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​ចាត់ចែង​អ្វីៗ​គ្រប់យ៉ាង​បាន​ លើកលែងតែ​មាន​ Account​ ផ្សេង​ដែល​ជា​មិត្តភក្តិ​បាន​ Tagged​ ចូល​មក​ Status​ របស់​ខ្លួន​ ប៉ុន្តែ​ក៏​វា​បាន​រក្សា​នូវ​អត្តសញ្ញាណ​របស់​ Account​ ដែល​បាន​ Tagged​ នោះ​ដែរ​ ។​ ដូច្នេះ​ ពាក្យដោះសា​របស់​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ គឺ​គ្រាន់តែ​ទុក​បន្លំ​ឬ​បោកប្រាស់​អ្នក​មិន​លេង​ Facebook​ និង​បង្ហាញ​ពី​ចរិត​មន្ត្រី​ប៉ូលិស​ម្នាក់​ និង​ជា​អ្នកលេង​ Facebook​ ម្នាក់​ដែល​គ្មាន​ការ​ទទួលខុសត្រូវ​ប៉ុណ្ណោះ​ ។​

​មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ និង​ជា​ពិសេស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ទន្ទឹងរង់ចាំ​តាមដាន​មើល​នូវ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ តើ​នឹង​ចាត់ការ​យ៉ាងណា​ទៅ​លើ​មន្ត្រី​ប៉ូលិស​ម្នាក់​ និង​ជា​អ្នកលេង​ Facebook​ ម្នាក់​ឈ្មោះ​ ផែង​ វណ្ណៈ​ ដែល​ដង្ហែ​គាំទ្រ​ និង​ប្រកាស​ស្រឡាញ់​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ ជាង​សម្តេច​ស្រឡាញ់​ខ្លួន​សម្តេច​ផ្ទាល់​ទៀត​នោះ​ដូច​ម្តេច​ ?​ ៕​

Pheng​-Vannak-Shoot (1) Pheng​-Vannak-Shoot (2) Pheng​-Vannak-Shoot (3)

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.