យោងតាមពាក្យបណ្តឹងរបស់តារាសម្តែងជើងចាស់ និងពិធីការិនីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលប្តឹងសុំលែងស្វាមី គឺលោក យុត្ថារ៉ា ឆានី ដែលជាតារាសម្តែងដូចគ្នា បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល១៦ឆ្នាំ រហូតទទួលបានចំណងដៃកូនស្រីម្នាក់អាយុប្រមាណ៦ឆ្នាំនោះ គឺតុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញសាលក្រម ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បង្គាប់ឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ចែកផ្លូវគ្នាពីស្វាមី តាមសំណើរបស់នាង និងបង្គាប់ឲ្យលោក យុត្ថារ៉ា ឆានី គ្រប់គ្រងបីបាច់ថែរក្សាកូនស្រី ព្រមទាំងតម្រូវឲ្យធ្វើការបែងចែកទ្រព្យសម្បត្តិរួមជាពីរចំណែកស្មើៗគ្នា ។
លទ្ធផលនៃការលែងលះគ្នារវាងតារាសម្តែង ចន ច័ន្ទលក្ខិណា ជាមួយនឹងស្វាមីដ៏កម្សត់កម្រនេះ នាំឲ្យអ្នកលេងបណ្តាញសង្គម Facebook ធ្វើការវាយប្រហាររិះគន់យ៉ាងចាស់ដៃថា មកពីមានអ្នកទី៣ដែលមានអំណាច និងមានលុយលូកដៃចូលជ្រៀតជ្រែក ហើយនាង ចន ច័ន្ទលក្ខិណា ព្រមទទួលយកឥទ្ធិពលទឹកលុយ និងអំណាចទាំងនោះ ទើបធ្វើឲ្យអ្នកនាងបំភ្លេចចោលទាំងអស់នូវអនុស្សាវីយ៍ទាំងឡាយជាមួយស្វាមី និងជាមួយកូនស្រី ។
ក្រុមអ្នកលេង Facebook មួយចំនួនបានបរិហាររិះគន់ថា ការបែកបាក់គ្រួសាររបស់តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា គឺមានការពាក់ព័ន្ធនឹងល្បែងស្នេហាត្រីកោណជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ពោះម៉ាយកូន២ ជា តារា នាយទាហានជាន់ខ្ពស់ អត្តលេខ០០០១៨៣ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអតីតទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីអ្នកនាង ចន ច័ន្ទលក្ខិណា ខិតខំព្យាយាមបកស្រាយ និងបដិសេធយ៉ាងណាក៏អ្នកលេង Facebook ទាំងនោះមិនជឿដែរ ។ ប៉ុន្តែមានអ្នកខ្លះទៀតបានអះអាងថា មានឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ផ្សេងក្រៅពីឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា ទៅវិញទេដែលមានការពាក់ព័ន្ធលេងល្បែងស្នេហាត្រីកោណជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ចាប់តាំងពី២-៣ឆ្នាំមុនមកម្ល៉េះ ។
ពាក្យមួយឃ្លាថា "បងបានកូន អូនបានដុល្លារ" គឺជាពាក្យវាយប្រហាររិះគន់យ៉ាងធ្ងន់ទៅលើតារាសម្តែងជើងចាស់ និងជាពិធីការិនីក្នុងកម្មវិធី "សមាគមជុំមិត្ត" នៃស្ថានីយ៍ទូរទស្សន៍បាយ័ន ចន ច័ន្ទលក្ខិណា បន្ទាប់ពីអ្នកនាងដាច់ចិត្តសុំលែងប្តីដ៏កម្សត់កម្រ និងដាច់ចិត្តប្រគល់កូនស្រីជាទីស្រឡាញ់ឲ្យលោក យុត្ថារ៉ា ឆានី ជាអតីតស្វាមីបីបាច់ថែរក្សាម្នាក់ឯងរួចមក ។
សូមប្រិយមិត្តអ្នកអានចូលរួមតាមដានទាំងអស់គ្នា តើការវិវឌ្ឍនៃដំណើរការលែងលះស្វាមីដ៏កម្សត់កម្រ និងកូនស្រីតែម្នាក់របស់តារាសម្តែង ចន ច័ន្ទលក្ខិណា នឹងទៅជាយ៉ាងណា ? ៕