បន្ទាប់ពីតារាសម្តែងជើងចាស់ និងជាពិធីការិនីក្នុងកម្មវិធី"សមាគមជុំមិត្ត"នៃស្ថានីយ៍ទូរទស្សន៍បាយ័ន ចន ច័ន្ទលក្ខិណា ដាក់ពាក្យសុំលែងលះប្តីគឺលោក យុត្ថារ៉ា ឆានី ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ជិត២ខែកន្លងមក និងអ្នកនាងអមដោយមេធាវីតំណាងដោយអាណត្តិ បានទៅបំពេញនីតិវិធីត្រៀមទាញហេតុផលដោយផ្ទាល់មាត់ នៅចំពោះមុខចៅក្រមទទួលបន្ទុកសំណុំរឿងរួចជាស្រេច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣នោះ បានធ្វើឲ្យលេចចេញនូវព័ត៌មានភ្ញាក់ផ្អើលកក្រើកក្នុងពិភពសិល្បៈថា មកពីអ្នកនាង ចន ច័ន្ទលក្ខិណា លេងល្បែងស្នេហាត្រីកោណជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ម្នាក់ ទើបនាំឲ្យស្នេហាប្តីប្រពន្ធកម្សត់កម្ររបស់អ្នកនាងជាមួយលោក យុត្ថារ៉ា ឆានី ទទួលរងការប៉ះទង្គិចរហូតដំណាក់កាលប្រេះស្រាំបែកបាក់ ។
មជ្ឈដ្ឋានអ្នកសិល្បៈ រួមទាំងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន បានភ្ជាប់ស្នេហាត្រីកោណរបស់តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា ទៅនឹងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដែលជានាយទាហានពោះម៉ាយកូន២ ដោយអ្នកសារព័ត៌មានខ្លះបានផ្សព្វផ្សាយថា "បើ ចន ច័ន្ទលក្ខិណា លែងលះប្តីដាច់ស្រឡះនោះ មន្ត្រីធំពាក់ផ្កាយ៤លើស្មា នឹងរៀបការជាមួយ ចន ច័ន្ទលក្ខិណា ដោយបើកចំហ ហើយ លក្ខិណា នឹងក្លាយជាលោកជំទាវមានអង្គរក្សតាមការពារឆ្វេងស្តាំជាក់ជាមិនខាន" ។
ទាក់ទងនឹងព័ត៌មានចុះផ្សាយព្រោងព្រាតទាំងនោះ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បានប្រកាសប្រាប់បណ្តាញឃោសនានានាដែរថា ការបែកបាក់ឬមិនបែកបាក់ជាមួយស្វាមីរបស់អ្នកនាង គឺជារឿងជីវិតឯកជនផ្ទៃក្នុងគ្រួសារប៉ុណ្ណោះ គ្មានពាក់ព័ន្ធនឹងមេទ័ពពោះម៉ាយ ឬបុគ្គលណាផ្សេងដែលជាបុគ្គលទី៣ចូលជ្រៀតជ្រែកឡើយ ហើយបញ្ហាទាំងនេះគឺកើតចេញពីការរស់នៅមិនចុះសម្រុងគ្នា ទើបយើងត្រូវជ្រើសរើសយកការចែកផ្លូវគ្នាដើរ ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសឲ្យដឹងទៀតថា ការនិយាយរិះគន់មកលើរូបអ្នកនាងថា មានស្នេហាត្រីកោណជាមួយមេទ័ពពោះម៉ាយផ្កាយ៤នោះ គឺជាការបរិហារកេរ្តិ៍ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកនាងយ៉ាងធ្ងន់ធ្ងរ ។
សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ឯក ជា តារា នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០១៨៣ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៦១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ និងត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៩/៦៤៦ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៩ ។
លុះក្រោយមក ឯកឧត្តម ឧត្តមសេនីយ៍ ជា តារា ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស៤ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១០/២២០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១០ ហើយក៏ត្រូវបានតែងតាំងជាមេបញ្ជាការសមរភូមិទិសប្រាសាទព្រះវិហារនាសម័យផ្ទុះអាវុធជាមួយកងកម្លាំងយោធាថៃទៀតផង ៕