ព្រះចៅអធិការវត្តមួយអង្គត្រូវបានកូនសិស្សលោកប្រទះឃើញសុគតនៅក្បែរកុដិដោយមានស្នាមអារ.ក សឹងដាច់ចេញពីខ្លួនធ្វើឲ្យមានការភ្ញាកផ្អើលនៅពេលព្រឹកព្រលឹមនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ក្នុងវត្តព្រះពុទ្ធមានសិរី ភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ព្រះចៅអធិការវត្តព្រះពុទ្ធមានសិរី ដែលត្រូវចោរប្លន់អារ.ក ធ្វើគុតនោះមានព្រះនាមសាន តេង ហៅទឹម តេង ព្រះជន្ម៦១ព្រះវស្សា ។
លោកយាយអែម ពៅ អាយុ៦០ឆ្នាំ ដែលជាឧបាសិកាចំណុះជើងវត្តបានឲ្យដឹងថា កាលពីល្ងាចលោកយាយបានឃើញព្រះចៅអធិការវត្តនិមន្តចេញទៅសូត្រមន្តបុណ្យសពមួយនៅក្បែរវត្ត ហើយបាននិមន្តត្រឡប់មកវិញនៅម៉ោងប្រមាណ២១ និង ៣០នាទីយប់ ។ លុះព្រឹកឡើង ស្រាប់តែកូនសិស្សលោកបានប្រទះឃើញព្រះអង្គសុគតនៅក្នុងថ្លុកឈាមរួចទៅហើយ ក៏នាំឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងពេញវត្តតែម្តង និងក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ ។
ការពិនិត្យសាកសពដោយសមត្ថកិច្ចបានឲ្យដឹងថា សាកសពព្រះចៅអធិការវត្តត្រូវជនដៃដល់ដែលអាចមានគ្នាច្រើនចាប់អារ.ក ស្ទើរតែដាច់ចេញពីខ្លួន និងមានឈាមហូរដាបពេញមុខកុដិ ។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានបង្ហើបប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ដែលសង្ស័យជាប់ពាក់ព័ន្ធនិងការធ្វើគុតព្រះចៅអធិការវត្ត ដែលក្នុងនោះមានម្នាក់ជាសង្ឃនៅក្នុងវត្តកើតហេតុនិងម្នាក់ទៀតជាកូនជនសង្ស័យជាព្រះសង្ឃនោះ ដើម្បីយកមកសួរនាំ ។
ប្រភពព័ត៌មានដោយឡែកបានឲ្យដឹងថា ករណីធ្វើគុតព្រះចៅអធិការវត្តនេះ អាចជាមុខសញ្ញានៃការប្លន់យកលុយដោយក្រុមចោរគិតថា ព្រះចៅអធិការវត្តនឹងមានលុយច្រើន តែតាមការពិតលុយដែលប្រមូលបានពីបុណ្យកឋិនទាននាពេលកន្លងទៅថ្មីៗនេះ ព្រះអង្គបានយកមកកសាងព្រះវិហារអស់ទៅហើយ គឺនៅសល់តែប្រាក់ចំនួនប្រមាណ២០ម៉ឺនរៀលប៉ុណ្ណោះ ដែលទទួលការបាត់បង់ក្នុងអំពើប្លន់អារ.ក សម្លាប់នេះ ៕