ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

គ្រប់​បញ្ហា​ត្រូវការ​”​សម្តេច​តេ​ជោ​ហ៊ុន​សែន​”​ដោះស្រាយ​ទាំងស្រុង​ តែ​ផ្លូវ​និង​ព័ត៌មាន​ផ្តល់​ជូន​បុរស​ខ្លាំង​ត្រូវ​បាន​រឹតត្បិត​បំផុត​

​ដោយសារ​មិន​ទុកចិត្ត​ឬ​អស់ជំនឿ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ​នាយក​រដ្ឋមន្ត្រី​ ដែល​មាន​សមត្ដ​កិច្ច​ដោះស្រាយ​បញ្ហា​ ឬ​រឿងរ៉ាវ​ផ្សេងៗ​ ទើប​សឹង​គ្រប់​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​មិន​ថា​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​មាន​វិវាទ​ការងារ​ជាមួយ​ថៅកែ​រោងចក្រ​ មិន​ថា​កសិករ​ដែល​រង​គ្រោះ​បាត់បង់​ដីធ្លី​ ស្រែ​ចម្ការ​  មិន​ថា​អ្នកជំនួញ​ធំៗ​ មិន​ថា​អ្នកនយោបាយ​ផ្សេងៗ​ និង​មិន​ថា​ប្រជាពលរដ្ឋ​រង​គ្រោះ​ទូទៅ​ តែងតែ​នាំ​គ្នា​សម្រុក​សុំ​ការ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​២០​ឆ្នាំ​ "​គិត​ចាប់ពី​ឆ្នាំ​១៩៩៣​នៃ​របប​រាជាណាចក្រ​កម្ពុ​ជាទី​២"​ និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ តាម​គ្រប់​មធ្យោបាយ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​ថា​ វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​អស់​រយៈពេល​៧​ឆ្នាំ​ រវាង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ និង​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ នៅ​ភូមិ​កែវ​ផុស​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ "​អតីត​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​"​ មាន​ប្រជាពលរដ្ឋ​ជាប់គុក​ និង​រត់​ចោល​ភូមិករ​ជា​ហូរហែ​ ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ ទាល់តែ​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ ចេញ​មុខ​ដោះស្រាយ​ទើប​ចប់​រឿងរ៉ាវ​ ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច​៤៩​គ្រួសារ​ទទួល​បាន​យុត្តិធម៌​វិញ​ ខណៈ​ដែល​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មាន​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ​ ។​ រោងចក្រ​កាត់ដេរ​ខ្លះ​ថៅកែ​រត់​ចោល​រោងចក្រ​ ជំពាក់​លុយ​កម្មករ​ រហូត​ដល់​កម្មករ​ធ្វើ​កូដកម្ម​ផង​ បាតុកម្ម​ដុត​សម្បក​កង់​រថយន្ត​ឡើង​ហុយផ្សែង​ទ្រលោម​ផង​ មាន​ចំនួន​រាប់​ខែ​ក៏​ដោះស្រាយ​មិន​ចេញ​ដែរ​ ទាល់តែ​"​សម្តេច​តេ​ជោ​ហ៊ុន​ សែន​"​ចេញ​មុខ​វះកាត់​ដោះស្រាយ​ ទើប​ចប់​បញ្ហា​ ។​ …​នេះ​ជា​ឧទាហរណ៍​តិចតួច​ប៉ុណ្ណោះ​ ។​

​ទោះបី​រឿងរ៉ាវ​ ឬ​បញ្ហា​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ចេញ​ជា​លទ្ធផល​ដោយ​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ក៏​ដោយ​ ក៏​ផ្លូវ​និង​ព័ត៌មាន​ដើម្បី​ផ្តល់​ជូន​ទៅ​បុរស​ខ្លាំង​មិនមែន​មាន​ភាព​ងាយស្រួល​ ឬ​ទូលំទូលាយ​នោះ​ឡើយ​ គឺ​ត្រូវ​រឹតត្បិត​បំផុត​ ដ្បិត​បុរស​ខ្លាំង​មាន​ខុទ្ទកាល័យ​ និង​មាន​មន្ត្រី​ក្រុមការងារ​របស់​សម្តេច​ដែល​មិន​ងាយ​បញ្ជូន​ព័ត៌មាន​នានា​ទៅ​ដល់​សម្តេច​ទេ​ ហើយ​ជួនកាល​ជ្រុះ​បាត់​ពាក់​កណ្តាលផ្លូវ​ក៏​មាន​ និង​ព័ត៌មាន​ប្រែ​ពណ៌​ពី​ស​ទៅ​ជា​ខ្មៅ​ ឬ​ពី​ខ្មៅ​ទៅ​ជាស​ក៏​មាន​…​។​ល​។​

​ដូចនេះ​ ក្រុម​កម្មករ​ កម្មការិនី​រោងចក្រ​ SL​ Garment​ Processing(Cambodia)Ltd.​ ក្រោយ​ពី​មាន​វិវាទ​ការងារ​រ៉ាំរ៉ៃ​ជាង​៣​ខែ​ ជាមួយ​ថៅកែ​រោងចក្រ​ដោយ​មិន​ទទួល​បាន​ដំណោះស្រាយ​រួច​មក​ ក្រុម​កម្មករ​ទាំងនោះ​បាន​សម្រេចចិត្ត​ដង្ហែ​ក្បួន​បាតុកម្មអហិង្សា​សំដៅ​ទៅ​ភូមិ​គ្រឹះ​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ ដើម្បី​សុំ​សម្តេច​ជួយ​អន្តរាគមន៍​ដោះស្រាយ​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ តែ​ទីបំផុត​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ធ្វើការ​រារាំង​នៅ​មិន​ដល់​ពាក់​កណ្តាលផ្លូវ​ផង​ "​ទំនងជា​សមត្ថកិច្ច​ត្រូវ​តែ​រារាំង​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បុរស​ខ្លាំង​"​ ក៏​ផ្ទុះ​អំពើ​ហិង្សា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ ទាំង​រថយន្ត​ ទាំង​ទោចក្រយានយន្ត​របស់​សមត្ថកិច្ច​ និង​របស់​ប្រជាពលរដ្ឋ​ដ៏​គួរ​ឲ្យ​សោកស្តាយ​ ។​

​ទាំងនេះ​ហើយ​គឺជា​ព័ស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ការ​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ពី​សំណាក់​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ មិនមែន​ចេះ​តែ​ងាយស្រួល​នោះ​ទេ​ ទោះ​តាម​រយៈ​លិខិត​លាយលក្ខណ៍អក្សរ​ក្តី​ ទោះ​តាម​ការ​ហែ​ក្បួន​បាតុកម្មអហិង្សា​ក្តី​ គឺ​ទាល់តែ​មាន​ផ្លូវ​ មាន​ច្រក​ មាន​កាលៈទេសៈ​ ជា​ពិសេស​តម្រូវ​ឲ្យ​បុរស​ខ្លាំង​ និង​មន្ត្រី​ដង្ហែ​បុរស​ខ្លាំង​មួយ​ចំនួន​អាច​ទទួលយក​បាន​ដែរ​ ទើប​មាន​សង្ឃឹម​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​ មិនមែន​មាន​តែ​រោងចក្រ​ SL​ មួយ​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​រោងចក្រ​ដទៃ​ទៀត​ដូច​ជា​ រោងចក្រ​ Sabrina​ នៅ​ខេត្តកំពង់ស្ពឺ​ជាដើម​ ក៏​មាន​កូដកម្ម​រ៉ាំរ៉ៃ​ និង​មាន​ផ្ទុះ​អំពើ​ហិង្សា​អ៊ីចឹង​ដែរ​ រហូត​ដល់​ថ្នាក់​មាន​មនុស្ស​រង​របួស​ មនុស្ស​ជាប់គុក​ច្រវាក់​ និង​ខូចខាត​ទ្រព្យសម្បត្តិ​ទាំង​សងខាង​ "​ទាំង​ខាង​សមត្ថកិច្ច​ ទាំង​ខាង​កម្មករ​"​ អស់​ជា​ច្រើន​ ។​ ដូច្នេះ​ គេ​ត្រូវ​ចោទ​ជា​សំណួរ​ថា​ តើ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ ដែល​មាន​សមាជិក​ចំនួន​ដូច​ស្រមោច​មក​ពី​គ្រប់​ផ្នែក​ គ្រប់​ស្ថាប័ន​នោះ​អសមត្ថភាព​ឬ​ បានជា​មិន​អាច​ដោះស្រាយ​រាល់​ករណី​វិវាទ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​កាត់ដេរ​ ទុក​ឲ្យ​រ៉ាំរ៉ៃ​ក្លាយ​ពី​រឿង​តូច​ទៅ​ជា​រឿង​ធំ​ ឬ​មួយ​ក៏​សូ​ម្បី​តែ​រោងចក្រ​មួយ​ក៏​ត្រូវការ​ឲ្យ​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ចេញ​មុខ​ដោះស្រាយ​ដែរ​ ?

​នេះ​គឺជា​វប្បធម៌​គ្រប់​បញ្ហា​ត្រូវការ​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ដោះស្រាយ​ទាំងស្រុង​ ស័ក្តិសម​នឹង​ពាក្យ​ថា​ "​អំណាច​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទាំងមូល​ឋិត​នៅ​លើ​បុរស​ខ្លាំង​តែ​ម្នាក់​"​ ៕​ 

SL-Garmentស្ត្រីអ្នកលក់បាយឈ្មោះ អេង សុខុម ស្លាប់ក្នុងព្រឹត្តិការណ៍សមត្ថកិច្ចបង្ក្រាបកម្មកររោងចក្រ​ SL

SL-Garment-1 SL-Garment-2SL-Garment-3SL-Garment-4 SL-Garment-5Sabrina-Garment0001

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.