ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

កំហុស​អ្នកណា ដែល​ធ្វើ​ឲ្យ​មង្គលការ​កូនក្រមុំ​វ័យក្មេង​ខ្ចី​ត្រូវ​អាក់ខាន​ដោយសារ​ប្រពន្ធដើម​កូន​ក​ម្លោះ​ដឹង​តាម Facebook ចេញមុខ​អុកឡុក​?

​ពិធីមង្គលការ​មួយ​នៅ​ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៩ និង​១០ នាទី​ព្រឹក រវាង​កូន​ក​ម្លោះ​ពោះម៉ាយ​ជា​វេជ្ជបណ្ឌិត អាយុ​៣៣​ឆ្នាំ និង​កូនក្រមុំ​វ័យក្មេង​ខ្ចី ដែល​ភ្លេង​ទើបតែ​បន្លឺ​បាន​រយៈពេល​ប្រមាណ​២​ម៉ោង​ប៉ុណ្ណោះ ត្រូវបាន​អាក់ខាន​ទៅវិញ​ដោយសារ​ប្រពន្ធដើម​របស់​កូន​ក​ម្លោះ ដឹក​ដៃ​កូនស្រី​អាយុ​៤​ឆ្នាំ ចេញមុខ​មក​អុកឡុក ប្តឹង​ហាមឃាត់​កម្មវិធី សិរី​សួស្តី​នេះ បន្ទាប់ពី​បានដឹង​ព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook ធ្វើ​ឲ្យ​ផ្អើល​ដល់​ភ្ញៀវ​ទាំងឡាយ​ពេញ​រោងការ​ទាំងមូល​។​

​អាពាហ៍ពិពាហ៍​ដែល​ជួបប្រទះ​នឹង​បញ្ហា​នេះ​គឺមាន​កូន​ក​ម្លោះ​ឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ​៣៣ ឆ្នាំ មានមុខរ​បរជា​វេជ្ជបណ្ឌិត ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​កូនក្រមុំ​ឈ្មោះ ឆាំ សុជាតា មាន​ទីលំនៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។

មុននឹង​ឈានចូល​មកដល់​ថ្ងៃ​សិរី​សួស្តី​មង្គលការ គឺ​កូន​ក​ម្លោះ​ពោះម៉ាយ​កូន​១ ប៉ាង ថ្លៃថ្លា និង​កូនក្រមុំ​ក្មេងខ្ចី ឆាំ សុជាតា បានរៀបចំ​ប្រារព្ធ​ពិធី​ភ្ជាប់ពាក្យ​រួចហើយ។​

​ស្ត្រី​ឈ្មោះ គិត សិរី​ផ​ល្លិ​កា អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន រស់នៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​អះអាងថា ជា​ប្រពន្ធដើម របស់​បុរស​ឈ្មោះ ប៉ាង ថ្លៃថ្លា ជា​កូន​ក​ម្លោះ​ក្នុង​ថ្ងៃ​មង្គលការ​នោះ បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​បាន​រៀបការ​ជាមួយ​ប្តី​ឈ្មោះ ប៉ាង ថ្លៃថ្លា «​តាម​កាលបរិច្ឆេទ​ក្នុង Facebook របស់​នាង បញ្ជាក់ថា នាង​បាន​រៀបការ​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០០៨» ដោយ​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​។ ក្រោយមក​នាង​បាន​លែងលះ​ជាមួយ​ប្តី​ដល់​តុលាការ ប៉ុន្តែ​សាលក្រម​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ជាប់​បណ្តឹងឧទ្ធរណ៍​នៅឡើយ​។ លុះដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នាង​បាន​មើលឃើញ​តាម Facebook ទើប​ដឹងថា ប្តី​របស់​នាង​ដែល​លែងលះ​មិនទាន់​ដាច់ស្រេច​នោះ ត្រូវ​រៀបការ​ជាមួយ​កូនក្រមុំ​ថ្មី នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​លំនៅឋាន​ខាង​ស្រី ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង រួចហើយ​នាង​ក៏បាន​ប្តឹងទៅ​អាជ្ញាធរ​មូលដ្ឋាន​ហាមឃាត់​អាពាហ៍ពិពាហ៍​នោះ​។​

​បុរស​ឈ្មោះ ប៉ាង ថ្លៃថ្លា បាន​ឲ្យ​ដឹងថា លោក​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ឈ្មោះ គិត សិរី​ផ​ល្លិ​កា កាលពី​ឆ្នាំ​២០១០ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​លេខ​៣៨ «​ជ​» ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ សម្រេច​ឲ្យ​កូនស្រី​ឈ្មោះ ប៉ាង ប៉​លី កើត​ឆ្នាំ​២០០៩ ឲ្យ​ទៅ​ម្តាយ​ជា​អ្នក​បីបាច់​ថែរក្សា និង​បាន​បង្គាប់​ឲ្យ​លោក​ជា​ឪពុក​បង់ថ្លៃ​អាហារកិច្ច​ដល់​កូនស្រី​ចំនួន​៥០​ដុល្លារ​អាមេរិក ក្នុង​១​ខែ ដល់​អាយុ​៦​ឆ្នាំ ប៉ុន្តែ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១៨​ឆ្នាំ​ត្រូវ​បង់​ចំនួន​១០០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​។ ដោយឡែក​រឿង​រៀបការ​ប្រពន្ធ​ថ្មី​នេះ លោក​បាន​សុំ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​រួចហើយ​។​

​យោងតាម​ទិន្នន័យ​ក្នុង​បណ្តាញ​សង្គម Facebook បានបង្ហាញ​ឲ្យ​ឃើញថា រូបភាព​នៃ​ពិធី​ភ្ជាប់ពាក្យ រវាង​កូន​ក​ម្លោះ​ពោះម៉ាយ​ឈ្មោះ ប៉ាង ថ្លៃថ្លា និង​កូនក្រមុំ​ក្មេ​ខ្ចី​ឈ្មោះ ឆាំ សុជាតា គឺ​ត្រូវបាន​ជូនដំណឹង​ទៅដល់​អ្នកស្រី គិត សិរី​ផ​ល្លិ​កា នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ តាមរយៈ Status របស់​កូនក្រមុំ​ឈ្មោះ ឆាំ សុជាតា​។​

​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​០៨ និង ៤៩​នាទី​ព្រឹក អ្នកស្រី គិត សិរី​ផ​ល្លិ​កា បាន​តប​មក​កូនក្រមុំ​ក្មេងខ្ចី​ឈ្មោះ ឆាំ សុជាតា តាម Facebook វិញ​ថា «​រៀបការ​ជាមួយ​ប្តីខ្ញុំ​ឬ​? ខ្ញុំ​គិតថា អ្នក​មិនអាច​រៀបការ​បានទេ​, ស្រី​ឥត​កេរ្តិ៍ខ្មាស​»​។ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ វេលា​ម៉ោង​១៣ និង​១១​នាទី​រសៀល នាង ឆាំ សុជាតា បាន​ឆ្លើយតប​វិញ​ថា «​អ្នកណា​ប្តី​របស់​នាង ស្រី​ចង្រៃ​?»​។ បន្ទាប់មក នា​វេលា​ម៉ោង​១៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល​អ្នកស្រី គិត សិរី​ផ​ល្លិ​កា បាន​ឆ្លើយតប​ថា «​ស្រី​អាក្រក់ គឺ​នាង​ឯង​»​។​

​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​ថា ករណី​ប្រពន្ធដើម​មក​អុកឡុក​រោងការ​នៅ​ចំណុច​ភូមិ​បឹង​អំពិល នោះ គឺ​ភាគី​ខាង​ប្រុស «​កូន​ក​ម្លោះ​» មិនមាន​កំហុស​ខាង​ផ្លូវច្បាប់​ទេ ហើយ​សមត្ថកិច្ច​គួរតែអនុញ្ញាត​ឲ្យ​ពិធីមង្គលការ​នោះ​ដំណើរការ​វិញ ដោយឡែក​ចំពោះ​អាហារកិច្ច​សម្រាប់​ចិញ្ចឹម​កូន ដែល​រស់នៅ​ជាមួយ​ប្រពន្ធដើម​អាច​តវ៉ា​គ្នា​បាន​ក្រោយពី​រៀបការ​រួច​។​

​ទោះយ៉ាងណា​ក៏ដោយ ពិធីមង្គលការ​រវាង​កូន​ក​ម្លោះ​ពោះម៉ាយ​កូន​មួយ​ឈ្មោះ ប៉ាង ថ្លៃថ្លា និង​កូនក្រមុំ​ក្មេងខ្ចី​ឈ្មោះ ឆាំ សុជាតា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នោះ​ត្រូវបាន​អាក់ខាន​រួចទៅហើយ ដោយសារ​ប្រពន្ធដើម​ដឹង​ព័ត៌មាន​តាម Facebook ដឹក​ដៃ​កូនស្រី​ចេញមុខ​អុកឡុក​ប្តឹង​ហាមឃាត់​។​

​ដូច្នេះ តើ​ជា​កំហុស​អ្នកណា ដែល​មង្គលការ​កូនក្រមុំ​វ័យក្មេង​ខ្ចី​របស់​អ្នកស្រុក​បាត់ដំបង​ត្រូវ​អាក់ខាន​នេះ​? សូម​ប្រិយមិត្ត​អ្នកអាន​ជួយ​ពិចារណា​ទាំងអស់គ្នា​៕​

666694

89164_n

121248_n 1388096_1415793385316809_180558508_n

1452011_1416664141896400_614801684_n

1456914_1415802675315880_1128622912_n

1458576_1416840255212122_676605954_n

401267008_n

img_2893

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.