ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

នឹក​ស្រណោះ​ដល់​ទូច ស៊ុន​និ​ច ពេល​បុណ្យអុំទូក ទោះបី​ព្រះរាជ​ពិធីបុណ្យ​នេះ​ត្រូវបាន​ផ្អាក​នៅមុខ​វាំង​

​ទោះបី​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​ផ្អាក​ការ​ប្រារព្ធ​ធ្វើ​អស់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​រួចមកហើយ​ក្តី ប៉ុន្តែ​ពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​បាន​មកដល់​ភ្លាម​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ទៅដល់​ទូក​-​ង ម៉ឺន​គ្រុឌ របស់​តារាចម្រៀង ទូច ស៊ុន​និ​ច ដែល​នាង​ធ្លាប់បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​អស់​ប្រមាណ​ជិត​៥.០០០​ដុល្លារ​អាមេរិក ក្នុងការ​ស្ថាបនា​ឡើង​ដើម្បី​បង្ហាញ​វត្តមាន​សម្រាប់​ការចូលរួម​ប្រណាំង​នឹង​គេ​នៅលើ​ដង​ផ្ទៃ​ទឹកទន្លេ​សាប​តាម លក្ខណៈ​ប្រពៃណីជាតិ ។​

​អស់​រយៈពេល​១១​ឆ្នាំ​កន្លងផុត​ទៅហើយ ដែល​តារាចម្រៀង ទូច ស៊ុន​និ​ច គ្មាន​ឱកាស​នឹង​បាន​ចូលរួម​សប្បាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ បន្ទាប់ពី​នាង​ទទួលរង​ការបាញ់ប្រហារ​ទាំង​កណ្តា​ល​ថ្ងៃ​ចំនួន​៣​គ្រាប់​ពី​សំណាក់​ឃាតក​មិន​ស្គាល់មុខ​នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០០៣ បណ្តាល​ឲ្យ​នាង​របួស​ធ្ងន់ធ្ងរ និង​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់​នាង​ដែល​រួម​ដំណើរ​ជាមួយ​នាង​ស្លាប់បាត់​បង់ជីវិត​ចាកចោល​ពិភពលោក​ភ្លាមៗ  ។​

​នៅក្នុង​ពិធី​បុណ្យសព​អ្នក​ម្តាយ​របស់​តារាចម្រៀង ទូច ស៊ុន​និ​ច ខណៈដែល​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ សម្តេចឪ ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាវីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ទ្រង់​នៅមាន​ព្រះជន្ម ព្រះអង្គ​បាន​ចូលរួម​ចាប់កុសល​ជា​ទឹកប្រាក់​ចំនួន​១.០០០​ដុល្លារ​អាមេរិក ហើយ​ព្រះអង្គ​បាន​សម្តែង​ព្រះរាជហឫទ័យ​សោកស្តាយ​ជាមួយ​ក្រុមគ្រួសារ​នាង ទូច ស៊ុន​និ​ច ក្នុង​អំពើ​បាញ់ប្រហារ​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០០៣ ដោយ​ព្រះអង្គ​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ឃាតក និង​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​ឃាតក នោះ​ថា ជា​ពពួកសត្វ​តិរច្ឆាន ។​

​បច្ចុប្បន្ន នាង​ទូច ស៊ុន​និ​ច បានជា​សះស្បើយ​មុខរបួស​ហើយ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​នៅ​សហរដ្ឋអាមេរិក អស់​ជាច្រើន​ឆ្នាំ​រួចមក ប៉ុន្តែ​នាង​មិនទាន់​អាច​កម្រើក​នឹង​ដើរ​បាន​នៅឡើយ ពីព្រោះ​គ្រាប់កាំភ្លើង​ដែល​ឃាតក យកមក​បាញ់ប្រហារ​លើ​នាង​ទូច ស៊ុន​និ​ច នោះ​គឺជា​ប្រភេទ​គ្រាប់​មាន​ជាតិគីមី ។​

​មកទល់នឹង​ពេលនេះ មាន​រយៈពេល​១០​ឆ្នាំ​ហើយៗ​នាង​ទូច ស៊ុន​និ​ច ក៏មាន​អាយុ​គម្រប់​៣៣​ឆ្នាំ​ដែរ ប៉ុន្តែ​ឃាតក និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតក អាជ្ញាធរ​កម្ពុជា​មិនទាន់បាន​ស្វែង​រកឃើញ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​និង​អ្នកគាំទ្រ​តារាចម្រៀង​រូបនេះ​មានការ​អស់សង្ឃឹម​យ៉ាងខ្លាំង ។​

​គួរ​រម្លឹក​ជូន​ថា កាលពី​ឆ្នាំ​២០០២ តារាចម្រៀង​ទូច ស៊ុន​និ​ច បាន​បង្កើត​ទូក​-​ង មួយ​ឈ្មោះ​ម៉ឺន​គ្រុឌ ហើយ​ធ្លាប់បាន​ចូលរួម​ប្រណាំង​អុំ​នៅមុខ​ព្រះបរមរាជវាំង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ហើយ​តារាចម្រៀង​រូបនេះ​បាន​អង្គុយ​រាំ​នៅលើ​ក្បាលទូក​ដែល​នាង​កសាង​នោះ​ទៀតផង ។​

​តារាចម្រៀង​ទូច ស៊ុន​និ​ច ធ្លាប់បាន​បញ្ជាក់​ឲ្យ​ដឹងថា ទូក​-​ង របស់​នាង​នោះបាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ប្រមាណ​ជិត​៥.០០០​ដុល្លារ​អាមេរិក រួមទាំង​ការជួយឧបត្ថម្ភ​ខ្លះៗ​ពី​បណ្តា​សមាគម​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ផងដែរ ។ ចម្រៀង​មួយ​បទ ដែល​នាង​ច្រៀង​រៀបរាប់​ពី​ប្រវត្តិ​នៃ​ទូក​-​ង ម៉ឺន​គ្រុឌ របស់​នាង​បានធ្វើ​ឲ្យ​គេ​នឹកឃើញ​និង​ដក់​ជាប់​នៅក្នុង​អារម្មណ៍​ជានិច្ច​…៕​

93

 

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.