ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

អ្នក​ច្បាប់​និយាយ​អំពី​កម្រិត​ល្មើស​របស់​បុរស​រាជការ​ម្នាក់​ដែល​បើកបរ​រថយន្ត​ទំនើប​បុក​មនុស្ស​ស្លាប់​ហើយ​ប្រមាថ​សមត្ថកិច្ច​ទាំង​នៅ​ជាតិ​ស្រវឹង​

​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងឡាយ​ប្រហែលជា​អាច​នៅ​ចង​ចាំ​បាន​នូវ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បង្ក​ឡើង​ដោយ​បុរស​រាជការ​ម្នាក់​បើកបរ​រថយន្ត​ទំនើប​របស់​ខ្លួន​ម៉ាក​ហា​យ​ឡិន​ឌ័​រ​ ពណ៌​ទឹកមាស​ គ្មាន​ពាក់​ស្លាក​លេខ​ បុក​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ Honda​ Dream​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1M-9210​ ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​មិន​ព្រម​ឈប់​រថយន្ត​បន្ត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AH-4569​ ជាប់​ម៉ូតូ​ក្រោម​រថយន្ត​អូស​ចម្ងាយ​ជាង​៥០០​ម៉ែត្រ​ ធ្វើ​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​ត្រឹម​រង​របួស​គេច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ ព្រោះ​បាន​លោត​ផុត​ចេញពី​ម៉ូតូ​ទាន់​ពេលវេលា​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​មានឈ្មោះ​ ឯម​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត​ រស់នៅ​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​រង​របួស​មានឈ្មោះ​ ចន្ទ​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ រីឯ​ម្ចាស់​រថយន្ត​បង្ក​មានឈ្មោះ​ លាង​ សុផល​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មានមុខរ​បរជា​មន្ត្រីរាជការ​ បម្រើ​ការងារ​នៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។​

​ខណៈ​ដែល​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ចោម​ចៅ​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​ឋិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​នោះ​ គឺ​ជន​បង្ក​ជា​មន្ត្រីរាជការ​រូប​នេះ​បាន​អួត​ក្អេងក្អាង​ដាក់​សមត្ថកិច្ច​ថា​ ខ្លួន​មាន​លុយ​អាច​ធ្វើ​អី​ខ្លួន​ ទះ​តុ​នគរបាល​បញ្ចេញ​អាកប្បកិរិយា​ច្រងេងច្រងាង​ និង​ប្រមាថ​ទៅ​លើ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ​ ទោះបី​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ និង​ប្រពន្ធ​របស់​ជន​បង្ក​ចេញ​មុខ​មក​ជួយ​ឃាត់​ និង​ពន្យល់​ណែនាំ​យ៉ាងណា​ក៏​ដោយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​ធ្វើការ​ចាប់អារម្មណ៍​លើក​ឡើង​អំពី​កម្រិត​ល្មើស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បង្ក​ដោយ​បុរស​ជា​មន្ត្រីរាជការ​ឈ្មោះ​ លាង​ សុផល​ ដូច​ខាងក្រោម​ ៖

១-​បើកបរ​ដោយ​គ្មាន​ស្លាក​លេខ​សម្គាល់​យានយន្ត​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​១​ខែ​ ឬ​/​និង​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​២៥.០០០​រៀល​ទៅ​២០០.០០០​រៀល​ តាម​ប​ញ្ញ​តិ្ត​មាត្រា​៧៩​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។​

២-​បើកបរ​ដោយ​បង្ក​ឲ្យ​ស្លាប់​ដល់​អ្នក​ដទៃ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ ឬ​/​និង​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៦​លាន​រៀល​ តាម​ប​ញ្ញ​តិ្ត​មាត្រា​៨២​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។​

៣-​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ "​មាន​កម្រិត​ជាតិ​អាល់កុល​ចំនួន​០,៥៧Mg/L​ខ្យល់​"​ ត្រូវ​ផ្តន្ទាទោស​ដល់​កម្រិត​អតិបរមា​បន្ថែម​លើ​ទោស​ចែង​ក្នុង​មាត្រា​៨២​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។​

៤-​បើកបរ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ ក្នុង​គោលបំណង​គេចវេះ​ពី​ការ​ទទួលខុសត្រូវ​ គឺ​ត្រូវ​ផ្តន្ទាទោស​ដល់​កម្រិត​អតិបរមា​បន្ថែម​លើ​ទោស​ចែង​ក្នុង​មាត្រា​៨២​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។​

៥-​បញ្ចេញ​អាកប្បកិរិយា​ប្រមាថ​ទៅ​លើ​សមត្ថកិច្ច​ជា​មន្ត្រីរាជការ​សាធារណៈ​កំពុង​បំពេញការងារ​ អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ថ្ងៃ​ទៅ​៦​ថ្ងៃ​ និង​ពិន័យ​ជា​ប្រាក់​ពី​១.០០០​រៀល​ទៅ​១០០.០០០​រៀល​ ពី​បទ​ប្រមាថ​ទៅ​លើ​អ្នករាជការ​សាធារណៈ​ តាម​មាត្រា​៥០២​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ទៀត​ថា​ អំពើ​របស់​ជន​បង្ក​ឈ្មោះ​ លាង​ សុផល​ គឺ​ដាច់ខាត​ត្រូវ​តែ​ទទួលខុសត្រូវ​ទាំង​ផ្នែក​ព្រហ្មទណ្ឌ​ ទាំង​ផ្នែក​រដ្ឋប្បវេណី​ចំពោះ​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ ក្នុង​ការ​បើកបរ​យានជំនិះ​ ដោយ​មិន​តម្រូវ​ឲ្យ​រួចខ្លួន​ពី​ការ​ផ្តន្ទាទោស​តាម​ការ​សម្រុះសម្រួល​គ្នា​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្រៅ​ផ្លូវ​តុលាការ​នោះ​ឡើយ​ ទើប​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​មានការ​អនុវត្ត​នូវ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ពេញលេញ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ប្រភព​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​មន្ត្រីរាជការ​ឈ្មោះ​ លាង​ សុផល​ នោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​មក​កាន់​តុលាការ​រួច​ហើយ​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

Leang-Sophal

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.